មួយឆ្នាំកន្លងទៅហើយ តែឈូក បណ្ឌិត នៅក្រៅឃុំយ៉ាងហឺហា !
នៅថ្ងៃទី២៧ ខែកុម្ភៈ នេះគឺ ជាការគម្រប់ខួបមួយឆ្នាំគត់ ចំពោះការស្វែងរកចាប់ខ្លួនអតីត អភិបាលក្រុងបាវិតដ៏មានឥទ្ធិពល លោក ឈូក បណ្ឌិត ក្រោយពីសាលាឧទ្ធរណ៍ បានបើកសវនាការសម្រេចតម្កល់សាលដីការ របស់សាលាដំបូងខេត្តស្វាយរៀង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៣៨លាន សង់ជំងឺចិត្តជនរងគ្រោះទាំងបីនាក់។
ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការនៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary
ប្រព័ន្ធយុត្តិធម៌ - បើទោះជាលោក លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ជារទៅអគ្គស្នងការនគរបាលជាតិឲ្យ ស្វែងរកចាប់ខ្លួនអតីតៈអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀង ក៏ដោយក៏ជនល្មើសនៅតែពុំទាន់បានចាប់ខ្លួននៅឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនអតីតអភិបាលក្រុងរូបនោះតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់ទទួលបានតម្រុយនៅឡើយទេថាតើគាត់លាក់ខ្លួននៅទីណា។ លោកបានបន្ថែមទៀតថា៖ «យើងសូមប្រកាសជាសាធារណៈថា ប្រសិនបើបងប្អូនទទួលបានដំណឹងពីលោក ឈូក បណ្ឌិត រាយការណ៍មកសមត្ថកិច្ច យើងទឹកជូនរង្វាន់លើកទឹកចិត្ត ហើយថែមទាំងរាក្សាសម្ងាត់ជូនគាត់»។
កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចធ្វើការចោទប្រកាន់សារជាថ្មីឡើងវិញលើលោក ឈូក បណ្ឌិត អតីតៈ អភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ឲ្យរងរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ នៅខណៈតវ៉ាលក្ខខណ្ឌការងារប្រសើ ពីបទបង្កររបួសស្នាមដោយអចេតនា ហើយបង្វិលសុំណុំរឿងនេះទៅឲ្យតុលាការខេត្តស្វាយរៀងបើកសវនាសារជាថ្មីឡើងវិញ។ ហើយនៅថ្ងៃទី ២៥ ខែមិថុនា សាលាដំបូងខេត្តស្វាយរៀងចេញដីការបង្គាប់ឲ្យចាប់ខ្លួន បន្ទាប់ពីតុលាការបានសម្រេចធ្វើការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ ដោយពិន័យជាប្រាក់៣៨ លានរៀល តម្រូវឲ្យបង់សងជំងឺចិត្តឲ្យកម្មការិនីរងគ្រោះទាំងបីនាក់។
អស់សង្ឃឹមទៅនិងការរងចាំរកយុត្តិធម៌អស់រយៈពេល ១ឆ្នាំ បន្ទាប់ពីតុលាការចេញដីការឲ្យចាប់ខ្លួន និង ២ឆ្នាំបន្ទាប់ពីការបាញ់ប្រហារ កម្មការិនី កែវ នា បានថ្លែងឲ្យដឹងថា ពួកនាងមិនមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នោះទេ ក្នុងករណីរបស់ពួកនាងនេះ ដោយសារតែអ្នកដែលប្រព្រឹត្ត គឺជាអ្នកមានអំណាច ហើយអ្នកនៅពីក្រោយក៏ជាអ្នកមានអំណាចផងដែរ។ នាងបានឲ្យដឹងថា៖ «បើសិនជាគេមានចេតនាចង់ចាប់លោកឈូក បណ្ឌិតដាក់គុកមែននោះ គឺគេអាចចាប់បានតាំងពីយូរណាស់មកហើយ មិនចេះតែនិយាយកុហក់ថាមិនដឹងនៅឯណានោះទេ»។
នាងបានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះមិនត្រឹមតែទទួលបានយុត្តិធម៌នោះទេ គឺជំងឺក៏កំពុងតែធ្វើទុកឥតស្រាកស្រាន្ដផងដែរ ពួកនាងតែងតែឈប់ធ្វើការដោយសារតែជំងឺធ្វើទុកបណ្តាលឲ្យនាងសន្លប់។ នាងបាននិយាយរៀបរាប់ទៀតថា៖ «យើងសង្ឃឹមថានឹងបានលុយគ្រាន់ព្យាបាលជំងឺតែពេលនេះអ្វីក៏គ្មានដែរ»។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា នៅក្នុងសុំណុំរឿងនេះតុលាការគ្រាន់តែធ្វើតាមតែនិតិវិធីប៉ុណ្ណោះ គឺពុំមានចេតនាណាមួយដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះនោះទេ។ មើលករណីលោកហេង ពៅ គាត់រត់ទៅប្រទេសក្រៅទៅហើយ នៅតែរដ្ឋាភិបាលទៅតាមចាប់យកមកដាក់ពន្ធនាគារវិញបាន។ លោកបានពន្យល់ថា៖ «ក្នុងរណីនេះ ប្រសិនបើជាពុំមែនមាន អ្នកមានឥទ្ធិពលនៅពីក្រោយខ្នង និង ឈូក បណ្ឌិត ទេ នោះប្រហែលជាជនល្មើស ត្រូវបានចាប់ដាក់ពន្ធនាគារយូរណាស់មកហើយ»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០១៤