អ៊ីស្ត្រាអែលអួតអាងពីការបង្ហោះ F-35 វាយប្រហារក្នុងតំបន់ពីរដង
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 23, 2018
- ប្រធានបទ: សព្វាវុធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេបញ្ជាការកងទ័ពអ៊ីស្ត្រាអែល លោកឧត្ដមសេនីយ៍ «Amikam Norkin» បានប្រកាសក្នុងសន្និសីទការសែត នាក្រុង «Herzliya» (ភាគកណ្ដាលប្រទេស) កាលពីថ្ងៃអង្គារថា យន្ដហោះប្រភេទ «F-35» ឈ្មោះ «Adir» ដែលមានន័យហៅថា «អានុភាព» បានចេញធ្វើ«ប្រតិបត្តិការ និងរួមចំណែក ក្នុងបេសកកកម្មវាយលុក»។
លោកមេទ័ពអ៊ីស្ត្រាអែល បានបន្តថា៖ «យើងបានបើកការវាយប្រហារ ដំបូងគេ នៅលើពិភពលោក ចេញពីយន្ដហោះប្រភេទ "F-35" មួយគ្រឿង។ (...) យើងបានវាយលុកពីរដង នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដោយប្រើយន្ដហោះ "F-35" ហើយយើងជាប្រទេសដំបូងគេ ដែលបានប្រើយន្ដហោះប្រភេទនេះ។»។
លោកឧត្ដមសេនីយ៍ មិនបានបញ្ជាក់ឲ្យច្បាស់ថា តើការវាយប្រហារ ដោយប្រើយន្ដហោះសង្គ្រាមខាងលើ ត្រូវបានធ្វើឡើង នៅទីណា និងពេលណាទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កងទ័ពអាកាសអ៊ីស្ត្រាអែល ធ្លាប់បានបញ្ចេញយន្ដហោះ (មិនមែន F-35) ឲ្យធ្វើការវាយប្រហារ ទៅលើគោលដៅសំខាន់ៗ ចំនួនជាង១០ ដែលស្ថិតក្នុងទឹកដី នៃប្រទេសជិតខាងរបស់ខ្លួន។ ក្នុងនោះ ដូចជាការវាយប្រហារ ទៅលើកងទ័ពរបស់របបប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) នៃប្រទេសស៊ីរី - ក្បួនដឹកជញ្ជូនអាវុធ របស់ក្រុម ហេស្បូឡា (Hezbollah) ក្នុងប្រទេសលីបង់ និងចុងក្រោយថ្មីៗនេះ គឺវាយប្រហារ ទៅលើទីតាំងសិកមួយចំនួន របស់ប្រទេសអៀរ៉ង់។
កាលពីចុងឆ្នាំ២០១៦ ប្រទេសអ៊ីស្ត្រាអែល ដែលល្បីថាមានកងទ័ព ពោរពេញដោយអានុភាពស្រាប់ បានទទួលយន្តហោះសង្គ្រាម «F-35» ដំបូងគេ ដើម្បីយកមកបំពាក់ ឲ្យកងទ័ពរបស់ខ្លួន កាន់តែមានប្រៀបជាងប្រទេសជាច្រើន នៅក្នុងតំបន់ ដែលសុទ្ធសឹងជាសត្រូវ របស់ខ្លួន។ មកដល់ថ្ងៃនេះ រដ្ឋអេប្រ៊ឺ (ឈ្មោះប្រទេសអ៊ីស្ត្រាអែល) មានយន្ដហោះដ៏ទំនើបខាងលើ ចំនួន៥០គ្រឿង ដែលផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Lockheed Martin» និងដែលត្រូវបាន ដាក់ឈ្មោះបន្ថែម ហៅថា «Adir» ឬ «អានុភាព»។
កាលពីខែធ្នូ ឆ្នាំទៅម៉ិញ ប្រទេសអ៊ីស្ត្រាអែលបានប្រកាសថា យន្ដហោះ «អានុភាព» របស់ផងខ្លួន អាចធ្វើប្រតិបត្តិការបាន តែនៅពេលនោះ អ៊ីស្ត្រាអែលនៅមិនទាន់អះអាងថា មានការវាយប្រហារ ដោយប្រើយន្ដហោះប្រភេទថ្មីនេះ នៅឡើយ។
កាលពីថ្ងៃទី១០ ខែឧសភា គោលដៅយោធារបស់ប្រទេសអៀរ៉ង់ ចំនួន១០កន្លែង នៅក្នុងប្រទេសស៊ីរី បានរងការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់កងទ័ពអាកាសអ៊ីស្ត្រាអែល។ ប្រទេសនេះអះអាងថា ការវាយប្រហារខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការបាញ់រ៉ុក្កែត ពីសំណាក់កងទ័ពអៀរ៉ង់ ចូលក្នុងទឹកដីដែលខ្លួនកាន់កាប់ នៃតំបន់ «Golan»។ ការវាយប្រហារ បានសម្លាប់ទាហាន ស្និតរបបលោក បាឆារ អាល់អាសាធ ចំនួន២៧នាក់ ក្នុងនោះ១១នាក់ ជាទាហានអៀរ៉ង់៕