ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ

ការផ្សាយដំណឹង និងរូបថត ដោយខ្វះវិជ្ជាជីវះរបស់ កាសែតខ្មែរក្នុងស្រុកមួយចំនួន បានដុតបញ្ឆេះកំហឹង របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​ប្រទេស​កម្ពុជា មិនអោយនៅស្ងៀមតទៅទៀត។
ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ
រូបភាពដ៏ហឹង្សា ដែលសារពត៌មានខ្មែរ នៅតាមបណ្ដាញអាំងទើណែត ភាកច្រើនបានចុះផ្សាយ។
Loading...
  • ដោយ: កេសរ កូល ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: July 26, 2012
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិបារាំងម្នាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២៣ ចូលថ្ងៃទី២៤កក្កដា ក្នុង​ខណៈ​ដែលលោក​កំពុងតែជិះម៉ូតូ។ គេបានអោយដឹងថា ជនជាតិបារាំងនេះ ឈ្មោះ ហ្រ្វង់ ម៉ាទីជើ (Franck Mathieu) អាយុ ៤៣ឆ្នាំ បានត្រូវ បាញ់សម្លាប់ ប្រហែលជាមកពីគាត់ បានប្រកែកមិនព្រមប្រគល់ទូរស័ព្ទ ឬ ក្ដាបញ្ជា អាយប៉ាដ ( iPad) ទៅពពួកជនល្មើស ជាប់សង្ស័យនោះ។

ការបាញ់សម្លាប់បានកើតមានជារឿយៗ នៅប្រទេសកម្ពុជា ហើយវាបានក្លាយជាទម្លាប់ធម្មតារបស់ អ្នក​កាសែត​ក្នុងស្រុក​មួយចំនួន ក្នុងកាផ្សាយពត៌មាន ពី«បទល្មើស»ទាំងនេះ ដោយព្រមទាំងមានភ្ជាប់រូបថត របស់​ជនរងគ្រោះមកជាមួយផង។ រូបភាពខ្លះ ជារូបភាព យ៉ាងរន្ធត់ខ្លោចផ្សារជាទីបំផុត ដែលគេមិនគួរ នឹង​អោយ​សារធារណជន​ជាទូទៅ មើលឃើញនោះ ទេ។ ការផ្សាយនេះ វាបានធ្វើហួសពីបន្ទាត់ព្រំដែន នៃវិជ្ជាជីវះ​របស់​អ្នកសារពត៌មាន និងសិទ្ធនៃការទទួលពត៌មាន របស់ ពលរដ្ឋ តែវាបានប្រែក្លាយជា អាជីវកម្មមួយ​យ៉ាង​អមនុស្សធម៌ និងមិនមានភាពថ្លៃថ្នូ សំរាប់អ្នកសារពត៌មានខ្លួនឯងផង និង ជាពិសេសនៅចំពោះមុខ ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​នៃជនរងគ្រោះផង។

នៅលើកនេះ ការចុះផ្សាយព្រឹត្តិការណ៍ឃាតកម្ម (ជាពិសេសនៅលើ បណ្ដាញអាំងទើណែត) ជាមួយនឹង​រូបថត​របស់​ជនរងគ្រោះ ជាជនជាតិបារាំងម្នាក់នេះ បានត្រូវទទួលត្រឡប់មកវិញ នូវប្រតិកម្មយ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់ស្ថានទូតបារាំង ប្រចាំនៅទីក្រុងភ្នំពេញ ប្រៀបបាននឹងការជះទឹកត្រជាក់ ដាក់មុខ របស់អ្នក​សារពត៌មាន​ទាំង​នោះ យ៉ាងដូច្នេះ។ សេចក្ដី ប្រកាសមួយ របស់ស្ថានទូន មានលក្ខណៈជាការជំទាស់ បាន​ចេញ​ផ្សាយ​ចេញជាបីភាសា ទៅអោយ គ្រប់បណ្ដាអ្នក សារពត៌មានទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។

