រឿងសន្តិសុខវាយអ្នកកាសែតរហូតបាក់ឆ្អឹងថ្គាម ដល់ណាហើយ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងប៉ុន្មានថ្ងៃនេះ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានអនុវត្តនីតិវិធីរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព ដោយបានចេញដីការឲ្យចាប់ខ្លួន និងដាក់ឃុំ មនុស្សជាបន្តបន្ទាប់ (យ៉ាងហោច១៤នាក់) ដោយបានចោទមនុស្សទាំងនោះ ថាមានជាប់ពាក់ព័ន្ធ នឹងអំពើហិង្សា ធ្វើទៅលើកងសន្ដិសុខ កាលពីថ្ងៃទី១៥ ខេកក្កដា ឆ្នាំ២០១៤ កន្លងទៅ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។
ដោយឡែក ពាក្យបណ្តឹងមួយ ដែលអ្នកសារព័ត៌មាន នៃវិទ្យុសម្លេងប្រជាធិបតេយ្យ បានប្តឹងក្រុមសន្តិសុខទាំងនោះ ទៅកាន់សាលាដំបូងរាជធានី មកទល់នឹងពេលនេះ នៅមិនទាន់ឃើញខាងតុលាការ មានចំណាត់ការនៅឡើយ។ លោក ឃួន ឌីណា (Dyna Khuon) ដែលប្រកាសខ្លួន ថាជាបុគ្គលិកម្នាក់ (ឬអាចមានឈ្មោះលើបណ្ដាញសង្គម ខុសពីឈ្មោះពិត) ប្រចាំនៅវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា VOD បានបង្ហាញនូវចម្ងល់របស់ខ្លួន ដោយបានចោទសួរ ទៅកាន់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមបណ្តាញសង្គមថា ក្រុមការងាររបស់លោក ក៏កំពុងរងនូវភាពអយុត្តិធម៌ដែរ។
លោក ឃួន ឌីណា បានរៀបរាប់ថា ការព្យាយាមស្វែងរកយុត្តិធម៌ តាមរយៈការដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងអំពើហិង្សា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ដែលបង្កឡើង ដោយក្រុមសន្តិសុខរបស់រដ្ឋាភិបាល តែផ្ទុយទៅវិញ ហាក់ដូចជាគ្មានពន្លឺអ្វីឡើយ។ បុគ្គលិករូបនេះ បានថ្លែងឡើងថា៖ «ខ្ញុំឆ្ងល់ថា សហការីខ្ញុំ លោក ឡាយ សាមាន ដែលត្រូវសន្តិសុខសាលាក្រុងវាយ រហូតសន្លប់ និងបាក់ឆ្អឹងក្រោមភ្នែក។ ខាងស្ថាប័នខ្ញុំ បានដាក់ពាក្យបណ្ដឹង តែតុលាការ មិនទាន់បើកសវនាការនៅឡើយ។ តើមានមូលហេតុអីទៅ? តើអាចជួយឆ្លើយតប បានទេ?»
យ៉ាងណាក៏ដោយ លោក គឹម សន្តិភាព បានសរសេរ មានលក្ខណៈជាទូទៅថា៖ «មិនមែនជាការឆ្លើយតប តែជាការចង់បញ្ជាក់ អោយយល់ច្បាស់!»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបន្តតាមគណនីហ្វេសប៊ុក របស់ខ្លួនថា៖ «ការចាប់ខ្លួន និងការកោះហៅ អ្នកពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ ជាចំណាត់ការធម្មតា ក្នុងដំណាក់ការស៊ើបសួររបស់តុលាការ លើសំណុំរឿងព្រហ្មទណ្ឌ ដែលស្ថិតក្នុងដៃតុលាការ រយ:ពេលជាងមួយឆ្នាំ កន្លងមកហើយ។»
លោក សន្តិភាព បានបន្តថា ក្នុងដំណាក់កាលនេះ ចៅក្រមស៊ើបសួរ ត្រូវស្វែងរកទាំងភស្តុតាងដាក់បន្ទុក និងដោះបន្ទុក។ ហើយចំណាត់ការលើនីតិវិធីនីមួយៗ ត្រូវអនុវត្តន៏តាមដំណាក់កាលជាក់ស្តែង នឹងស្របតាមការកំណត់ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។ ព្រោះសំណុំរឿងព្រហ្មទណ្ឌនីមួយៗ មានភាពស្មុគស្មាញ ខុសៗគ្នាក្នុងការស៊ើបអង្កេត។ មន្ត្រីអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា៖ «ហេតុដូចនេះ គួរភាគីពាក់ព័ន្ធ នឹងសំណុំរឿងចូលរួម ផ្តល់សក្ខីកម្មបន្ថែម ក្នុងដំណាក់កាលនេះ ប្រសើរជាជាងការអង្គុយរិះគន់ ចំណាត់ការរបស់តុលាការ ឬបំភ្លៃថាករណីនេះ ជារឿងនយោបាយ ទាំងល្ងិតល្ងង់។»៕