នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យភ្នំពេញប៉ុស្តិ៍«សុំទោសជាសាធារណៈ»
- ដោយ: ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 14, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាលិខិតទីបីហើយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន ហើយដែលលោក ហូ សិទ្ធី នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរផ្ញើទៅព្រមានដល់កាសែតភ្នំពេញប៉ុស្ត៍ បន្ទាប់ពីលោកប្រតិកម្ម ទៅនឹងការចុះផ្សាយរបស់ភ្នំពេញប៉ុស្តិ៍ នូវអត្ថបទក្រោមចំណងជើងថា៖ «សង្គ្រាមដណ្តើមដីគ្នា បានកើតឡើង បន្ទាប់ពីការសម្រេចក្តីរបស់តុលាការ» ដែលចុះផ្សាយថា លោកបានបានជំរុញជាដដែល ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យអ្នកស្រី សារុំ ធ្វើការសាងសង់នៅលើដីនោះ និងសរសេរទៅលោក ប៉ា សុជាតិវង្ស អនុញ្ញាតឲ្យអ្នកស្រី សារុំ ជាតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារ ចាក់ដីនៅលើដីទំហំ៩.៩៩២ម៉ែត្រក្រឡា ដើម្បីសាងសង់ផ្ទះ។
លិខិតទីបីដែលទាមទារឱ្យភ្នំពេញប៉ុស្តិ៍ ធ្វើការសុំទោសឱ្យខានតែបាននេះ ក្រោយពីនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ខកខានមិនបានចុះផ្សាយតាមសំណូមពរ នូវលិខិតទី២របស់លោក ហូ សិទ្ធី ដែលបានផ្ញើឱ្យភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨ មករា ទើបលោក ហូ សិទ្ធី បានចេញលិខិតសាជាថ្មីទៀតចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយបានចោទប្រកាន់ថា ការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ គឺជាការមួលបង្កាច់ដោយចេតនា មកលើរូបលោក។
នៅបរទេស?
លោក ហូ សិទ្ធី បានសរសេរបន្តថា៖ «អ្វីដែលសហការី (ALICE CADDY និងឆាយ ច័ន្ទនីដា) និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍របស់លោក បានប្រព្រឹត្តមកលើខ្ញុំ គឺជាការមូលបង្កាច់ដោយចេតនា ចំពោះបុគ្គលម្នាក់ដែលជាបញ្ញាវ័ន្ត ធ្លាប់បានសិក្សានៅសាលាបរទេស ធ្លាប់បានបំពេញបេសកកម្មនៅបរទេស ធ្លាប់បានចូលរួមក្នុងគណប្រតិភូជាន់ខ្ពស់ ទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស ធ្លាប់បានចូលរួមជាសហការីបច្ចេកទេស នៅក្នុងដំណើរការទាំងមូល នៃសន្នីសីទអន្តរជាតិទីក្រុងប៉ារីស ដើម្បីស្វែងដំណោះស្រាយដល់បញ្ហាកម្ពុជា ធ្លាប់ធ្វើជាអ្នកបកប្រែភាសា ជូនថ្នាក់ដឹកនាំកំពូល នៃប្រទេសជាច្រើននៅលើពិភពលោក។»
បើទោះបីជាលោក ហូ សិទ្ធី អះអាងថាសារព័ត៌មានភ្នំពេញប៉ុស្តិ៍ មានចេតនាមូលបង្កាច់លោក ប៉ុន្តែលោកនឹងមិនប្តឹងផ្តល់ទៅស្ថាប័នតុលាការទេ ប៉ុន្តែអ្វីដែលលោកចង់បាន គឺចង់ឱ្យលោកនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ធ្វើការសុំទោសដល់សាធារណមតិកម្ពុជា និងអន្តរជាតិ ពីការបំភ្លៃ និងការមាក់ងាយនេះ។ នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីរូបនេះថា វាងាយពេកសម្រាប់ជ័យជម្នះរបស់លោក នៅក្នុងរឿងក្តីមួយនេះ ត្បិតភស្តុតាងដែលលោកមាន អាចនឹងបង្ហាញជូនតុលាការវាច្បាស់លាស់ រហូតដល់លោកនិពន្ធនាយកមិនអាចប្រកែកបាន។
នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់នៅក្នុងលិខិតរបស់លោកបន្តថា៖ «ប្រសិនបើលោកមានការយលច្រលំ ដោយនៅតែបន្តធ្វើមិនដឹង មិនលឺ និងសង្ឃឹមថារឿងនេះ នឹងត្រូវបានបំភ្លេចតាមរយៈពេលវេលា ដែលចេះតែកន្លងផុតទៅ ខ្ញុំសូមរំលឹកស្មារតីរបស់លោកបន្តិចចុះ ថាកិត្យានុភាពរបស់ភ្នំពេញប៉ុស្តិ៍ បានធ្លាក់ចូលក្នុងសភាពអាប់អោនរួចទៅហើយ។ នេះជាសម័យអ៊ីនធើណេត និងហ្វេសប៊ុក សាធារណៈមតិច្រើនណាស់ ដែលប្រើប្រាស់មធ្យោបាយដ៏ទំនើបនេះ។»
ឆ្លើយតបនឹងការទាមទារនេះ លោកកៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្ត៍ជាភាសាខ្មែរ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «យើងអត់មានអី commment (យោបល់) អ្វីទាំងអស់ ព្រោះអ្វីដែលយើងបានធ្វើយើងធ្វើហើយៗ»៕