រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​និយាយ​រឿង​បោះឆ្នោត​ជា​មួយ ហ៊ុន សែន

ផ្ទុយពីការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ និងរដ្ឋាភិបាលកម្ពុជា លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន ពិតជាបានលើកឡើង នៅក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា សម្រាប់រយៈពេលខ្លី ពីបំណងប្រាថ្នា របស់ប្រទេសជប៉ុន ដើម្បីឲ្យការបោះឆ្នោត នៅកម្ពុជា មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំង ពីឆន្ទះពលរដ្ឋកម្ពុជាម្ចាស់ឆ្នោត។
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​និយាយ​រឿង​បោះឆ្នោត​ជា​មួយ ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 11, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅលើគេហទំព័រ របស់ក្រសួងការបរទេសជប៉ុន បានស្រង់យកប្រសាសន៍ របស់លោក តារ៉ូ កូណូ (Taro Kono) ប្រមុខការទូតរបស់ខ្លួន ដែលបានថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មាន មកសរសេរថា៖ «ខ្ញុំសង្ឃឹមថា ការបោះឆ្នោតជាតិ ក្នុងឆ្នាំនេះ គឺជាការបោះឆ្នោត ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ពីឆន្ទះពលរដ្ឋម្ចាស់ឆ្នោត។ ភាគម្ខាងទៀត (ភាគីកម្ពុជា) បានធានាឲ្យយើងដឹងវិញថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈសេរី ត្រឹមត្រូវ និងឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ពលរដ្ឋ។»។

ការបង្ហោះផ្សាយ ជាសាធារណៈ នូវសំដីរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើឡើងនៅក្រោយការចាកចេញ ពីប្រទេសកម្ពុជា បន្ទាប់ពីលោក តារ៉ូ កូណូ បានធ្វើទស្សនកិច្ចរយៈពេលខ្លីមួយ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមនេះ។

ក្នុងដំណើរទស្សនកិច្ចនោះ ដែលជាឱកាស នៃ​ខួប​លើក​ទី​ ៦៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ កម្ពុជា-ជប៉ុន នោះផង ប្រទេសជប៉ុន បានចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ និង​ឥណទាន​ជាង ៩០ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា ខណៈ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ បានប្រកាស​ព្យួរ​ជំនួយ និង​ថ្កោលទោស​ ចំពោះ​ការបង្ក្រាប​ពីសំណាក់រដ្ឋាភិបាលកម្ពុជា ទៅលើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

ដោយឡែក បន្ទាប់ពីការថ្លែងខាងលើនេះរួច លោក តារ៉ូ កូណូ នៅបានឆ្លើយ ទៅកាន់សំនួរជាច្រើន របស់អ្នកយកព័ត៌មាន ដែលបានចោទសួរលោក ពីបញ្ហានយោបាយកម្ពុជា។ ក្រោយពីបានបញ្ជាក់ថា ការបោះឆ្នោត ជាបញ្ហាផ្ទៃក្នុងកម្ពុជានោះ លោក កូណូ បានថ្លែងឡើងថា កម្ពុជា គឺជាមិត្តរបស់ជប៉ុន តាំងពីយូរឆ្នាំមកហើយ ហើយប្រទេសជប៉ុន ពិតជាមិនចង់ឃើញ មិត្តរបស់ខ្លួន ត្រូវប្រឈមនឹងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងការធ្លាក់ចុះដុនដាប នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នោះឡើយ។

លោក កូណូ បានឆ្លើយបញ្ជាក់ឡើងវិញ ពីការជជែករវាងរូបលោក និងលោក ហ៊ុន សែន ថាលោកបានគូសបញ្ជាក់ ពីជំហររបស់ប្រទេសជប៉ុន ចំពោះការបោះឆ្នោតជាតិខាងមុខ ហើយនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអះអាងត្រឡប់មកលោកវិញ ពីការធានា​ឲ្យមានការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងប៉ុន្មានខែខាងមុខ។ ប្រមុខការទូតជប៉ុន បានថ្លែងឡើងថា ប្រទេសជប៉ុន នឹងបន្តឃ្លាំមើលស្ថានភាពនេះ ជាបន្តទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...