ព្យុងយ៉ាង គម្រាម​ធ្វើ​សង្គ្រាម​«មួយ​ចំអិន​កំពិស» ដើម្បី«រំដោះ»​កូរ៉េ​ខាង​ត្បូង

របបកុម្មុយនីស​ក្រុងព្យុងយ៉ាង បានគម្រាមបើកការវាយប្រហារ «មួយចំអិនកំពិស» ប្រឆាំងកង​កម្លាំង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និងអាមេរិក ដែលកំពុងធ្វើសមយុទ្ធរួមគ្នា នៅក្នុងពេលនេះ ដើម្បី​«រំដោះ»​ប្រទេស​កូរ៉េខាងត្បូង ពីនឹមត្រួតត្រា របស់«បនប្រតិកិរិយា»។ នេះបើតាមការប្រកាសឲ្យដឹង របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​ប្រទេស​កូរ៉េខាងជើង។
ព្យុងយ៉ាង គម្រាម​ធ្វើ​សង្គ្រាម​«មួយ​ចំអិន​កំពិស» ដើម្បី«រំដោះ»​កូរ៉េ​ខាង​ត្បូង
ការបង្ហាញសាច់ដុំ នៅក្នុងក្បួនព្យុហយាត្រាមួយ របស់ប្រទេសកូរ៉េខាងជើង។ (រូបថត AFP)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 13, 2016
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលដែលការធ្វើសមយុទ្ធ​ប្រចាំឆ្នាំរួមគ្នា រវាងកងទ័ពអាមេរិក និងកូរ៉ខាងជើង កំពុងប្រព្រឹត្តទៅនោះ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ដែលហៅកាត់ថា «KCNA» បានស្រង់សេចក្ដី​ប្រកាស​ព័ត៌មានមួយ របស់បញ្ជាការដ្ឋានកងទ័ព របស់ប្រទេសនេះ មកចេញផ្សាយពីលទ្ធភាព បើកការវាយប្រហារ ប្រឆាំងនឹងកងកម្លាំង«សត្រូវ» ដែលកំពុងធ្វើការហ្វឹកហាត់ នៅក្នុងសមយុទ្ធ។

ទីភ្នាក់ងារផ្លូវការដដែលនោះ បានឲ្យដឹងទៀត កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះថា របប​កុម្មុយនីស កូរ៉េខាងជើង ត្រៀម​ធ្វើការតបតរ​ ចេញ​ពី​គ្រប់​ទិស ទៅនឹងសមយុទ្ធខាងលើនេះ ហើយក៏ជាយុទ្ធនាការ«ដ៏សន្ធាប់»មួយ ដើម្បី​រំដោះប្រទេស​កូរ៉េខាងត្បូង​ទាំង​មូល រួមទាំងរដ្ឋធានី សេអ៊ូល នោះផង។

ជាប្រតិកម្មត្រឡប់ទៅវិញ ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវទៅ​ប្រទេស​កូរ៉េខាង​ជើង ឲ្យបញ្ឈប់នូវរាល់ការគម្រាម និងការបង្ករឿង។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន «Yonhap» របស់ប្រទេសកូរ៉េខាងត្បូង។

ព្រមានប្រើគ្រាប់បែកនុយក្លេអ៊ែរ...

តាំងពីពេលដែលសមយុទ្ធ រវាងកងទ័ពនៃប្រទេសទាំងពីរ (អាមេរិក និងកូរ៉េខាងត្បូង) បានចាប់ផ្ដើម​ដំណើរការ និង​ដែលមានសកម្មភាពខ្លាំងក្លា ជាពេលណាៗទាំងអស់នោះ ប្រទេសកូរ៉េខាងជើង​បានចេញ​ការ​ព្រមាន សឹង​ជា​រៀង​រាល់ថ្ងៃ ចំពោះប្រទេសសម្ព័ន្ធមិត្តទាំងពីរ និងជាពិសេសបានព្រមាន ពីការវាយប្រហារ​«នុយក្លេអ៊ែរ» នោះ​ទៀត។

សភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ មិនដែលបានស្រាកស្រាន្ដម្ដងណាឡើយ រាប់ចាប់តាំង​ពីការសាក​ល្បង​ជា​លើកទីបួន នូវគ្រាប់បែកនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនីស កាលពីដើមខែមករានោះមក។ បន្ទាប់ពីការ​សាកល្បង​គ្រាប់​បែកនោះហើយ នៅខែកុម្ភៈកន្លងទៅថ្មីៗ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួច ប្រភេទ​រយៈ​ឆ្ងាយ​មួយទៀត ដែលជាទង្វើ«រំលោភ»ទៅនឹងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ។ សកម្មភាព​នេះ បានធ្វើឲ្យក្រុមប្រឹក្សាសន្ដិសុខ ធ្វើការកោះប្រជុំជាបន្ទាន់ ហើយព្រមព្រៀងថា នឹងដាក់​ទណ្ឌកម្ម​ជា​លក្ខណៈ​អន្តរជាតិ​បន្ថែម​ទៀត ទៅលើរបបក្រុងព្យុងយ៉ាង ដែល​កំពុង​ឯកោ​ស្រាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...