សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ២)

ជិតពីរឆ្នាំ បន្ទាប់ពីសាកសពលោកនិងកូនទាំងបួនរបស់លោក ត្រូវបានរកឃើញ ពីក្នុងត្រពាំងនៃបរិវេណ​គេហដ្ឋាន​​របស់​​លោក ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា សហការជាមួយនឹងអាជ្ញាធរបារាំង កំពុងតាមប្រម៉ាញ់ ស្វែងរក​ជន​នៅ​ពី​ក្រោយ ហេតុការណ៍​​ដែល​ការ​ស៊ើប​អង្កេត​លើសំនុំរឿង បានឈានបន្តិចម្ដងៗ ឆ្ពោះទៅរកករណី​«ឃាតកម្ម»។
សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ២)
រថយន្ដ និងសាកសព ដែលនៅសល់តែឆ្អឹង ត្រូវបានស្រង់ចេញពីត្រពាំង នៅក្រោយផ្ទះរបស់លោក។ (Photo REUTERS/Pring Samrang)
Loading...
  • ដោយ: ដារា រិទ្ធ ដោយ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មេសា ២០១៣
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ: ស៊ើបអង្កេត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អត្ថបទផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣
---------------------------------------------

បទយកការណ៍ភាគទីមួយ មាននៅលើ ខ្សែរភ្ជាប់នៅទីនេះ

ជនរងគ្រោះឪពុក កូនទាំងប្រាំនាក់ ត្រូវបានគេរកឃើញ ជាប់នៅក្នុងរថយន្ដ៤X៤របស់ខ្លួន ចតត្រាំក្នុង​ទឹក​ត្រពាំង ក្នុង​បរិវេណដីផ្ទះរបស់គាត់ ប្រមាណជាមួយខែក្រោយពេលបាត់ខ្លួន។ ជាមួយនឹងពាក្យបណ្ដឹង របស់​គ្រួសាររបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នៅតំបន់ អូត-ពីរ៉េណេ (Hautes-Pyrénées) ក្នុង​ប្រទេស​បារាំង ចៅក្រមស៊ើបអង្កេត​មួយរូប ដែល​ត្រូវបានតែងតាំងអោយទទួលបន្ទុក ក្នុងកិច្ចការនេះ បានចុះទៅ​ប្រទេស​កម្ពុជា​ដោយផ្ទាល់ ដើម្បីបើក​កកាយ​សំនុំរឿងនេះ​ឡើងវិញ។ សមត្ថកិច្ចនគរបាលកម្ពុជា ដែល​ទំនង​ជា​ចង់បិតសំនុំរឿង ក្នុងដំណាក់កាលស៊ើប​អង្កេត​ដំបូងរបស់ខ្លួននោះ ​បានដាក់ការ​សង្ស័យ​ទាំង​អស់ ថាជា​ករណី​«អត្តឃាត» របស់បុរសជនជាតិបារាំង ជាមួយនឹងកូន​គាត់ទាំងបួននាក់។

សូមរកអានសំនុំរឿងនេះឡើងវិញ ដោយចុចនៅលើ ខ្សែភ្ជាប់ទីនេះ

ជាលទ្ធផល ពីការស៊ើបអង្កេតតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ចៅក្រមជនជាតិបារាំងមកពីតុលាការទីក្រុងប៉ារីស លោកស្រី ក្លូឌីន អង់ហ្វូ (Claudine Enfoux) បានរកឃើញថា សំនុំរឿងនេះស្ថិតនៅឆ្ងាយពីអំពើអត្តឃាត។ កាលពីថ្ងៃសុក្រទី២២​ខែមិនា សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «ជំហានបោះទៅមុខ ដែលមាន​លក្ខណៈ​ប្រាកដនិយម ត្រូវបានធ្វើដោយសម្រេច។ ជំហានទាំងនេះ បាន​អនុញ្ញាត​​អោយ​ដឹង ចាប់ពីពេលនេះតទៅ នូវ​ការបញ្ជៀស​នៃសេចក្ដីសន្និដ្ឋាន ដែលគិតថាជាអត្តឃាត។»

សម្រាប់គ្រួសារជាជនជាតិបារាំង លោកឡូរ៉ង់ មិនមែនជាបុរសគិតខ្លីនោះទេ

ចំណែកចៅក្រមស៊ើបអង្កេតខ្មែរ នៅសាលាដំបូងខេត្តកំពង់ស្ពឺ លោក ឆែម ឬទ្ធី បានលើកឡើងពីការរក​ឃើញ មាន​ស្នាម​​ឈាមនៅលើខ្សែពួរ និងនៅក្នុងផ្ទះរបស់ជនរងគ្រោះ។ លោកបាននិយាយថា «មិនមែនជាករណី​អត្តឃាតទេ»។

