មេ​បក្ស​ប្រឆាំង​បន្ត​ជួប​អ្នក​គាំទ្រ បន្ទាប់​ពី​រដ្ឋាភិបាល​ដក​បម្រាម​ប្រមូល​ផ្តុំ

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានផ្តើមចុះជួបអ្នកគាំទ្រតាម​មូលដ្ឋាន​វិញហើយ បន្ទាប់ពីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្រេចដកបម្រាមការប្រមូលផ្តុំជាសាធារណៈ ដែលត្រូវ​បានដាក់តាំងពីដើមខែមករា មកនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានផ្តើមចុះជួបអ្នកគាំទ្រតាម​មូលដ្ឋាន​វិញហើយ បន្ទាប់ពីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្រេចដកបម្រាមការប្រមូលផ្តុំជាសាធារណៈ ដែលត្រូវ​បានដាក់តាំងពីដើមខែមករា មកនោះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងជំនួបជាមួយអ្នកគាំទ្រនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

នយោបាយកម្ពុជា - យោងលើសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យ​ដឹង​ថា ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ជាអនុប្រធាន នឹងចុះជួបជាមួយសកម្មជន គាំទ្រ និងប្រជាពលរដ្ឋ នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្កាល នៅរសៀលថ្ងៃ២៦ ខែកុម្ភៈ នេះ។

ស្រុកស្អាង ខេត្តកណ្តាលនេះហើយ ដែលត្រូវគេដឹងមានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ យ៉ាងច្រើនលើសលប់នោះ ហើយគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់លើកពេលជួបអ្នកគាំទ្រនៅទីនោះម្តងផងដែរ កាលពីពេលកន្លងមក។ ការលើក​ពេលនៅពេលនោះ ត្រូវបានគណបក្សជំទាស់នេះអះអាងថា មានក្រុមបាតដៃទី៣ មករំខាននិងមានចេតនា​បង្ក​ហិង្សា​ជាមួយអ្នកគាំទ្រគណបក្សខ្លួន។ តែការអះអាងនោះ ត្រូវ បានលោក អ៊ាវ ចំរើន ស្នងការនគរបាល​ខេត្ត​កណ្តាល និង​សមត្ថកិច្ចមូលដ្ឋាន ច្រានចោល។

ការបន្តជួបអ្នកគាំទ្រជាថ្មីដោយមេដឹកនាំគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ កុម្ភៈ នេះ ត្រូវបានគេកត់សម្គាល់​ឃើញ​ថាបានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា ដែលបានសម្រេចដកបម្រាមការប្រមូលផ្តុំជាសាធារណៈ ពោលគឺអនុញ្ញាតឲ្យមានការប្រមូលផ្តុំ​ជា​សាធារណៈ និងការធ្វើបាតុកម្មឡើងវិញ។

ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកជំនាញការសិទ្ធិមនុស្ស បានលើកឡើងថា ការ​ប្រមូលផ្តុំជាសាធារណៈ និងការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីបង្ហាញឆន្ទៈ របស់អ្នកធ្វើ គឺជាសិទ្ធិមូលដ្ឋាន និងជា​ការវាស់កម្រិតអភិវឌ្ឍន៍លិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ។

ប្រភពដដែលនេះ បន្ថែមទៀត ថា ការប្រមូលផ្តុំជាសាធារណៈ និងការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីបង្ហាញឆន្ទៈ គួរតែមានការលើកទឹកចិត្ត និងគាំពារ នៅក្នុងប្រទេសគោរពលិទ្ធិប្រជាធិបតេយ្យ ហើយមិនត្រូវមានការបំភិតបំភៃ ឬការញុះញង់ឲ្យប្រើអំពើហិង្សា ក្នុងបំណងនយោបាយ ណាមួយនោះទេ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...