នាយករដ្ឋមន្រ្តី ព្រមានបក្សប្រឆាំងរឿងមិនបង្ហាញផែនទី
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ សីហា ២០១៥
- កែប្រែចុងក្រោយ: August 03, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាស នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ព្រមានគណបក្សសង្គ្រោះជាតិថា បើគណបក្សមួយនេះ នៅតែរឹងរូស មិនព្រមបង្ហាញផែនទី ដែលខ្លួនមាននោះទេ លោកនឹងប្រើប្រាស់ នូវវិធានការច្បាប់ បង្ខំឲ្យមានការបង្ហាញ ជាផ្លូវការ នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធស្ពាន មិត្តភាពកម្ពុជា-ចិន នៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្ពានព្រែកសំរោងតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់) លោកនាយករដ្ឋមន្រ្តី បានអះអាងថា លោកនឹងមិនខ្លាច ក្នុងការចំណាយឡើយ ដើម្បីទទួលបានផែនទី មកបញ្ជាក់ឲ្យបានច្បាស់លាស់។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានផ្ញើរលិខិត ជាផ្លូវរដ្ឋទៅកាន់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំកំពូល នៃប្រទេសមហាអំណាចចំនួនបី ដើម្បីស្នើសុំផែនទី របស់ប្រទេសកម្ពុជា ដែលបានតំកល់ទុក តាំងពីទសវត្សន៍ឆ្នាំ៦០ ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយនឹងផែនទី ដែលមានក្នុងដៃរដ្ឋាភិបាល និងផែនទី ដែលគណបក្សប្រឆាំង បានអះអាងថា បានថតពីប្រទេសបារាំងមកនោះ ពីបញ្ហានៃការកំណត់បង្គោលព្រំដែន ជាមួយប្រទេសជិតខាង នាពេលបច្ចុប្បន្ន។
ក្នុងពិធីសម្ពោធស្អាន មិត្តភាពកម្ពុជា-ចិន តាខ្មៅ លោកនាយករដ្ឋមន្រ្តីបានប្រកាសជំហរ ឲ្យអ្នកដែលមានផែនទីទាំងនោះ ដាក់ចូលមក ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយគ្នា។ ហើយបើចង់ប្តឹង ទៅកាន់តុលាការអន្តរជាតិ ក្រុងឡាអេនោះ ត្រូវធ្វើសារណាការពារ និងត្រូវបង្ហាញ ពីចំណុចឈ្នះនៅត្រង់ណាផង ដើម្បីជៀសវាងការចាញ់ក្តី។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ឥឡូវអ្នកដែលមានផែនទីត្រឹមត្រូវ សូមដាក់មក។ សូមបញ្ជូនមក បើមិនបញ្ជូនឲ្យរាជរដ្ឋាភិបាល ត្រូវបញ្ជូនទៅ រាជបណ្ឌិតសភា បណ្ឌិត សុខ ទូច កំពុងដឹកនាំធ្វើការស្រាវជ្រាវ គេកំពុងត្រូវការ នូវឯកសារដើម្បីយកផ្ទៀងផ្ទាត់។ រាជរដ្ឋាភិបាលបានបញ្ជូន ឲ្យអស់ហើយ ទៅរាជបណ្ឌិតសភា។ ក្នុងឋានៈ ជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ ដោយឯករាជ្យ ខុសថាខុស ត្រូវថាត្រូវ។ (...) បើប្តឹងទៅដើម្បីចាញ់ តើចាំបាច់ប្តឹងធ្វើអី?»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីមន្រ្តីនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ ក្នុងថ្ងៃនេះ។ តែកន្លងមក លោក អ៊ុំ សំអាន តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រាប់មកទស្សនាវដ្តីថា លោកបានស្នើទៅរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ពាក្យបណ្តឹង ពីបញ្ហាព្រំដែននៃប្រទេសកម្ពុជា-វៀតណាមនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ តែការស្នើសុំ នាពេលនោះ បានបរាជ័យ ដោយលោកនាយករដ្ឋមន្រ្តី ថ្លែងបញ្ជាក់វិញ ឲ្យលោក អ៊ុំ សំអាន ត្រូវទៅរៀនច្បាប់បន្ថែមទៀត៕