«យុវតី​បាន​ស្លាប់​ដោយ​វាយ​នឹង​"ញញួរ" ព្រោះ​ចង់​គេច​ពី ISIS»

ស្ថិតក្នុងវ័យជំទង់ យុវតី សាមរ៉ា (Samra) បានចាកចេញពីមាតុភូមិរបស់ខ្លួន កាលពីអំឡុងខែមេសា ឆ្នាំ​២០១៤ ដើម្បី​​ក្លាយ​ជា​យុទ្ធនារី ស្ម័គ្រ​ប្រយុទ្ធ​ដើម្បី​ព្រះអាឡាហ៍ នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែនាងទំនងជា ត្រូវបាន​វាយ​សម្លាប់ ដោយ​សារ​នាង​ចង់​គេច​ចេញ ពីក្រុមរដ្ឋអ៊ីស្លាម ដែលនាងនៅជាមួយ ជាច្រើនខែ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 25, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតី សាមរ៉ា កេស៊ីណូវិច (Samra Kesinovic) អាយុ១៨ឆ្នាំ (អាយុបច្ចុប្បន្ន) ទំនងជាត្រូវបានសម្លាប់ ដោយ​វាយ​នឹង«ញញួរ» នៅក្នុងក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងភាគខាងជើង នៃ​ប្រទេស​ស៊ីរី។ នេះ​​ជា​អ្វី ដែលសារព័ត៌មាន នៅលោកខាងលិច ជាច្រើនបានធ្វើរបាយការណ៍ នៅថ្ងៃពុធទី២៥ ខែ​វិច្ឆិកា​នេះ ដោយ​យោង​តាម​ប្រភពព័ត៌មាន ដែលបង្ហើបឲ្យដឹង ពីកន្លែងកើតហេតុ។

«បម្រើព្រះអាឡាហ៍ និងស្លាប់ដើម្បីព្រះអង្គ»

អតីតក្មេងជំទង់ ជាតិអូទ្រីស ដែលបានចាកចេញ ពីមាតុភូមិរបស់ខ្លួន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ ជា​មួយ​​មិត្ត​របស់​នាង ឈ្មោះ សាប្រ៊ីណា (Sabina) ដើម្បីក្លាយខ្លួនជាយុទ្ធនារី ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ (ឬ​ហៅ​ថា Djihad) របស់​ក្រុមរដ្ឋអ៊ីស្លាមនោះ ទំនងជាត្រូវបានសម្លាប់ ព្រោះនាងមានបំណង ចង់រត់គេចខ្លួន ចេញ​ពី​ទី​នោះ។ ប៉ុន្តែ​ព័ត៌មាននេះ នៅមិនទាន់អះអាង ថាជាការពិតនិងផ្លូវការ ដោយអាជ្ញាធររបស់ប្រទេសអូទ្រីស នៅ​ឡើយ។

បើតាមសារព័ត៌មាន «Österreich» របស់ប្រទេសអូទ្រីស បានឲ្យដឹងថា យុវតី សាមរ៉ា បានទាក់ទង​មក​គ្រួសារ និងមិត្តភ័ក្ររបស់នាងវិញ នៅក្នុងរដ្ឋធានី វិយ៉ែន (Vienne) របស់ប្រទេសអូទ្រីស។ ក្រុមគ្រួសារ ដែល​បាន​បាត់​ដំណឹង​របស់នាងសូន្យឈឹង ក្រៅតែពាក្យមួយឃ្លា ដែលនាងបានបន្យល់ទុក នៅពេល​នាងចាកចេញ​ដូច្នេះ​ថា៖ «សូមកុំរកពួកយើងអី ពួកយើងបានសម្រេចចិត្ត បម្រើព្រះអាឡាហ៍ និងស្លាប់ដើម្បីព្រះអង្គ»។

«ម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀត បានបាត់ខ្លួន»

សារព័ត៌មានបានរាយការណ៍ទៀតថា យុវតីបានអះអាងប្រាប់គ្រួសារនាង ពីបំណងដែលចង់ត្រឡប់មកផ្ទះវិញ តាំងពីខែតុលា ឆ្នាំ២០១៤។ ភាពសាហាវឃោឃៅ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលនាងបានឃើញផ្ទាល់ភ្នែក ជា​រៀង​​រាល់ថ្ងៃ បានធ្វើឲ្យនាងពិបាកទ្រាំ ហើយឈប់ចង់រស់នៅជាមួយ តទៅទៀត។ នាង សាមរ៉ា ដែលទំនង​ជា​បាន​​រៀប​ការ ជាមួយយុទ្ធជន ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ មានដើមកំណើរ ឆែកឆិន ម្នាក់ និង​ដែល​មាន​កូន​ម្នាក់​​ជា​មួយ​នោះ ត្រូវចូលរួមសឹងជារៀងរាល់ពេល ក្នុងកម្មវិធីកាត់«ក» និងកម្មវិធីវាយវាត់ នឹង​រំពាត់​ខ្សែតី ជា​សាធារណៈ ទៅលើអ្នកទោស។

កាលពីខែធ្នូ ឆ្នាំ២០១៤ អ្នកជំនាញម្នាក់ របស់អង្គការសហប្រជាជាតិ បានអះអាងជុំវិញករណីខាងលើថា ម្នាក់​ពីក្នុងចំណោមយុវតីទាំងពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងសមរភូមិ និងម្នាក់ទៀតបានបាត់ខ្លួន។ ប៉ុន្តែព័ត៌មាន​ទាំង​អស់ ពីតំបន់គ្រប់គ្រង​​ដោយពួករដ្ឋអ៊ីស្លាម ពិបាកនឹងឲ្យគេពិនិត្យ ពីភាពជាក់លាក់ ហើយក៏មិនអាច​វិន្និច្ឆ័យ ថា​យ៉ាង​ដូចម្ដេចឡើយ។ ដូច្នេះក្រុមគ្រួសាររបស់នាង នៅតែមានសង្ឃឹម ថានឹងឃើញកូនស្រីរបស់ខ្លួន វិល​ត្រឡប់​មក​វិញ នៅក្នុងថ្ងៃណាមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...