ក្រុងមូស្គូ បរាជ័យក្នុងការថ្កោលទោស លើការវាយប្រហារនៅស៊ីរី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មេសា ២០១៨
- កែប្រែចុងក្រោយ: April 14, 2018
- ប្រធានបទ: សង្គ្រាមស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហព័ន្ធរ៉ូស្ស៊ី បានប៉ុនប៉ងធ្វើការថ្កោលទោស ចំពោះការវាយប្រហារ កាលពីម្សិលម៉ិញ ពីសំណាក់ប្រទេសបស្ចឹមលោក ទៅលើគោលដៅមួយចំនួន ក្នុងប្រទេសស៊ីរី។ ការថ្កោលទោសនេះ ត្រូវបានប្រទេសមហាអំណាចមួយនេះ គ្រោងឲ្យមានការអនុម័ត្រ តាមរយៈក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលត្រូវបានកោះប្រជុំ ជាបន្ទាន់ នៅរសៀលថ្ងៃនេះ ដោយតំណាងអចិន្ត្រៃយ៍ នៃរដ្ឋាភិបាលរ៉ូស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ។
បញ្ហានៅត្រង់ថា រដ្ឋាភិបាលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ដែលជាមិត្តល្អូកល្អើន ជាមួយរបបដឹកនាំលោក បាឆារ អាល់អាសាធ (Bachar al-Assad) បានទទួលបរាជ័យ នៅចំពោះការប៉ុនប៉ងខាងលើ ហើយការអនុម័ត្រ ញត្តិថ្កោលទោសមួយ មិនអាចចេញរួច ដោយសារប្រទេសរ៉ូស្ស៊ី គ្មានសម្លេងគាំទ្រគ្រប់គ្រាន់។
ប្រទេសដែលគាំទ្រញត្តិគាំទ្រនោះ មានបី «រ៉ូស្ស៊ី ចិន និងបូឡេវី» ខណៈប្រទេសដែលជំទាស់ មានចំនួនដល់ទៅ៩ និងប្រទេស ដែលបោះឆ្នោត អនុប្បវាត មានចំនួនបួន។ ដើម្បីឲ្យញត្តិថ្កោលទោស អាចចេញរួច ប្រទេសរ៉ូស្ស៊ី ចាំបាច់ត្រូវមានសម្លេងគាំទ្រ យ៉ាងហោចក៏៩ប្រទេស នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែរ។
ញត្តិថ្កោលទោស មានសរសេរបង្ហាញ ពីការព្រួយបារម្ភដ៏ធំធេង ចំពោះ«ការឈ្លានពាន» ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដែលសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ វាបាន«រំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ»៕