CNRP៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង ជា​សារ​ព្រមាន​«មេ​ក្លោង»

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន ទៅហើយនោះ បានចេញសេចក្ដីថ្លែងការណ៍មួយ​នៅថ្ងៃនេះ សាទរចំពោះទណ្ឌកម្ម ដែលនាយកដ្ឋានរតនាគារជាតិអាមេរិក ដាក់ទៅលើលោក ហ៊ីង ប៊ុនហៀង និងហៅទណ្ឌកម្មនេះ ជាសារព្រមានដល់ «មេក្លោងរំលោភសិទ្ធមនុស្ស» ដទៃទៀតនៅកម្ពុជា។
CNRP៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង ជា​សារ​ព្រមាន​«មេ​ក្លោង»
ក្រុមកងអង្គរក្ស ដែលចូលរួមធ្វើបាតុកម្ម នៅខែតុលា ឆ្នាំ២០១៥ បានទាត់ធាក់ វាយដុំទៅលើតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ នៅមុខរដ្ឋសភា។ (រូបថតសហការី)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្មបានធ្លាក់ ចុះមកជាបន្តបន្ទាប់ ចំពោះការដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ដែលសម្រេចឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយនាយកដ្ឋានរតនាគារជាតិអាមេរិក។

សម្រាប់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ នៅកម្ពុជា និងដែលត្រូវបានរំលាយចោល ដោយរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីចុងឆ្នាំ ទៅម៉ិញនោះ ទណ្ឌកម្មប្រឆាំងមេបញ្ជាការកងអង្គរក្ស របស់នាយករដ្ឋមន្ត្រី គឺជា «ការផ្ដល់ពន្លឺយុត្តិធម៌មួយ ជូនដល់ជនរងគ្រោះ ដែលរងគ្រោះក្រោមស្នាដៃលោក ហ៊ីង ប៊ុនហៀង»។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះបន្តិច។

លោក ហ៊ីង ប៊ុនហៀង ​ឧត្ដមសេនីយផ្កាយមាសបួន និងជាមេបញ្ជាការ នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានរងទណ្ឌកម្មខាងលើ ដែលមានដូចជា ការបង្កកទ្រព្យសម្បត្តិ ការមិនផ្ដល់ទិដ្ឋការ និងបង្កកផលប្រយោជន៍​ដទៃទៀត​​ជាដើម។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​​បានរកឃើញថា លោក ហ៊ីង ប៊ុន​ហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​ នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​ពីររូប មកពីគណបក្ស​ប្រឆាំង នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។

សេចក្ដីប្រកាស របស់នាយកដ្ឋានរតនាគារជាតិអាមេរិក បានពន្យល់ថា គឺលោក ប៊ុនហៀង និងកងអង្គរក្ស​របស់លោក ហ៊ុន សែន នេះហើយ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក ​​មួយ​រូប​​ផង។

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នៅពេលនេះ ជា«សារព្រមាន​ដល់​មេក្លោង​រំលោភសិទ្ធិ​មនុស្ស​នៅកម្ពុជា​ដទៃទៀត»។ អត្ថបទបានបន្តថា៖ «ពួកគេនឹងមិនរូចខ្លួន ពីសំណាញច្បាប់ឡើយ ហើយពួកគេត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព មកលើប្រជាពលរដ្ឋស្លូតត្រង់ ប្រសិនបើពួកគេមិនចង់ទទួលរងទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ»៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...