អូបាម៉ា ស្បថកាន់តំណែង៖ នាងប៊ីយ៉ុនស្សេ ច្រៀងភ្លេងជាតិ«ដែលថតទុក»
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទស្សនាវដ្ដីអង់គ្លេស «ឌឺថែម (The Times)» បានបង្ហើបរឿងនេះ ពីអ្នកនាំពាក្យម្នាក់ នៃក្រុមអ្នករៀបចំ ការប្រគុំដន្ត្រី នៅទីនោះ។ មូលហេតុដែលគេអាចដឹង នៅពេលនេះ ដោយមកពីលក្ខខ័ណ្ឌឧត្តុនិយមមិនអំណោយផល នឹងឲ្យអ្នកចម្រៀងណាក៏ដោយ អាចច្រៀងដោយផ្ទាល់បាន។
នាងប៊ីយ៉ុនស្សេ នៅលើវេទិកា ច្រៀងចម្រៀងភ្លេងជាតិ។ AP Photo/Pablo Martinez Monsivais
បើនិយាយទៅ អ្នកចម្រៀងប៊ីយ៉ុនស្សេ (Beyoncé) បន្លំយើង ពិតជាបានល្អមែន! ក្នុងខណៈដែលពិភពលោក បានសម្លឹងមើលនាងច្រៀងភ្លេងជាតិ កាលពីថ្ងៃច័ន្ទទី២១មករា ក្នុងពិធីសម្បថឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងការកោតស្ងប់ស្ងែងនោះ ទស្សនាវដ្ដី«ឌឺថែម»ឯណេះ បានមកបំបែកក្ដីស្រមៃរបស់យើង ដោយបានបង្ហើបថា នាងប៊ីយ៉ុនស្សេ បានច្រៀងចម្រៀងភ្លេងជាតិនេះ ជាមួយនឹងចម្រៀងមួយ ដែលបាន«ថតទុកជាមុន»។
ទស្សនាវដ្ដីបានលើកយក សម្ដីរបស់អ្នកនាំពាក្យម្នាក់ នៃការរៀបចំប្រគុំដន្ត្រីប្រចាំពិធីធ្វើសម្បថ មកអះអាងថា «ថតចម្រៀងនេះ នៅក្នុងស្ទូឌីយ៉ូ ទុកបង្កា ជារឿងមួយធម្មតាទេ សម្រាប់កម្មវិធីធំៗបែបនេះ។ ហើយនាងប៊ីយ៉ុនស្សេ បានសម្រេចចិត្តបែបនេះ នៅមុនការសម្ដែងហ្នឹងបន្តិច ថានឹងធ្វើយ៉ាងដូច្នេះ ជាជាងការច្រៀងដោយផ្ទាល់ ដែលនឹងអាច មានបញ្ហានៅលើវេទិការ។»
ជាពិសេស នៅពេលច្រៀង គេសង្កេតឃើញ នាងប៊ីយ៉ុនស្សេបានដោះកាសស្ដាប់ត្រជៀកចេញ (កាស - សម្រាប់ធ្វើសម្លេងអោយលឺមកវិញ) មើលទៅដូចជា«នាងមិនចាំបាច់ត្រូវការ» របស់នេះទៀតទេ។ តែដឹងអី ... បើគ្រាន់តែធ្វើមាត់ម្ហបៗ តាមចម្រៀងដែលថតទុកនោះ។
មិនមែនជាលើកទីមួយ ដែលរឿងបែបនេះកើតមានឡើង ក្នុងពិធីធំៗយ៉ាងពិសេសៗ ដូចពិធីសម្បថចូលកាន់តំណែង ជាប្រធានាធិបតីនេះជាដើម។ កាលពីឆ្នាំ១៩៩១ ខណៈកំពុងផុងជាប់ក្នុងសង្គ្រាមនៅឈូងសមុទ្រពែករ្ស៍ អ្នកចម្រៀងវីតស្នី ហូស្តុន (Whitney Houston) បានសន្ដំអារម្មណ៍ ក្នុងពិធីប្រកួតបញ្ចប់កីឡាបាល់អោប ជាមួយនឹងចម្រៀង ដែលបានថតទុកដូចគ្នា៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