អ្នក​ការសែត​អាជីព៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​ពង្រឹង​សមត្ថភាព​អ្នក​នាំ​ពាក្យ​របស់​ខ្លួន

អ្នកការសែតខ្មែរល្បីៗមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនូវសមត្ថភាពរបស់អ្នកនាំពាក្យខ្លួន នៅប្រចាំ​ក្រសួង ឬស្ថាប័ននីមួយៗរបស់រដ្ឋ ត្រូវតាមដានព័ត៌មានឲ្យបានជាប់លាប់ និងត្រូវឆ្លើយជាមួយអ្នកការសែត នៅពេលដែល​ពួកគេសាកសួរ ដោយជៀសវាងប្រើពាក្យថា«មិនដឹង» ចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងស្ថាប័នរបស់ខ្លួន។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកការសែតខ្មែរល្បីៗមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនូវសមត្ថភាពរបស់អ្នកនាំពាក្យខ្លួន នៅប្រចាំ​ក្រសួង ឬស្ថាប័ននីមួយៗរបស់រដ្ឋ ត្រូវតាមដានព័ត៌មានឲ្យបានជាប់លាប់ និងត្រូវឆ្លើយជាមួយអ្នកការសែត នៅពេលដែល​ពួកគេសាកសួរ ដោយជៀសវាងប្រើពាក្យថា«មិនដឹង» ចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងស្ថាប័នរបស់ខ្លួន។


វេទិកាអ្នកនិពន្ធសារព័ត៌មាន នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ។ (រូបថត MONOROOM.info/ O.Bory)

រាជធានីភ្នំពេញ - ថ្លែងនៅក្នុងវេទិកាអ្នកនិពន្ធសារព័ត៌មានក្រោមប្រធានបទ «សម្លឹងមើលប្រទេសកម្ពុជាក្នុងរយៈ ពេល​៥ឆ្នាំខាងមុខ» ដែលរៀបចំធ្វើដោយក្លឹបអ្នកការ សែតកម្ពុជា នៅថ្ងៃនេះ លោក ប៉ែន បូណា ដែលជាសមាជិកក្លឹប​អ្នក​ការសែតកម្ពុជាមួយរូប បានលើកឡើងពីភាពអវិជ្ជមាន របស់មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលក្នុងអាណត្តិមុនថា មិនបានបំពេញ​ការងាររបស់ខ្លួនឲ្យបានល្អ និងមិនមានសមត្ថភាពទាល់តែសោះ ក្នុងការឆ្លើយតបនូវព័ត៌មានចំពោះអ្នកការសែតនោះទេ។ អ្នកការសែតជើងចាស់រូបនេះ បានសង្កត់ធ្ញន់ថា នាពេលកន្លងមក នៅពេលណា ដែលអ្នកព័ត៌មានចង់សួរបន្ទាន់ណាមួយ ទៅអ្នកនាំពាក្យរដ្ឋាភិបាលឬអ្នកនាំពាក្យក្រសួងណាមួយ ពូកគេតែតែឆ្លើយថា មិនដឹងពីបញ្ហានោះកើតឡើងឡើយ។ លោក​ថា នេះគឺជាំណុចខ្សោយមួយបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាល មន្រ្តីអ្នកនាំពាក្យ ចាញ់អ្នកការសែត មិនចេះតាមដាន​ព័ត៌មាន​នៅ​ក្នុងស្ថាប័នខ្លួន។

លោក ប៉ែន បូណា បន្តថា វាជារឿងលំបាកណាស់សម្រាប់អ្នកសារព័ត៌មានឯករាជ្យ ដែលមិនអាចទាក់ទង​សុំការ​បកស្រាយ​ពីមន្រ្តី ឬអ្នកនាំពាក្យរដ្ឋាភិបាលទាំងនោះបាន ដោយមន្រ្តីទាំងនោះ​ «នៅពេលអ្នកការសែតសួរ ភាគច្រើនរុញទៅខាងនេះ រុញទៅខាងណោះ ដោយម្នាក់ៗ យកតែរួចខ្លួនប៉ុណ្ណោះ»។ លោកក៏បាន ស្នើឲ្យរដ្ឋាភិបាលអាណត្តិថ្មី ត្រូវធ្វើការកែប្រែ​នូវ​បញ្ហានេះ ជាបន្ទាន់ ។

