កឹម សុខា ប្រតិកម្មនឹងការចាប់ខ្លួន មាជ សុវណ្ណារ៉ា
- ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 12, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ចំពោះការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា នេះ (...) គឺគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទេ» នេះជាប្រតិកម្មលើកដំបូងមួយ និងដោយផ្ទាល់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅនឹងការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំង ដាក់ពន្ធនាគារដោយតុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលម៉ិញនេះ។
ផ្ដល់កិច្ចសម្ភាសទៅឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានថ្លែងថា ការចាប់ខ្លួនមន្ត្រីគណបក្សលោកនេះ ជារឿងចាស់ដដែលៗ ហើយដែលបានកើតឡើង តាំងពីមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៃកិច្ចព្រមព្រៀងរវាងគណបក្សធំៗទាំងពីរ ជាមួយនឹងការសន្យាដោយគណបក្សរៀងៗខ្លួន ពីភាពស្ងប់ស្ងាត់ផ្នែកនយោបាយ។ លោកថ្លែងទៀតថា៖ «ការធ្វើនេះ គឺផ្ទុយនឹងកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា នោះហើយ»។
លោកបានថ្លែងអះអាងថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការដោះលែង លោក មាជ សុវណ្ណារ៉ា ទោះនៅក្នុងរូបភាពណាក៏ដោយ។ ការដោះលែងនេះ អាចជាកាយវិការ បង្ហាញពីបរិយាកាសដ៏ល្អមួយ ដើម្បីឲ្យគណបក្សទាំងពីរបន្តការជជែកគ្នា នៅក្នុងកំណែទម្រង់ទៅមុខទៀត។ ហើយបើទោះជាគណបក្សទាំងពីរ មួយជាគណបក្សប្រឆាំង និងមួយទៀតជាគណបក្សកាន់អំណាចក៏ដោយ ហើយការជជែកតវ៉ា តែងកើតមាននៅក្នុងលិទ្ធិប្រជាធិបតេយ្យជាធម្មតាក៏ដោយ តែគណបក្សសង្គ្រោះជាតិសំណូមពរ សុំឲ្យដៃគូរនយោបាយទាំងសងខាង មានការសហការគ្នាប្រកបដោយសុឆន្ទះជាតិ។
សូមរំលឹកដែរថា នៅក្នុងព្រឹ្តត្តិការណ៍ចុងក្រោយនេះ ពលរដ្ឋជាង១០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ ព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា។ ក្រុមពលរដ្ឋនិងព្រះសង្ឃទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងដាក់ពន្ធនាគារក្នុងម្នាក់ៗ/អង្គ ចំនួនមួយឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពីបទ«បង្កឧបសគ្គដល់ចរាចរណ៍»។
ដោយឡែក លោក មាជ សុវណ្ណារ៉ា ដែលមានតួនាទី ជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួន ពីបទផ្ដើមគំនិតឲ្យមានហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្មខុសច្បាប់ នៅក្នុងព្រឹត្តិការណ៍វាយតប់គ្នា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ អាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ បើតុលាការរកឃើញថា លោកពិតជាមានទោសមែននោះ៕