សេចក្ដីប្រកាស បានសោកស្ដាយពីរូបថត ដែលបានប៉ះពាល់យ៉ាងខ្លាំងទៅដល់ ការគោរពនៃជីវិតឯកជន និង​ភាព​ថ្លៃថ្នូរនៃ មនុស្ស ហើយផ្ទុយនឹង គោលការណ៍គ្រឹះរបស់ របបច្បាប់សារពត៌មាន។ ស្ថានទូតបារាំង បាន​អំពាវនាវ​អោយបញ្ឈប់ទៅ នូវការផ្សាយទាំងឡាយណា ដែលមានភាពរន្ធត់ ជាពិសេសបានប៉ះពាល់ទៅនឹង គ្រួសារ​នៃ​ជន​រងគ្រោះ និងមិនមាន វិជ្ជាជីវះ ជាអ្នកសារពត៌មានពិតប្រាកដ។

ស្ថានទូតបារាំងក៏បានរំលឹក ពីករណីដូចគ្នា កាលពីប៉ុន្មានខែមុន ក្នុងខេត្រកំពង់ស្ពឺ ដែលបណ្ដា​សារពត៌មាន​កម្ពុជា បាន ផ្សាយពីឃាតកម្មមួយ ទៅលើគ្រួសាររបស់ជនជាតិបារាំងម្នាក់ឈ្មោះ ឡូរ៉ង់ វាលីយ៉េ (Laurent Vallier) ដោយបានចុះ ផ្សាយពីរូបថត ប្រហាក់ប្រហែល របស់ជនជាតិបារាំងរូបនេះ និងកូន​របស់​គាត់​ទាំង​បួន​នាក់ ដែលបានស្លាប់ដូចគ្នា។

នៅទំព័រមុខ របស់កាសែត និងទស្សនាវដ្ដី ភាគច្រើន ក្នុងប្រទេសកម្ពុជា តែងតែយកទំលាប់មួយ ដើម្បី​បំពេញ​ចិត្ត​អ្នកអាន របស់ខ្លួន ដោយច្រើនយករូបនារីស្អាត ស៊ិចស៊ី ឬរូបថតឧក្រិដ្ឋកម្ម គ្រោះថ្នាក់ ប្រកបដោយឈាម និង​អំពើហឹង្សា យកមក ចុះផ្សាយ។

លោករដ្ឋមន្ដ្រីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ ធ្លាប់បានហាមឃាត់ កាល​ពី​ខែ​កុម្ភះ​មុន ពីការផ្សាយរូបភាពអស់ ទាំងនេះ នៅក្នុងសារពត៌មាន។ លោកបញ្ជាក់ នៅក្នុងសេចក្ដី​ហាមឃាត់​នោះ​ថា «រូបភាពប្រកបដោយឈាម នៃជនរង គ្រោះថ្នាក់ចរាចរណ៍ និងដោយឧក្រិដ្ឋកម្មផ្សេងៗ មិនមាន​ភាព​សមស្រប គួរនឹងផ្សព្វផ្សាយនោះទេ។ សារពត៌មានទាំង អស់ត្រូវសុំ អោយជៀសវាង នូវការផ្សព្វផ្សាយ នៃ​រូបភាព​បែបទាំងនេះ ហើយបើ​មិន​អាច​ជៀស​បាន ក៏សូមកែដាក់អោយ មុខរបស់ជនរងគ្រោះ កុំអោយ​ឃើញ​ច្បាស់។» ទន្ទឹមនឹងសេចក្ដី​ហាមឃាត់​នោះ លោក​រដ្ឋមន្ត្រី មិនបានលើក ពីការផាក ពិន័យ ឬទណ្ឌកម្ម​អ្វី​នោះ​ទេ។

ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជា បានលើកជារឿយៗដូចគ្នា សុំអោយបញ្ឈប់ នូវរូបថតគួរអោយរន្ធត់ អស់ទាំងនេះ ដែលវាអាចធ្វើអោយ រូបភាពរបស់ប្រទេសកម្ពុជា ដែលប្រកាន់ខ្លួនថា កំពុងរស់នៅ​ក្នុង​សន្តិភាព​នេះ ប្រែក្លាយជាប្រទេស ប្រកបដោយហឹង្សា ហើយនឹងគ្មានអ្នកទេសចរណ៍ណាម្នាក់ ចង់ចូលមក​លេង និង​ទស្សនា​ប្រទេស​នេះនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...