វីល្លៀម ក័ង ដាក់​បេក្ខភាព​តំណាង​រាស្ត្រ​តាម​​បញ្ជា ហ៊ុន សែន?

ប្រភពមួយ ពីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្កម ហៅ វីល្លៀម ក័ង (William Guang) និងដែល​បានចេញមុខឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ ជាមួយគណបក្សថ្មីមួយនោះ ជាការរៀបចំឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វីល្លៀម ក័ង ដាក់​បេក្ខភាព​តំណាង​រាស្ត្រ​តាម​​បញ្ជា ហ៊ុន សែន?
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក វីល្លៀម ក័ង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 03, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីម្សិលម៉ិញ លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្កម ហៅ វីល្លៀម ក័ង (William Guang) បានប្រកាស នៅលើគណនីខ្លួនថា លោកនឹងចូលខ្លួនធ្វេីនយោបាយ ក្នុងគណបក្សថ្មីមួយ ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រ ដើម្បី​«បម្រើ​ប្រជាពលរដ្ឋ»។ តែប្រភពមួយ ពីក្រសួងមហាផ្ទៃ បានអះអាងថា ជំហានថ្មីរបស់លោក វីល្លៀម ក័ង ជាការផ្ចុងផ្ដើមឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យគេឯងមើលឃើញថា កម្ពុជាមានបេក្ខជនគូប្រជែងច្រើន ប្រឆាំងនឹងរូបលោក។

នៅលើគណនីរបស់ខ្លួន លោក វីល្លៀម ក័ង អ្នកប្រើប្រាស់​បណ្ដាញសង្គម​ដ៏ល្បី បានសរសេរថា៖ «ដោយយោងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រួមទាំងគោលបំណងរបស់ខ្ញុំផង ខ្ញុំសុំប្រកាសជាសាធារណៈ ថានឹងចូលខ្លួនធ្វេីនយោបាយ ក្នុងគណបក្សថ្មីមួយ ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រ ដេីម្បីចូលរួមបម្រេីជាតិ បម្រេីប្រជាពលរដ្ឋ ! ហេីយចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត នៅអាណត្តិនេះ។»។

មន្ត្រីមួយរូបពីក្រសួងមហាផ្ទៃ បានទម្លាយឲ្យដឹងថា ការប្រឡូកចូលក្នុងឆាកនយោបាយ របស់បុរសឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ម្នាក់នេះ ជាការរៀបចំឡើង របស់លោក ហ៊ុន សែន។ មន្ត្រីដែលមិនបញ្ចេញឈ្មោះរូបនោះ បានលើកឡើងថា៖ «សម្ដេច [ហ៊ុន សែន] ឲ្យ វីល្លៀម ចូលធ្វើតំណាងរាស្ត្រ ជាមួយបក្សមួយ ដើម្បីចូលរួមប្រកួត ជាមួយនឹងគាត់ ឲ្យបរទេសមើលឃើញ ថាការបោះឆ្នោត [នោះ] ត្រឹមត្រូវ»។

ដោយភាពធុញទ្រាន់ ដែលត្រូវធ្វើកិច្ចការនយោបាយ ច្រើនជាងកិច្ចការ​សម្រាប់ជាតិ និងប្រជាជននោះ មន្ត្រីខាងលើ​បានបន្តទៀតថា៖ «សម្ដេច គាត់ចំណាយលុយមិនស្ដាយទេ ច្រើនណាស់ ដើម្បីបង្កើត​បក្ស​អាយ៉ង​របស់​គាត់​ ឲ្យបាន​ច្រើន ហើយគាត់នឹងរៀបចំ ឲ្យមានពួកបក្សអាយ៉ង មានកៅអីនៅរដ្ឋសភា ដើម្បីបោកភ្នែកអន្តរជាតិ»។

ការប្រកាសរបស់លោក វីល្លៀម ក័ង វ័យ៤៣ឆ្នាំ ខាងលើ បានធ្វើឡើង នៅក្នុងខណៈពេល ដែលប្រទេសកម្ពុជា កំពុងស្ថិតក្រោមការក្ដោបក្ដាប់អំណាចទាំងស្រុង ដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគណបក្សកាន់អំណាចមួយនេះ បានបង្កើតច្បាប់ ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយគណបក្សប្រឆាំង​ចោលទាំងស្រុង និងហាមឃាត់មន្ត្រីសំខាន់ៗ របស់គណបក្សនេះ មិនឲ្យមានមុខ ក្នុងឆាកនយោបាយខ្មែរ ជាបន្តទៀត កាលពីពាក់កណ្ដាលវិច្ឆិកាមុន។ នេះ គេត្រូវរាប់បញ្ចូល ពីករណីប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកនយោបាយ​ប្រឆាំង​មួយចំនួនទៀត ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ក្នុងពន្ធនាគារ រហូតមកដល់ថ្ងៃនេះ។

ស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជា ក៏កំពុងត្រូវបានប្រទេសជាច្រើន អង្គការអន្តរជាតិ រួមនឹងអង្គការសហប្រជាជាតិផង ធ្វើការថ្កោលទោស និងព្រមាន​មិនទទួលស្គាល់ការបោះឆ្នោតជាតិ ក្នុងខែកក្កដាខាងមុខ ខណៈក្រុមអ្នកនយោបាយប្រឆាំង បានចាត់ទុក ការបោះឆ្នោតមួយនេះ ថាគ្រាន់តែជាឆាកកំប្លែង ដើម្បីអនុញ្ញាត​ឲ្យលោក ហ៊ុន សែន អាចនៅបន្តកាន់អំណាច ដោយល្អមើលប៉ុណ្ណោះ។

យ៉ាងណា លោក វីល្លៀម ក័ង បានលើកឡើង ដោយប្រើឃ្លាមួយដូច្នេះថា «ដោយយោងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស» ដោយទំនងជា លោកចង់និយាយ ពីគណបក្សផ្សេងទៀតជាច្រើន ដែលខ្លះមានសកម្មភាពតិចតួច ខ្លះមិនមានសកម្មភាព និងខ្លះទៀត ទើបនឹងត្រូវបានបង្កើតថ្មី និងដែល​កំពុង​មានវត្តមាន នៅក្នុងឆាកនយោបាយខ្មែរ។ ហើយបើតាមការអះអាងខាងលើ រូបលោកផ្ទាល់ ក៏នឹងត្រូវក្លាយជា​«តួអង្គ»​ថ្មី​ម្នាក់ទៀត សម្រាប់«លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស» របស់កម្ពុជា នាពេលនេះដែរ។

ក្នុងពេលកន្លងមក មានអ្នកនយោបាយជាច្រើន ដែលបាន​ប្រើប្រាស់​យុទ្ធសាស្ត្រ បែបអំពិលអំពែករបស់ខ្លួន ធ្វើនយោបាយនៅកម្ពុជា។ តែទីបំផុតទៅ អ្នកនយោបាយ អំពិលអំពែកទាំងនោះ បានសុំចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា មុននឹងទទួលតំណែង ជា​«ឯកឧត្ដម» ឬ​«លោកជំទាវ» នៅក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើបែបវាហី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...