ចារកម្មអាមេរិក «CIA» ប៉ងធ្វើឃាត គីម ជុង-អ៊ុន?
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 07, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» ថាបានរៀបចំល្បិចកល់ ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន (Kim Jong-Un) ប្រមុខដឹកនាំវ័យក្មេង របស់របបកុម្មុយនីស។ នេះ បើតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់កូរ៉េខាងជើង ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានមួយ មកចុះផ្សាយ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសន្តិសុខរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ភ្នាក់ងារចារកម្មអាមេរិក ដោយមានកិច្ចសហការ«ស្អិតរមួត» ជាមួយភ្នាក់ងារចារកម្ម កូរ៉េខាងត្បូង បានរៀបចំដំណើររឿងមួយឡើង ដោយមានទាំងការប្រើប្រាស់ នូវជាតិគីមីបំពុលផង ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន នៅក្នុងពិធីបុណ្យជាតិមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង។
អត្ថបទរបស់ក្រសួងសន្ដិសុខរដ្ឋ បានលើកឡើងថា សារជាតិវិទ្យុសកម្ម ឬសារជាតិបំពុលគ្មានក្លិន ដែលមានកម្លាំងពុលខ្លាំងបំផុត គឺជាមធ្យោបាយដ៏ប្រសើរជាងគេ ដើម្បីយកមកធ្វើឃាត ដោយហេតុថា គេមិនចាំបាច់ ចូលទៅជិតមុខសញ្ញា ដើម្បីប្រើប្រាស់សារជាតិទាំងនេះ ហើយថែមទាំងធ្វើឲ្យមុខសញ្ញាស្លាប់ រវាងពី៦ខែ ទៅ១២ខែ ដោយមិនដឹងខ្លួន ថែមទៀត។
ការចោទប្រកាន់ ពីគម្រោងធ្វើឃាតនេះ បានធ្វើឡើងស្របពេល នឹងសេចក្ដីប្រកាសជាច្រើនផ្សេងទៀត របស់របបក្រុងព្យុងយ៉ាង ប្រឆាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការលើកឡើងជាហូរហែ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ«ដោះស្រាយ»បញ្ហាកូរ៉េខាងជើង តែម្នាក់ឯង (និងជាមួយសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់) រួមទាំងការដោះស្រាយ តាមផ្លូវយោធានោះផង។
«ការប្រកាសសង្គ្រាម»
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឡើងដល់កម្រិតកំពូល រាប់ចាប់តាំង ពីការសាកល្បងបាញ់កាំជ្រួចអន្តរទ្វីបថ្មីៗបំផុត ពីសំណាក់ប្រទេសកូរ៉េខាងជើង ដោយរំលោភទៅលើការហាមឃាត់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញលើបញ្ហាកូរ៉េ បានជឿថា ប្រទេសកុម្មុយនីសមួយនេះ ដែលនៅតែបន្តអភិវឌ្ឍន៍ គម្រោងសព្វាវុធប្រល័យលោករបស់ខ្លួន កំពុងត្រៀមរៀបចំ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទី៦ទៀត។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសន្តិសុខរដ្ឋកូរ៉េខាងជើង បានចាត់ទុកគម្រោងធ្វើឃាតនេះ គឺជា«ការប្រកាសសង្គ្រាម» ពីសំណាក់សហរដ្ឋអាមេរិក និង«បរិវា» ប្រឆាំង«សាធារណរដ្ឋប្រជាមានិត និងប្រជាធិបតេយ្យកូរ៉េ (ឈ្មោះជាផ្លូវការ របសប្រទេសកូរ៉េខាងជើង)»។ អត្ថបទនោះ បានសរសេរបន្តថា៖ «ភ្នាក់ងារចារកម្ម "CIA" និងចារកម្ម "IS" (កូរ៉េខាងត្បូង) បានពង្វក់ស្មារតី និងបានឲ្យប្រាក់ ទៅឲ្យបុគ្គលម្នាក់ ដែលគេស្គាល់ឈ្មោះ "Kim"។ យើងនឹងបើកមុខជាសាធារណៈ ហើយកំទេចចោល ដោយគ្មានមេត្តា នូវបុគ្គលម្នាក់នេះ ដែលជាភេរវជនចុងក្រោយបង្អស់ នៃភ្នាក់ងារ "CIA" និងភ្នាក់ងារចារកម្មអាយ៉ង (កូរ៉េខាងត្បូង)។»។
រហូតមកដល់ម៉ោងនេះ មិនមានប្រភពណាផ្សេង អះអាងពីគម្រោងធ្វើឃាត ដូចការលើកឡើង របស់របបកុម្មុយនីសទេ។ ភ្នាក់ងារចារកម្ម «CIA» របស់អាមេរិក និង «IS» របស់កូរ៉េខាងត្បូង ក៏មិនមានប្រតិកម្មអ្វីជាផ្លូវការ ទាក់ទងនឹងការចោទប្រកាន់ខាងលើដែរ៕