លោក ស៊ាវីយ៉េ វ៉ាលីយ៉េ (Xavier Vallier) បងប្រុសរបស់លោក ឡូរ៉ង់ បានសម្ដែងការពេញចិត្ត ទៅនឹងការ​រក​ឃើញ​ថ្មីៗ នៃប្រព័ន្ធយុត្តិធម៌ ដែលលោកបានសង្ឃឹមតាំងពីយូរមក។ មុននេះលោកស៊ាវីយ៉េ ធ្លាប់បាន​និយាយ​ថា «កម្ពុជា​លេង​ល្បែង មិនត្រូវក្រឡា។ ខ្ញុំមានអារម្មណ៍ថា អាជ្ញាធរខ្មែរ បានផ្អិបសំនុំរឿងនេះ ដោយ​សារ​ចង់​រក្សា​មុខមាត់ ឲ្យ​ប្រទេស​របស់ខ្លួន ក្នុងខណៈដែលវិស័យទេសចរណ៍ កំពុងតែរីកចម្រើន និងមានការ​ទាក់​ទាញ ពីអ្នកវិនិយោគទុន​នោះ។»

ទាក់ទងនឹងសេចក្ដីសន្និដ្ឋាន ដែលថាលោកឡូរ៉ង់ធ្វើអត្តឃាត លោកស៊ាវីយ៉េ បានបញ្ចេញប្រតិកម្មថា «វា​មិន​ទំនង។ ឡូរ៉ងលែងគិតគូរស្រណោះស្រណោក ពីការស្លាប់របស់ប្រពន្ធទៀតហើយ។ ម្យ៉ាងទៀត ឡូរ៉ង់​ ទើប​នឹង មាន​គម្រោង​ចង់​បើក​កន្លែងកំសាន្ដ លេងទឹក ថែមទៀត។ នៅមុនការបាត់ខ្លួនរបស់ឡូរ៉ង់ មិត្តភ័ក្រ​បារាំង ដែលបានទៅលេងផ្ទះ​របស់​ឡូរ៉ង់ ក៏​បាននិយាយដែរថា ឡូរ៉ង់មានអារម្មណ៍ល្អ។» បងប្រុសលោក ឡូរ៉ង់ រូប​នេះ ទំនង​ជា​ប្រាកដក្នុង​ចិត្តយ៉ាង​ខ្លាំង ដោយបាន​បញ្ជាក់ថា «សាកសពកូន របស់ឡូរ៉ង់ពីរនាក់ ត្រូវបានរក​ឃើញ​ក្នុងវ៉ាលីស។ វាជាផ្នែកមួយ នៃជំនឿ​នៅអាស៊ី ក្នុងការ​សម្លាប់ខ្លួន ដែលឡូរ៉ង់ខ្លួនឯង មិនដែល​នឹក​គិត​ដល់​ទាល់​តែសោះ។»

កេរ្តិ៍មរតកដីធ្លី ជាបញ្ហា?

លោកឡូរ៉ង វ៉ាលីយ៉េ បានមកដល់កម្ពុជានៅឆ្នាំ២០០០ ដើម្បីប្រកបរបរ ជាមគ្គុទេសទេសចរណ៍។ លោក​បាន​បើក​រក​ទទួលទានជាបន្តបន្ទាប់ នូវភោជនីយដ្ឋានមួយ និងផ្ទះសំណាក់ជាច្រើន។ ប៉ុន្តែដោយសារលោក ជា​ជន​បរទេស ច្បាប់​របស់ប្រទេសកម្ពុជា មិនអនុញ្ញាតអោយលោក អាចទិញអចលនវត្ថុ បានទេ។ ហេតុដូច្នេះ ក្នុង​ពេល​នោះ លោកត្រូវ​ដាក់​ឈ្មោះអតីតប្រពន្ធរបស់លោក ដើម្បីទិញផ្ទះចំនួនពីរខ្នង និងដីស្រែជា​ច្រើន​កន្លែង​ផ្សេង​ទៀត។ ប៉ុន្តែនៅក្រោយ​ពេល​ដែល ភរិយាលោកបានស្លាប់ទៅក្នុងឆ្នាំ ២០០៩នោះមក បញ្ហា​មរតក​ដីធ្លី​នេះ បានក្លាយជាចំណោទយ៉ាងសំខាន់ ដែល​ការស៊ើប​អង្កេតក្នុងពេលបច្ចុប្បន្ន បែរមុខព្រួយទៅរក។

