ស៊ីរី៖ អំពើហឹង្សាប្រកបដោយឈាម បានកើនឡើងខ្លាំង ក្នុងខែកក្កដានេះ

អំពើហឹង្សា បានកើតឡើង នៅតែមួយថ្ងៃក្រោយ ការបោះឆ្នោតមួយ នៅក្នុងកិច្ចប្រជុំជាទូទៅ នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបានលើកពី អសមត្ថភាពនៃដំណើរការផ្លូវទូត ដើម្បីបញ្ឈប់ជម្លោះ ក្នុងប្រទេសនេះ ដែលបានធ្វើអោយមនុស្សស្លាប់ ជាង ២១ ០០០នាក់តាមពីខែមិនាឆ្នាំ ២០១១មកនោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: August 07, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងទ័ពរបស់ប្រទេសស៊ីរី បានអះអាងថាខ្លួនបានដណ្ដើមមកវិញ នូវសង្កាត់មួយ នៃរដ្ឋធានីដាម៉ាស ពីដៃរបស់ពួកបះបោរ ​រីឯ អាឡេប ទីក្រុងសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី វិញ បានក្លាយជាផ្ទាំងទស្សនីយភាពសោកសៅ នៃចម្បាំងដ៏ខ្លាំងក្លាមួយ។


ផ្សែងហុយពីលើទីក្រុងអាឡេប ដោយសារការបាញ់ផ្លោងរបស់កងទ័ពស៊ីរី។

តាមអ្នកទទួលខុសត្រូវម្នាក់ នៃសន្តិសុខរបស់តំបន់នោះ បានអោយដឹងថា អន្តរាគមន៍តាមផ្លូវអាកាស និងការបាញ់ផ្លោង ទៅលើទីក្រុងអាឡេប (Alep) គ្រាន់តែជាយុទ្ធនាការសឹកមិនទាន់ក្ដៅនៅឡើយ នៃចម្បាំងដ៏ធំមួយ។ អ្នកទទួលខុសត្រូវ នោះ បានបន្ថែមថា យ៉ាងហោចណាស់ ទាហ៊ាន ២០ ០០០នាក់ត្រូវបានគេបញ្ជូនទៅខ្សែរត្រៀមជួរមុខ នៃទីក្រុងនេះ ហើយ ទាំងពួកកងទ័ព និងពួកបះបោរ កំពុងតែបន្តបញ្ជូនកម្លាំងទៅកាន់ទីនោះរៀងៗខ្លួន។

អំពើហឹង្សា បានកើតឡើង នៅតែមួយថ្ងៃក្រោយ ការបោះឆ្នោតមួយ នៅក្នុងកិច្ចប្រជុំជាទូទៅ នៃអង្គការសហប្រជាជាតិ ដែលបានលើកពី អសមត្ថភាពនៃដំណើរការផ្លូវទូត ដើម្បីបញ្ឈប់ជម្លោះ ក្នុងប្រទេសនេះ ដែលបានធ្វើអោយមនុស្សស្លាប់ ជាង ២១ ០០០នាក់តាមពីខែមិនាឆ្នាំ ២០១១មកនោះ។ ជាតួលេខ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេស (OSDH) ដែលគេនៅមិនទាន់អាចបញ្ជាក់ថាត្រឹមត្រូវនៅឡើយ។

ឧត្តមសេនីយ៍ម្នាក់ ទទួលបន្ទុកខាងការដណ្ដើមវិញ នូវសង្កាត់ចុងក្រោយនៃទីក្រុងដាម៉ាស បាននាំក្រុមអ្នកសារពត៌មាន ទៅទស្សនាសង្កាត់នោះ ហើយនិយាយថា «យើងបានបោសសំអាត សង្កាត់ជាច្រើន នៅក្នុងទីក្រុងដាម៉ាស។»

ការដណ្ដើមត្រឡប់មកវិញ នូវសង្កាត់ទាំងនេះ របស់កងទ័ពស្មោះស្ម័គ្រនឹងប្រធានាធិបតី លោក បាឆា អាល់-អាសាដ ត្រូវបាន បញ្ជាក់ដោយក្រុមប្រឆាំង ដោយបាននិយាយថា «កងទ័ពសេរីរបស់ស៊ីរី (ASL)​ បានដកថយចេញពីសង្កាត់ តាដាមូន (Tadamoun) នេះ តែរាល់សមាជិករបស់កងទ័ពសេរីនេះ នៅតែមានវត្តមាននៅពាសពេញទីក្រុងដាម៉ាស ទាំងមូល ដើម្បីដឹកនាំការប្រយុទ្ធ ទៅតាមចំនុចសំខាន់ជាច្រើន មុននឹងដកថយ។»

