ហ៊ុន សែន គ្រោង៥លាន ដើម្បីទៅផ្ទៀងផ្ទាត់ផែនទីនៅក្រៅប្រទេស
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៥
- កែប្រែចុងក្រោយ: August 03, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ៊ុន សែន បានថ្លែងអះអាងថា បើប្រទេសបារាំង ប្រទេសអង់គ្លេស និង UN មិនព្រមឲ្យកម្ពុជាខ្ចីផែនទី នោះរដ្ឋាភិបាលរបស់លោក គ្រោងនឹងចាយប្រាក់ ប្រមាណជា៥លានដុល្លារ ដើម្បីបញ្ជូនអ្នកជំនាញកិច្ចការព្រំដែន គ្រប់និន្នាការនយោបាយ ទៅត្រួតពិនិត្យផែនទី ដែលតម្កល់នៅទីនោះវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ ដែលជាស្ពានឆ្លងកាត់ ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ក្នុងព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ។
នាយករដ្ឋមន្ត្រីចាស់វស្សា របស់កម្ពុជា បានពន្យល់ថា៖ «បើអង្គការសហប្រជាជាតិ មិនអនុញ្ញាតឲ្យនាំផែនទីចេញ យើងក៏សុខចិត្ត (ចាត់)តាំងប្រតិភូទៅទីនោះវិញ ដោយនាំទៅ ទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់ពាក់ព័ន្ធ ដូចជារាជបណ្ឌិត្យសភា ឬក៏គណបក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្ត ចេញលុយថ្លៃកាប៉ាល់ហោះ ថ្លៃអូតែល ឲ្យទៅដល់អង្គការសហប្រជាជាតិ។ បើបារាំងមិនឲ្យខ្ចីផែនទី យើងទៅដល់ប៉ារីស នាំផែនទីខ្មែរទៅដល់ប៉ារីស។ បើថាអង់គ្លេសមាន អង់គ្លេសមិនព្រមឲ្យ យើងសុខចិត្តទៅអង់គ្លេស ទៅ! ចាត់តាំងទៅ! យ៉ាងច្រើន ចាយ៥លានដុល្លាដើម្បីជាតិ។»
គម្រោងការថ្មីរបស់លោក ហ៊ុន សែន ជាភាគបន្ត នៃបញ្ហាព្រំដែន ដ៏ចម្រូងចម្រាសរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ជាពិសេស ជាមួយនឹងប្រទេសវៀតណាម បន្ទាប់ពីក្រុមគណបក្សប្រឆាំង បានដឹកនាំការចូលទៅពិនិត្យបង្គោលព្រំដែន ក្នុងខេត្តស្វាយរៀង និងបានរកឃើញថា មានការបោះចូល មកក្នុងទឹកដីកម្ពុជា។ ប៉ុន្តែការរកឃើញនេះ ត្រូវបានរដ្ឋាភិបាលបដិសេធ និងបានដង្ហោយរកខ្ចីផែនទី ដែលកម្ពុជាបានតំកល់ទុក នៅអង្គការសហប្រជាជាតិ និងពីប្រទេសមហាអំណាចបីផ្សេងទៀត។
ផែនទី ខ្នាត ១/១០០.០០០ ដែលត្រូវបានយកទៅតម្កល់ទុក នៅអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៦៤ ដោយសម្ដេច សីហនុ ជាផែនទី ដែលត្រូវបានបោះពុម្ពធ្វើឡើង នៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលបារាំង ក្នុងនាមជាអាណាព្យាបាល លើប្រទេសកម្ពុជានាពេលនោះ ហើយក៏ជាផែនទី ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិដែរ។
ប៉ុន្តែការស្នើសុំខ្ចីផែនទី ពីអង្គការសហប្រជាជតិ និងប្រទេសមហាអំណាច មកផ្ទៀងផ្ទាត់នេះ បានបង្កមន្ទិល ឲ្យក្រុមអ្នកតាមដានបញ្ហាព្រំដែន និងក្រុមគណបក្សប្រឆាំង ចោទរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានបង្កើតផែនទីមួយ ដោយគ្មានការទទួលស្គាល់ ជាអន្តរជាតិ ឬជាផែនទីក្លែងក្លាយ ទៅចរចានិងបោះបង្គោល ជាមួយប្រទេសវៀតណាម។ ដោយសារតែដូច្នេះហើយ ទើបលោក ហ៊ុន សែន បាន«ដំដែកគោលបញ្ចូលឲ្យកប់» ធ្វើយ៉ាងណាស្វែងរកផែនទី ដែលគេនិយាយថា ជា«ផែនទីពិត» មកជជែកជាមួយគ្នា ឲ្យដឹងសខ្មៅ។ ក្នុងព្រឹកថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី បានព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យបង្ហាញផែនទីដែលខ្លួនមាននោះ ចេញមកដាក់លើតុ ឬបើមិនអញ្ចឹងទេ នឹងមានវិធានការ តាមផ្លូវច្បាប់៕