កូនប្រុសទីពីររបស់ ហ៊ុន សែន ឡើងផ្កាយ៣
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ តុលា ២០១៧
- កែប្រែចុងក្រោយ: October 07, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កូនប្រុសនាយករដ្ឋមន្ត្រី ទើបនឹងទទួលបាន ផ្កាយមួយគ្រាប់ទៀត មកពាក់នៅលើស្មារ ជាមួយនឹងផ្កាយពីរគ្រាប់មុន បន្ទាប់ពីលោកត្រូវបានតម្លើងតួនាទី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ នេះ បើតាមព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដែលចុះព្រហស្ថលេខា ដោយព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
គេមិនដឹងឲ្យប្រាកដថា តើការដំឡើងឋានន្តរស័ក្ដិនេះ ធ្វើឡើងក្រោមការវាយតម្លៃការងារ និងតួនាទី តាមរបៀបណាទេ។ បើតាមព្រះរាជ្យក្រឹត្យនោះ បានបញ្ជាក់ថា ដោយ«ទ្រង់យល់សេចក្ដីក្រាបបង្គុំទូលថ្វាយ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្ដិ ថ្នាក់ឧត្ដមសេនីយ៍ឯក ដល់លោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ដែលជាកូនប្រុសទីពីរ របស់នាយករដ្ឋមន្ត្រី។
ការតម្លើងឋានន្តរស័ក្ដិនេះ ធ្វើឡើងស្របជាមួយ នឹងការត្រាសបង្គាប់ ដំឡើងឋានន្តរស័ក្កិថ្នាក់ឧត្តមសេនីយ៍ឯក សម្រាប់មន្ត្រីយោធា៤រូបផ្សេងទៀត ថ្នាក់ឧត្តមសេនីយ៍ទោ សម្រាប់មន្ត្រីយោធា១២រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី សម្រាប់មន្ត្រីយោធា១១រូប ។
លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ។ តំណែង និងតួនាទីខាងលើ បានបន្ថែមលើមុខងារជាច្រើនទៀត ដែលបុរសអាយុ៣៦ឆ្នាំរូបនេះ កំពុងកាន់កាប់ ក្នុងនោះមាន តួនាទីជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ហ៊ុន សែន, អនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា និងអគ្គលេខាធិការរងនៃអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជាជាដើម៕