ស្រដៀងគ្នានេះដែរ សមាជិកក្លឹបអ្នកការសែតកម្ពុជាមួយរូបទៀត គឺ លោក កៃ កឹមសុង ដែលបច្ចុប្បន្នជានិពន្ធ​នាយក​ការសែតភ្នំពេញប៉ុស្តិ៍ បានរិះគន់ផងដែរ ចំពោះមន្រ្តី ឬអ្នកនាំពាក្យរដ្ឋាភិបាលថា មិនបានឃើញពីចំណុចខ្វះខាតរបស់ ខ្លួននៅក្នុងការផ្តល់ព័ត៌មាន ដល់អ្នកការសែត ឲ្យបានទាន់ពេល។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានយល់ឃើញថា តាមពិតទៅមិនមែន មន្រ្តី ឬអ្នកនាំពាក្យរដ្ឋាភិបាល មិនបានដឹងនោះទេ។ តែលោកថា ពួកគេដឹង តែមិនហ៊ាននិយាយតែប៉ុណ្ណោះ។ មិនហ៊ាននិយាយដោយសារថា ពួកគេស្តាប់​បញ្ជាមេ ហើយប្រសិនបើ និយាយទៅជ្រុលជ្រួសលើរដ្ឋាភិបាល ពួកគេនឹងបាត់តំណែងជាក់ជាមិនខាន។ លោក អ៊ូ វីរៈ បន្ត​ថា ដើម្បីឲ្យមន្រ្តីទាំងនោះ ហ៊ាននិយាយប្រាប់អ្នកសារព័ត៌មាននៅពេលដែលពួកគេសួរនោះ រដ្ឋាភិបាល ត្រូវតែផ្តល់អំណាច​ដល់អ្នកនាំពាក្យ និងជាពិសេសអ្នកដែលអាចក្លាយជាអ្នកនាំពាក្យបាន ត្រូវតែរើសយកមនុស្សដែលមានសមត្ថភាព និង​យល់ដឹងពីស្ថាប័នរបស់ខ្លួនឲ្យ បានច្បាស់លាស់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះមិនអាចសុំការអត្ថាធិប្បាយបាន នោះទេជុំវិញបញ្ហានេះ។ ក៏ប៉ុន្តែ​លោក ជាម យៀប មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបកស្រាយថា នាពេលកន្លងមកមន្រ្តីរដ្ឋាភិបាល បានឆ្លើយនឹងអ្នក​សារព័ត៌មានគ្រប់ពេល។ តែជួន កាលដោយសារតែអ្នកព័ត៌មានខ្លួនឯងហ្នឹង មិនសួរឲ្យចំអ្នកនាំពាក្យពិតប្រាកដ បែជាសួរ​មន្រ្តីផ្សេងនៅក្នុងស្ថាប័ននោះទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលកន្លងមកនេះ មជ្ឈដ្ឋានអ្នកសារព័ត៌មានកម្ពុជា បានត្អូញត្អែរថា មានមន្រ្តី ឬអ្នក​នាំពាក្យមួយចំនួន ហាក់មិនបានឲ្យតម្លៃលើអ្នកការសែតឡើយ ពោលគឺនៅពេលដែលអ្នកការសែតសួរពួកគេ មិនត្រឹម​តែ​មិនឆ្លើយនោះទេ ថែមទាំងបានប្រើពាក្យមិនសមរម្យ សម្លុត នឹងបិទទូរស័ព្ទជាដើម ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកការសែត​សាកសួរ ពីរឿងដែលរស៊ើបរបស់រដ្ឋាភិបាលវិញ មន្រ្តីទាំងនោះព្យាយាមមិនឆ្លើយ ឬគេចវេះនឹងអ្នកការសែតស្ទើគ្រប់ពេល។

ផ្ទុយទៅវិញ ប្រសិនបើអ្នកព័ត៌មាននោះ មានទំនោរទៅលើរដ្ឋាភិបាល ដែលពូកែសរសេរ«លើកជើង» មន្រ្តីទាំងនោះ មិន​ចាំបាច់អ្នកសារពត៌មាននោះសួរទេ តែថែមទាំងប្រាប់ឲ្យដឹង«ជាមុន»នោះទៀតផង។ ដូច្នេះ វាជារឿងពិបាកណាស់ សម្រាប់​អ្នកការសែតឯករាជ្យ ដែលប្រកបវិជ្ជាជីវះរបស់ខ្លួន ហើយមានផលប៉ះពាល់ដល់រដ្ឋាភិបាលបច្ចុប្បន្ន។ រដ្ឋាភិបាលបច្ចុប្បន្ន ដែលពួកអ្នកប្រឆាំងមើលឃើញថា «ពាក់ស្លាកប្រជាធិបតេយ្យ តែបរិភោគបាយកុម្មុយនីស» ៕

----------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...