សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ជាសារជូនពរដ៏ខ្លីមួយ ពីសំណាក់មេដឹកនាំប្រឆាំង បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថា រូបលោក​បាន​ធ្លាក់​ខ្លួន​ឈឺ ត្រូវ​ទៅ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់ នៅឯមន្ទីរពេទ្យក្រៅស្រុក។
សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅក្នុងពិធីទទួលទានអាហារពេលល្ងាច ជុំគ្នាជាលក្ខណៈគ្រួសារមួយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 05, 2017
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានប្រកាសកាល​ពីម្សិលម៉ិញ ថាលោក​បានធ្លាក់ខ្លួន មាន​ជំងឺ តាំង​ពី​រសៀល​ថ្ងៃទី៣ ខែឧសភា​នេះ​មក ដែលចាំបាច់​ត្រូវទៅពិនិត្យ និងព្យាបាលអការៈរោគ​នេះ នៅឯ​មន្ទីរពេទ្យ​ និង​តម្រូវ​ឲ្យ​លុប​ចោល នូវជំនួប​ជាច្រើន រហូត​ដល់​ថ្ងៃទី ៧ ខែឧសភា (ថ្ងៃដែលលោកនាយករដ្ឋមន្ត្រី គ្រោង​ត្រឡប់​​មក​កម្ពុជា​វិញ)។ លោក ហ៊ុន សែន មិនបានបញ្ជាក់​ថា លោកមាន​អាការៈរោគ​អ្វីទេ តែ​លោក​គ្រាន់​តែ​សរសេរ​ឲ្យដឹង​ថា៖ «ដោយការហត់នឿយខ្លាំង​ពេក ខ្ញុំធ្លាក់ខ្លួន​មានជម្ងឺ ដែលចាំបាច់ ត្រូវមកពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ​និង​ព្យាបាល។»។

ក្នុងរយៈពេលចុងក្រោយបំផុតនេះ គេមិនសូវជា​ឃើញលោក ហ៊ុន សែន ថ្លែងសារ​នយោបាយ​ដោយ​ផ្ទាល់ ​ទាក់ទង​នឹង​លោក សម រង្ស៊ី គូប្រជែង​នយោបាយ​​ដ៏​ធំ​របស់​លោក ដែលត្រូវ​អាជ្ញាធរ​កម្ពុជា បង្ខំឲ្យ​និរទេស​ខ្លួន ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​នោះទេ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី តែងបង្ហោះសារនយោបាយខ្លីៗ និង​ឯកសារ​​ជាច្រើន ដែល​និយាយ ​​ពីប្រវត្តិសាស្ត្រ​កម្ពុជា​ទំនើប ដើម្បីអ្វី​មួយ ដែលមេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ អះអាង​​ថា ជាការ​បំភ្លឺ​រឿងរ៉ាវ ដែលរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និងគណបក្សប្រជាជន​កម្ពុជា ព្យាយាម​បិត​បាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...