អាមេរិកនិងអឺរ៉ុប អះអាងបន្តបើកទីផ្សារ និងបង្កើនការបញ្ជាទិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ តុលា ២០១៧
- កែប្រែចុងក្រោយ: October 07, 2017
- ប្រធានបទ: សេដ្ឋកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ លោក វីល្លៀម ហេត (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ហ្សក អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបន្តបើកទីផ្សាររបស់ខ្លួន ដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញ ពីកម្ពុជា ហើយនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹង ផ្នែកផ្សេងទៀតឡើយ។
ជំនួបខាងលើ ដែលប្រព្រឹត្តិទៅក្នុងអាគារក្រសួងការងារ បានធ្វើឡើងមួយថ្ងៃ ក្រោយពីគណៈកម្មការប្រឹក្សាការងារ បានប្រកាសកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ តម្លើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ រហូតដល់១៧០ដុល្លារ (១៦៥+៥ដុល្លារ) ចាប់ពីឆ្នាំ២០១៨តទៅ។
ឯកអគ្គរដ្ឋទូតទាំងពីរ បានសំដែងការអបអបដល់កម្ពុជា ដែលស្វែងរកបានលទ្ធផលដោយរលូន ចំពោះការតម្លើងប្រាក់ឈ្នួល ខាងលើនេះ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ តំណាងប្រមុខការទូតទាំងពីររូប ក៏បានលើកទឹកចិត្ត ឲ្យកម្ពុជាបន្តប្រកាន់ខ្ជាប់ នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយវិវាទការងារ ឲ្យបានលឿននិងមានតម្លាភាព។
សហភាពអឺរ៉ុប ដែលជាបណ្ដុំប្រទេសចំនួន២៨ នៅក្នុងទ្វីបអ៊ឺរ៉ុប ជាលំហទីផ្សារនាំចេញ ធំជាងគេរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។ សហរដ្ឋអាមេរិក ជាលំហទីផ្សារនាំចេញទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប។
សូមបញ្ជាក់ដែរថា កម្ពុជាបាននាំចេញ នូវផលិតផលវាយនភណ្ឌ សម្លៀកបំពាក់និងស្បែកជើង ទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក មានតម្លៃជិត៧ពាន់លានដុល្លារអាមេរិក ខណៈ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុប មានតម្លៃប្រមាណ ៧ពាន់៣រយលានដុល្លារអាមេរិក។ នេះ បើតាមតួលេខ របស់របាយការណ៍ ក្នុងឆ្នាំ២០១៦កន្លងទៅ៕