វិទ្យុអាស៊ីសេរី ផ្អាកការិយាល័យព័ត៌៌មានរបស់ខ្លួននៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ជាការគួរឲ្យសោកស្ដាយបំផុត ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាន នៅទីក្រុងភ្នំពេញ របស់ខ្លួនមួយរយៈ» នេះ ជាអ្វីដែលវិទ្យុអាស៊ីសេរី (RFA) បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបចេញផ្សាយ នៅមុននេះបន្តិច។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរបន្តថា៖ «ការបង្ក្រាបមកលើសំឡេងឯករាជ្យ ឥតស្រាកស្រាន្ត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ ចុងក្រោយនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត ឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន ដោយធានា អំពីសុចរិតភាព នៃបេសកកម្មសារព័ត៌មាន (...) ជាបន្តទៅទៀត បាននោះទេ»។
វិទ្យុអាស៊ីសេរី បានបញ្ជាក់ទៀតថា៖ «ជាការឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែប្រត្យក្សជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេតនាអនុញ្ញាត ឲ្យប្រព័ន្ធផ្សព្វផ្សាយសេរី បន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ តទៅទៀតនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆក់យកឱកាស គ្រប់បែបយ៉ាង ដើម្បីតាមដានធ្វើទុក្ខបុកម្នេញ មកលើក្រុមអ្នករិះគន់ គូបដិបក្ខនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍ អំពីការពិតនៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាលអាជ្ញាធរ បានបិទស្ថានីយវិទ្យុឯករាជ្យនានា ដែលផ្សាយបន្តកម្មវិធីព័ត៌មាន របស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។»។
«រដ្ឋាភិបាលបានបង្ខំអោយកាសែត ឌឹ ខេមបូឌា ដេលី បិទការិយាល័យរបស់ខ្លួន ដោយពិន័យអោយបង់ពន្ធ ច្រើនហួសហេតុ ហើយដែលបានរារាំង ម្ចាស់កាសែតនេះ គឺលោក ឌូគ្លាស អ៊ីរ៉ិច ស្ទៀល (Douglas Eric Steele) មិនអោយចេញពីប្រទេសបាន ក្រោមការគំរាមកំហែង ចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ អាជ្ញាធរក៏បានប្រើប្រាស់ស្នៀតដូចគ្នានេះដែរ ប្រឆាំងនឹងវិទ្យុអាស៊ីសេរី បើទោះបីជាយើង បានផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញ នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដើម្បីអនុលោមតាមរាល់សំណើនានា ហើយនិងកិច្ចប្រឹងប្រែងដោយស្មោះ អស់ពីចិត្តរបស់យើង ដើម្បីធ្វើការចុះបញ្ជី ក្លាយជាក្រុមហ៊ុនព័ត៌មាន ដែលមានអាជ្ញាប័ណ្ណមួយយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរបានសម្រេចជ្រើសរើស យកនូវការចេញផ្សាយ នូវសេចក្ដីថ្លែងការណ៍មិនពិត និងបានបង្កើនវោហារសាស្ត្រ បំភិតបំភ័យ និងគំរាមកំហែង កាន់តែខ្លាំងឡើងៗ ដែលភាគច្រើនធ្វើឡើង តាមរយៈការបញ្ចេញឯកសារបែកធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលជួយបន្ទរឲ្យរដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍បញ្ច្រាសគ្នា របស់ស្ថាប័នក្រសួងផ្សេងៗគ្នា។»។
«ការប្រឈម នឹងស្ថានភាពបំភិតបំភ័យបែបនេះ មិនមែនជារឿងរ៉ាវថ្មីថ្មោងឡើយ សម្រាប់វិទ្យុអាស៊ីសេរី។ ក្រុមអ្នកកាសែត និងក្រុមអ្នកអត្ថាធិប្បាយរបស់យើង ទទួលរងនូវការគំរាម ការចាប់ដាក់ពន្ធនាគារ និងការបង្ខំឲ្យចាកចេញ ពីប្រទេសនេះ ដើម្បីបញ្ចៀសពីការប៉ុនប៉ងចាប់ខ្លួន ឬធ្លាក់ចូល ក្នុងស្ថានភាពរឹតតែអាក្រក់ជាងនេះ។ ក៏ប៉ុន្តែដំណើរវិវត្តន៍ចុងក្រោយថ្មីៗនេះ រឹតតែធ្ងន់ធ្ងរដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រជាជនកម្ពុជា ស្វះស្វែងដោយឥតអៀនខ្មាស កម្ចាត់ចោលនូវរាល់ឧបសគ្គ ឬឥទ្ធិពលនានា ដែលរារាំងមិនឲ្យបក្សពួករបស់ខ្លួន ទទួលបាននូវការក្ដោបក្ដាប់ អំណាចផ្ដាច់ការទាំងស្រុង តែម្ដង។»
កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ លិខិតពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន បានផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍ វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz ដោយហាមវិទ្យុក្នុងស្រុកពីរចុងក្រោយ ដែលនៅផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនឲ្យផ្សាយព័ត៌មានបន្ត ពីវិទ្យុបរទេស ទាំងពីរនេះទៀត។ ក្រសួងបានបង្ហាញមូលហេតុថាថា គឺដោយសារក្រសួងរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះបញ្ជី ការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាន។
«ជនផ្ដាច់ការ អាចនឹងឡើងកាន់អំណាច...»
យ៉ាងណាក៏ដោយ ក៏ការបិតការិយាល័យព័ត៌មានមួយរយៈនេះ មិនមានសេចក្ដីថា វិទ្យុអាស៊ីសេរីឈប់ផ្សាយព័ត៌មាន ជាខេមរភាសា ជុំវិញហេតុការណ៍ ពីប្រទេសកម្ពុជាឡើយ។ ស្ថាប័នផ្សព្វផ្សាយ ដែលទទួលឧបត្ថម្ភធុន ពីសភាសហរដ្ឋអាមេរិកមួយនេះ បានបញ្ជាក់ថា៖ «វិទ្យុអាស៊ីសេរី នឹងបន្តរាយការណ៍លើបញ្ហា និងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយកម្មវិធីផ្សាយ សេចក្ដីរាយការណ៍ និងព័ត៌មាននានា នៅលើរលកធាតុអាកាសវិទ្យុកម្រិតទាប (SW) លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងគេហទំព័ររបស់យើង http://www.rfa.org/khmer/ ជាបន្តទៅទៀត»។
សេចក្ដីថ្លែងការណ៍ បានបញ្ចប់ទៅ ដោយឃ្លាដូច្នេះថា៖ «ដូចដែលប្រវត្តិសាស្ត្រ បានចារទុកមកហើយថា ជនផ្ដាច់ការ អាចនឹងឡើងកាន់អំណាច ហើយបង្ខំឲ្យពលរដ្ឋក្នុងប្រទេសរបស់ពួកគេ អនុវត្តតាមឆន្ទៈមានៈរបស់ខ្លួន ប៉ុន្តែនៅទីបំផុតទៅ ការពិតនឹងនៅតែឈ្នះដដែល»៕