យុវតី​បី​នាក់​«បោក»​ក្រុម ISIS នៅ​លើ​ហ្វេសប៊ុក បាន​កាក់កប

វិធីសាស្ត្រ​បោកបញ្ឆោត ដែលមិនមែនទើបនឹងមាន ជាលើកទីមួយនេះ ត្រូវបានយុវតីបីរូប យកមកប្រើប្រាស់​ឆរបោក យ៉ាង​មាន​ប្រសិទ្ធិភាព ទៅលើក្រុម​អ្នករុករក​យុទ្ធជនស្ម័គ្រប្រយុទ្ធ នៃអង្គការរដ្ឋអ៊ីស្លាម (ISIS) នៅក្នុងប្រទេសស៊ីរី។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 02, 2015
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការរកទទួលទាន ដ៏កាក់កបមួយ តែទាស់តែជាករណី... បោកបញ្ឆោត! យុវតីជាតិឆេកឆិន បីនាក់ ត្រូវបាន​ឃាត់ខ្លួន នៅក្នុងសំនុំរឿងឆរបោកមួយ ដែលជនរងគ្រោះ ចេញពីការឆរបោកនេះ គឺក្រុមសមាជិក​«រដ្ឋ​អ៊ីស្លាម»។

សារព័ត៌មានជាច្រើន នៅក្នុងប្រទេសរ៉ូស្សី បានធ្វើសេចក្ដីរាយការណ៍ ពីករណីនេះថា វិធីសាស្ត្រដែលស្ត្រីវ័យ​ក្មេងទាំងបីនាក់ បានយកមកប្រើប្រាស់ មានលក្ខណៈសមញ្ញជាទីបំផុត និងមិនសូវខុសគ្នា ពីការបោកបញ្ឆោត ដែលធ្លាប់បានកើតមាន រួចមកហើយនោះទេ។ ជាដំបូងឡើយ ពួកនាងត្រូវបានទាក់ទង នៅលើហ្វេសប៊ុក ដោយក្រុមអ្នកបញ្ចុះបញ្ចូល ស្វែងរកយុទ្ធជនថ្មី របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលមិនខុសប៉ុន្មាន ពីយុរជន ឬ​យុវនារីផ្សេងទៀត នៅក្នុងតំបន់នេះ។ តំបន់ឆេកឆិន ត្រូវបានគេស្គាល់ថា សម្បូរទៅដោយ អ្នកកាន់​សាសនា​អ៊ីស្លាម។

ប៉ុន្តែរឿងរ៉ាវ បានចាប់ផ្ដើមមាន ជារូបរាង នៅពេលដែលពួកនាងៗទាំងបី បានបញ្ចុះបញ្ចូល ត្រឡប់ទៅ​ក្រុម​សមាជិក រដ្ឋអ៊ីស្លាមវិញ ថាពួកនាងពិតជាចង់ ទៅប្រទេសស៊ីរី ដើម្បីរៀបការ ក្លាយជាភរិយា របស់ក្រុមស្ម័គ្រ​ប្រយុទ្ធ នៃព្រះអាឡាហ៍ នៅទីនោះ។ បន្ទាប់មក ពួកនាង បានផ្ញើររូបថត បង្ហាញពីមុខមាត់រូបរាង (មិន​មែន​ជា​រូបថតពិតទេ) ទៅឲ្យក្រុមក្រុមសមាជិក​រដ្ឋអ៊ីស្លាម​ទាំងនោះ ដើម្បីទុកជាសាក្សី នៃ«ភាពស្មោះភក្ដី» មិន​វៀច​វេរ​ថែមទៀត។

ដំណាក់កាលជាបន្ត យុវតីទាំងបីបានធ្វើការ អន្ទង«រកប្រាក់» ដើម្បីធ្វើដំណើរ​មកកាន់ប្រទេសស៊ីរី ដោយ​បាន​លើកពីហេតុផលថា ពួកនាងគ្មានមធ្យោបាយ ក្នុងការធ្វើដំណើរទេ។ ការជឿស្លុងរបស់ក្រុមសមាជិករដ្ឋអ៊ីស្លាម បានជំរុញ​ឲ្យក្រុមនេះ ផ្ញើរប្រាក់ចំនួន ៣៣០០ដុល្លារ មកឲ្យស្ត្រីទាំងបី តាមរយៈសេវាកម្មផ្ញើរប្រាក់ ឆ្លងប្រទេស​ដ៏​ពិសេស​មួយ ដែលពួកនាងទាំងបី អាចលាក់អត្តសញ្ញាណ មិនឲ្យគេដឹងបាន។

ក្រោមពីទទួលបានប្រាក់ យុវតីជើងល្អ បានបិទ​គណនី​ហ្វេសប៊ុក ដែលធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីការបោក​បញ្ឆោត​​​ ហើយបញ្ឈប់រាល់ការទាក់ទង មករកពួកនាង។ ប៉ុន្តែចលនាបង្វិលប្រាក់ ពីប្រទេស​ស៊ីរី មកឲ្យយុវតី​ទាំងបី អាចលាក់អត្តសញ្ញាណអ្នកទទួល មិនឲ្យអ្នកផ្ញើរអាចដឹងបាន តែមិនអាចលាក់អាជ្ញាធរ ក្នុងតំបន់​មិន​ឲ្យ​ចាប់អារម្មណ៍នោះឡើយ រហូតដល់នគរបាល បានឃាត់ខ្លួននាងៗទាំងនេះ មកទុកធ្វើការ​ស៊ើប​អង្កេត។

«ខ្ញុំចាំមិនបានទេ ថាករណីនេះធ្លាប់កើតពីមុនមក» នេះជាការថ្លែងឡើង របស់អ្នកនាំពាក្យនគរបាល នៅ​ក្រោយ​ការឃាត់ខ្លួននោះ។ អ្នកនាំពាក្យដដែល បានថ្លែងទៀតថា៖ «តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិន​លើក​ទឹកចិត្ត ឲ្យនរណាម្នាក់ផ្សេង ទៅចូលពាក់ព័ន្ធក្នុងទង្វើល្មើស ជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជាពិសេសក្នុងករណី បោកបន្លំប្រាក់ ពីក្រុមនេះ»។ ជាការប្រកាសមួយ របស់អាជ្ញាធររ៉ូស្សី ដែលពោរពេញទៅដោយអត្ថន័យ ដោយ​ហេតុថា ក្រុមរដ្ឋអ៊ីស្លាម​ដែលតែងបាន​ពង្វក់ចិត្ត​ សានិកជនអ៊ីស្លាមក្មេងៗ នៅគ្រប់ទីកន្លែងនោះ អាច​នឹងធ្វើ​សកម្មភាពសងសឹក ត្រឡប់មករកអ្នក ដែលប្រើប្រាស់​ការបោកបញ្ឆោតដូច្នេះវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...