តែឧត្តមសេនីយ៍ របស់កងទ័ពស៊ីរី បានតបវិញថា «ស្ថានភាពនៅដាម៉ាស បច្ចុប្បន្ននេះ មានស្ថិរភាពល្អប្រសើរណាស់។ មិនមានវត្តមានរបស់ក្រុមប្រដាប់អាវុធទៀតទេ ក្រៅតែមនុស្សប៉ុន្មាននាក់ ដែលចេញពីនេះទៅនោះ ដើម្បីគ្រាន់បង្ហាញថា ពួកវានៅទីនេះនៅឡើយ។»

កាលពីថ្ងៃសៅរ៍ទី០៤កក្កដា សង្កាត់ តាដាមូន ទាំងមូលមានសភាពខ្ទេចខ្ទី និងស្ថាត់ជ្រងំ។ ផ្លូវថ្នល់ជាច្រើនបានខូតខាត ហាងលក់ទំនិញជាច្រើនបានខូចខាត។  នៅកន្លែងចាក់សម្រាមសាធារណៈមួយ ក្នុងសង្កាត់មួយទៀត អ្នកកាសែតម្នាក់នៃ ទីភ្នាក់ងារសារពត៌មានបារាំងអាអេហ្វប៉េ (AFP) បានឃើញសាកសពប្រមាណជា ១៥នាក់ ក្នុងនោះមានខ្លះត្រូវបានដុតឆេះ និងខ្លះទៀតបានដាច់ជាកំណាត់។ ឆ្លើយតបនឹងរឿងនេះ ឧត្តមសេនីយ៍ ដដែលនោះបានបកស្រាយថា «ជាអ្នករស់នៅក្នុង សង្កាត់នោះ ដែលពួកជនប្រដាប់អាវុធ បានចាប់ឃាត់ខ្លួន ហើយសំលាប់ចោល។»

តាមភ្នាក់ងារសារពត៌មានផ្លូវការ សាណា (Sana) របស់ប្រទេសស៊ីរី និងស្ថានទូតរបស់ អ៊ៀរ៉ង់ ប្រចាំនៅស៊ីរី បានអោយដឹង ថា «ក្រុមភេវរជនប្រដាប់ដោយអាវុធ»ទាំងនេះ បានចាប់អ្នកផ្សាយសាសានា ជនជាតិអ៊ៀរ៉ងចំនួន៤៨នាក់ នៅក្នុងតំបន់ មួយ ក្បែរទីក្រុងដាម៉ាស ក្នុងខណៈដែលបណ្ដាជនទាំងនេះ ជិះក្នុងរថយន្ដក្រុង ធ្វើដំណើរឆ្ពោះទៅប្រលានយន្ដហោះ។

នៅទីក្រុងអាឡេប (Alep) ដែលជាទីក្រុងសេដ្ឋកិច្ចរបស់ស៊ីរី ស្ថិតនៅចំងាយប្រមាណជា ៣៥៥គីឡូមែត្រពីទីក្រុងដាម៉ាស ឯណោះវិញ យន្ដហោះ និងរថក្រោះរបស់កងទ័ពស៊ីរី បានបាញ់ផ្លោង ទៅលើទីកន្លែងជាច្រើន ដែលកាន់កាប់ដោយ ពួក បះបោរ ជាពិសេស ក្នុងសង្កាត់ ឆាអារ (Chaar) និងសាខួរ (Sakhour) ស្ថិតនៅខាងកើត និងសង្កាត់ផ្សេងទៀត ក្នុងផ្នែក ខាងលិចនៃទីក្រុងនេះ។

លោកស័ក្ដប្រាំ អាបដែល ចាបារ អូកេឌី (Abdel Jabbar Oqaidi) មេបញ្ជាការរបស់ កងទ័ពសេរីស៊ីរី ដែលមាន ទាំងកងទ័ព ស៊ីរីរត់ចោលជួរ និងជនសមញ្ញធម្មតា នៅទីនោះ បានអះអាងប្រាប់អាអេហ្វប៉េថា «ការបាញ់ផ្លោង និងការទំលាក់គ្រាប់បែក នេះ មានសភាពខ្លាំងក្លាសម្បើមណាស់ រាប់តាំងពីពេលមានការច្បាំងគ្នាមក តែកងទ័ពរបស់  បាឆា អាល់-អាសាដ នៅតែ មិនអាចរុលមកមុខបាន។»