ចៅក្រមឆែម ឬទ្ធី ធ្លាប់បាននិយាយថា គ្រួសារខាងប្រពន្ធលោក ឡូរ៉ង់ ទំនង«ជាចង់បាន» ដីមរតកទាំងនោះ។ លោក​ចៅក្រម បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គ្រួសារជាជនជាតិខ្មែរទាំងនោះ បាន​ទទួល​កម្មសិទ្ធ​ទៅលើ​ដី ដែលធ្លាប់ជាកម្មសិទ្ធ របស់អតីតប្រពន្ធលោកឡូរ៉ង់ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុង​ពេលបច្ចុប្បន្ន តុលាការ​ខ្មែរ​បានផ្អាក រាល់ការផ្ដោះប្ដូរកម្មសិទ្ធទាំងនោះ ដោយសារការស៊ើបអង្កេត កំពុង​តែ​ត្រូវ​បានធ្វើជាបន្ត។

នៅពេលដែលសាកសពលោកឡ៉រ៉ង់ ត្រូវបានស្រង់ពីត្រពាំងមកនោះ ឪពុកក្មេករបស់លោក ឡូរ៉ង វ៉ាលីយ៉េ លោក ទិត្យ ឈួន បានអះអាងថា លោកមិនជឿទាល់តែសោះថា ពីករណីអត្តឃាតនេះ។ តែបានគិត​តាំង​ពី​ដំបូង​មក ថាកូន​ប្រសារ និងចៅរបស់លោកទាំងបួន ប្រាកដជាត្រូវបានគេធ្វើឃាត។ តែជាពាក្យសម្ដី ដែល​លោក ស៊ាវីយ៉េ ដាក់ការ​សង្ស័យ​មក​លើ ហើយចោទជាសំនួរថា ហេតុអ្វីក៍លោក ឪពុកក្មេកលោកឡូរ៉ង់ រូប​នេះ ប្រាកដ​ក្នុងចិត្តម្លេះ?

លោក ស៊ាវីយ៉េ បានសង្កត់ធ្ងន់ថា «ឡូរ៉ង់ មានគេច្រណែន ដោយសារឡូរ៉ង់មានដីមានផ្ទះ។ ឡូរ៉ង់ត្រូវ​បាន​ចាត់​ទុក ថាជា​អ្នកមានម្នាក់។ ប៉ុន្តែនៅមុនការបាត់ខ្លួន ឡូរ៉ង់ធ្លាប់និយាយថា ខ្លួនលែងមាន​សុវត្ថិភាព​ទៀត​ហើយ។ (...) ឆ្កែរបស់​ឡូរ៉ង់ ធ្លាប់ត្រូវបានគេបំពុល អោយស្លាប់ ហើយសម្ភារៈរបស់របរ ក្នុងបរិវេណ​ដីធ្លី​របស់​គាត់ ត្រូវ​បាន​គេ​លួច ឬបំផ្លិច​បំផ្លាញ។»

ឡូរ៉ង់ វ៉ាលីយ៉េ ធ្លាប់ជួយផ្ដល់លុយកាក់ ទៅដល់សមាជិកមួយចំនួន នៃគ្រួសាររបស់អតីតប្រពន្ធលោក ប៉ុន្តែ​រហូត​មក​ដល់ រយៈចុងក្រោយនេះ (មុនពេលលោកបាត់ខ្លួន) លោកឡូរ៉ង់ បានផ្អាកការឧបត្ថម្ភទាំងនោះ។ លោក​ស៊ាវីយ៉េ យល់​ថា ការ​ផ្អាកលែងផ្ដល់លុយកាក់នេះ បានធ្វើអោយការទាក់ទងរវាង ឡូរ៉ង់ និងគ្រួសារ​ខាង​អតីត​ប្រពន្ធរបស់ឡូរ៉ង់ មាន​ភាព​ស្មុគ្រ-​ស្មាញ និងឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំងឡើង។

អ្វីដែលជាក្ដីសង្ឃឹមរបស់ក្រុមគ្រួសារជាជនជាតិបារាំង គឺយុត្តិធម៌ត្រូវបានរកឃើញ សម្រាប់ឡូរ៉ង់ និងកូន​ទាំង​បួន ដែល​ទើបតែមានអាយុពី២ឆ្នាំទៅដល់៩ឆ្នាំ តែត្រូវបានរកឃើញស្លាប់ យ៉ាងអាណោចអាធមបំផុត ក្នុង​រថយន្ដ​ផ្ទាល់ខ្លួន មិន​ដែល​ធ្លាប់ឃើញពីមុនមក៕

---------------

បទយកការណ៍នេះ នឹងវិលមកវិញ ក្នុងភាគក្រោយៗ របស់ខ្លួនទៀត ប្រសិនបើការស៊ើបអង្កេត មានការ​វិវត្ត​ទៅមុខ ឬមាន​ហេតុការណ៍អ្វីផ្សេងកើតឡើង ជុំវិញសំនុំរឿង។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...