ជនរងគ្រោះឲ្យរដ្ឋាភិបាលថ្មី ចាប់ជនល្មើសបោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់ មកកាត់ទោស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់រយៈពេល១៦ឆ្នាំ ដែលជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់ (បច្ចុប្បន្នតុលាការកំពូល) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមិនទាន់ទទួលបានយុត្តិធម៌ ហើយជនល្មើសនៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ បើគិតមកទល់នឹងពេលនេះ។
អ្នកស្រីពៅ ស៊ីនួន ជនរងគ្រោះរបូសជើងដោយសារគ្រាប់បែកថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលម៉ិញនេះ ក្នុងពីធីបាំងក្សុល និងរាប់បាទ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់រដ្ឋាភិបាលថ្មី ជួយចាប់ជនដៃដល់ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់ ដែលរស់នៅ ក្នុងភាពឈឺចាប់ផ្លូវកាយដោយសារតែមុខរបួស និងការបន្សល់នូវកម្ទេចគ្រាប់ក្នុងរាងកាយ ពិសេសឈឺចាប់ផ្នែកផ្លូវចិត្ត ខណៈជនល្មើស បែរជាអាចរស់នៅដោយសប្បាយ ក្រៅសំណាញ់ច្បាប់រហូតមកទល់បច្ចុប្បន្ននេះ យ៉ាងមានសុវត្ថិភាព។
អ្នកស្រីពៅ ស៊ីនួន ក្នុងវ័យ៣៥ឆ្នាំ ដែលរងរបូសជើងដោយសារតែអំបែងគ្រាប់បែកខ្ទាតចូល បានរម្លឹកពីការផ្ទុះគ្រាប់បែកនៅមុខមន្ទីររដ្ឋសភាចាស់នេះថា ពេលនោះអ្នកស្រីជាកម្មការនីនៅរោងចក្រមួយ ដែលកំពុងតែឈរកាន់បដា ទាមទាឲ្យមានការតម្លើងប្រាក់ខែ។ អ្នកស្រីបន្តរថា ពេលនោះអ្នកស្រីបានលឺគ្រាប់បែកទីមួយផ្ទុះឡើង ក្រោយមកក៏សន្លប់បាត់លែងដឹងខ្លួន។ ក្រោយពីដឹងខ្លួនវិញទើបដឹងថា ជើងមួយចំហៀងខាងឆ្វេងត្រូវបាក់ និងខាងស្តាំរងរបួសដោយមានកម្ទេចអំបែងគ្រាប់បែកមួយចំនួន។
ស្រ្តីវ័យ៣៥ឆ្នាំរូបនេះបានបន្តរថា ក្រោយពីបានដឹងខ្លួនអ្នកស្រីបានវាទៅយកកាបូបរបស់ខ្លួននៅក្បែរនោះ ក្រោយមកក៏មានអ្នកជួយយកទៅមន្ទីរពេទ្យ។ ក្នុងការរងរបួសនេះ អ្នកស្រីត្រូវចំណាយពេលជាងបួនខែសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកត្រូវទៅសំរាកនៅមន្ទីរព្រះសង្ឈ មួយរយៈពេលវែង (ជាងមួយឆ្នាំ) បន្ថែមទៀត។ នៅក្នុងមន្ទីរពេទ្យក្រោមការជួយឧបត្ថម្ភ ពីអង្គការលីការដូ ដោយមិនអាចទៅធ្វើការនៅរោងចក្រវិញបាន អង្គការលីការដូរបានជួយនូវសេវាថ្លៃព្យាបាលជើង និងបានជួយបង្ហាត់បង្រៀនផ្នែកជំនាញចុងភៅ ដែលអាចធ្វើឲ្យបងស្រីមានលទ្ធភាព ក្នុងការប្រកបមុខរបចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ។ តែទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែរងនូវការលំបាកទាំងការរស់នៅ និងក្នុងជីវភាពព្រោះតែការឈឺចាប់នូវមុខរបួស និងកម្ទេចអំបែង (គ្រាប់) ដែលមាននៅក្នុងជើងនៅឡើយ។
ជនរងគ្រោះដល់ជីវិត ដោយសារគ្រាប់បែកថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/O. Vary)
អ្នកស្រីបាននឹងឃើញនូវហេតុការទាំងនេះ ហាក់បីដូចជានៅថ្មីៗ នាពេលដែលបងស្រីឈឺចាប់នូវស្នាមរបួស នាពេលមានអាកាសធាតុត្រជាក់ម្តងៗ ដោយបានបង្ហាញបីអារម្មណ៍ថា «ខ្ញុំមានការអស់សង្ឃឹមយ៉ាងខ្លាំង ដែលមកទល់នឹងពេលនេះ នូវចំណាត់ការរបស់រដ្ឋាភិបាលដែលមិនអាចវែកមុខ និងចាប់ជនល្មើសដែលបានបង្ករឲ្យមានការបំផ្ទុះគ្រាប់បែក មកផ្ដន្ទាទោសបាន។ (…) ខ្ញុំសោកស្ដាយណាស់១៦ឆ្នាំទៅហើយនោះ ឃាតកបែរជាបន្តររស់នៅយ៉ាងសប្បាយ ចំណែកអ្នករងរបួសវិញរស់នៅតាំងការឈឺចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយដោយសារតែមុខរបួស។ (…) រកឃាតករមិនបានហើយ ខ្ញុំនៅមានអំបែងជាប់នឹងជើងទៀត»។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ដោយការបោកគ្រាប់បែកនោះថា ការវាយប្រហារដោយគ្រាប់បែកដៃកាលនោះ បានបង្កឲ្យមានមនុស្សស្លាប់ជាងម្ភៃនាក់ និងរងរបួសមិនតិចជាងពីររយនាក់នោះទេ។ ប៉ុន្តែករណីខាងលើ លោក សម រង្ស៊ី ធ្លាប់បានចោទលោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយព្រឹត្តិការណ៍ដ៏រង្គាលនេះ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបញ្ជាក់នូវគោលជំហររបស់រដ្ឋាភិបាល នៅតែបន្តរឲ្យសមត្ថកិច្ច និងអាជ្ញាធរចាត់ការ ស្រាវជ្រាវ ស្វែងរកចាប់ជនទាំងនោះ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្រោមការជួយស្វែងរករបស់អាមេរិក ដូចជាអេហ្វប៊ីអាយ (FBI) និង ស៊ីអាយអេ (CIA) តែជនល្មើសទាំងនៅតែរត់លាក់បំពួន ដែលពិបាកក្នុងការស្វែងរកការចាប់ខ្លួននេះ។ លោក ជាម យៀបបានពន្យល់ថា «សមត្ថកិច្ចចេះតែខំរក ឯអ្នកប្រព្រឹត្តចេះតែខំពួន។ ម្ខាងអ្នកពួន និងម្ខាងទៀតអ្នករក ចេះតែមានការលំបាក។ (…) រាជរដ្ឋាភិបាលមិននៅកណ្តើយនោះទេ សម្តេច (ហ៊ុន សែន) លោកខិតខំណែនាំដល់សមត្ថកិច្ច។ លោកបានបញ្ជាក់ថាជាមួយគ្នានេះ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែខិតខំធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តទៀត៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