កុមារម្នាក់ឡើងលេងនោរថក្រោះរបស់កងទ័ពស៊ីរី នៅពីមុខវិហារអ៊ីស្លាមមួយ ដែលបានត្រូវកំទេច។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ក្នុងប្រទេស (OSDH) បានរាយការណ៍ ពីស្នងការនគរបាលជាច្រើន និងអាគារទូរទស្សន៍រដ្ឋ នៅទីក្រុងអាឡេប បានត្រូវវាយកាន់កាប់ដោយពួកបះបោរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តែថា ពួកបះបោរបានដកថយ ទៅវិញ នៅពេលយន្ដហោះរបស់កងទ័ពស៊ីរី បានបាញ់ផ្លោង រំដោះយកទៅវិញ។ ពត៌មាននេះ ត្រូវបានបញ្ជាក់ដោយ ទីភ្នាក់ងារផ្លូវការ របស់ប្រទេស។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សដដែលនេះ បានលើកឡើងថា នៅពេញផ្ទៃប្រទេស ក្នុងរយះពេលចុងក្រោយនេះ មានមនុស្ស ចំនួន១២៩នាក់បានស្លាប់ ក្នុងនោះ ៧៦ជាជនសមញ្ញ ៣៦នាក់ជាទាហ៊ាន និង១៧នាក់ជាក្រុមបះបោរ។

ខែកក្កដា ជាខែប្រកបដោយឈាមខ្លាំងជាងគេ

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយទៀតថា ផ្នែកមួយដ៏ធំនៃខេត្ត ដៀរ អេហ្ស័រ (Deir Ezzor) ដែលមានព្រំប្រទល់ ជាប់នឹងអ៊ៀរ៉ាក់ បានធ្លាក់ក្នុងដៃរបស់ពួកបះបោរ ហើយអ្នករស់នៅក្នុងទីរួមខេត្តចំនួន ៧០% បានចាកចោលគេហដ្ឋាន របស់ខ្លួន។ ខែកក្កដានេះ ជាខែប្រកបដោយឈាមជាងខែណាៗទាំងអស់ បើរាប់តាំងពី១៦ខែមកហើយ នៃការងើបបះបោរ របស់ ប្រជាជនក្នុងប្រទេស ប្រឆាំងនឹងរបបលោក បាឆា អាល់-អាសាដ។ គណកម្មាធិការកាកបាតក្រហមអន្ដរជាតិ បាន អំពាវនាវទៅគ្រប់ភាគី អោយគោរពយ៉ាងពេញលេញ នូវច្បាប់មនុស្សធម៌អន្តរជាតិ។

កិច្ចប្រជុំជាទូទៅ របស់អង្គការសហប្រជាជាតិ បានបោះឆ្នោតសម្រេច ដោយសំលេងភាគច្រើន នូវដំណោះស្រោយមួយ ដែលចាត់ទុកពីអសមត្ថភាពរបស់ ក្រុមប្រឹក្សាសន្តិសុខ ដែលជាការរិះគន់មួយយ៉ាងខ្លាំង ទៅទីក្រុងម៉ូស្គូ និងប៉េកាំង ដែល បានប្រឆាំងរាល់ដំណោះស្រាយទាំងឡាយណា ដែលចង់ដាក់ទណ្ឌកម្មទៅលើរបប លោកបាឆា អាល់-អាសាដ។

នៅចំពោះមុខនៃភាពបរាជ័យ របស់វិស័យការទូត ដែលនាំទៅដល់ការលាលែងពីតំណែង របស់លោក កូហ្វី អាណន្ដ (Kofi Annan) នេះ  ទីក្រុងប៉ារីសបាននិយាយថា ​ចង់យកឱកាសដែលខ្លួនក្លាយជា ប្រធានផ្លាស់វេនរបស់ ក្រុមប្រឹក្សាសន្តិសុខ នៅឆ្នាំនេះ ដើម្បីផ្ដោតអារម្មណ៍លើការខិតខំអន្តរជាតិ ទៅលើជំនួយមនុស្សធម៌៕

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...