កម្ពុជា៖ ក្រសួងមហាផ្ទៃព្រមានមន្ត្រីពន្ធនាគារ អំពីការធ្វើទារុណ្ឌកម្មលើទណ្ឌិត
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ នេះក្រសួងមហាផ្ទៃបានធ្វើការ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្រ្តីពន្ធនាគាររូបណា ដែលហ៊ានប្រើអំណាចធ្វើទារុណកម្មលើទណ្ឌិត។
អ្នកទោសដែលត្រូវបានមន្ត្រីពាក់ខ្នោះដៃ មុននឹងបណ្ដើរចេញទៅក្រៅ។ (រូបថត MONOROOM.info/ O.Vary)
គេហទំព័ររបស់ក្រសួងមហាផ្ទៃ ផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានបង្ហាញឲ្យដឹងថា លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងពិធីផ្លាស់ប្តូរ មុខតំណែងមន្រ្តីពន្ធនាគារចំនួន១៨នាក់ បានថ្លែងទៅកាន់មន្រ្តីទាំងនោះថា៖ «ក្រសួងមហាផ្ទៃ នឹងចាត់វិធានការអនុវត្តតាមច្បាប់ ចំពោះមន្ត្រីពន្ធនាគារណា ដែលចូលចិត្តប្រើអំណាចធ្វើទារុណកម្មទៅលើទណ្ឌិត»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបន្ថែមថា ពន្ធនាគារមិនមែនជាកន្លែង សម្រាប់ធ្វើទារុណកម្មណាមួយទៅលើទណ្ឌិត ជាប់ពន្ធនាគារនោះទេ ប៉ុន្តែពន្ធនាគារជាកន្លែង សម្រាប់អប់រំកែប្រែទណ្ឌិត ដែលធ្លាប់តែប្រព្រឹត្តអំពើខុសច្បាប់ ទៅធ្វើអំពើស្របច្បាប់វិញ ហើយពន្ធនាគារ ក៏ជាកន្លែងសម្រាប់បណ្តុះបណ្តាលទណ្ឌិត ឲ្យមានជំនាញចំណេះដឹងផ្សេងៗ ដើម្បីឲ្យពួកងាយស្រួលស្វែងរកការងារស្របច្បាប់ នៅបន្ទាប់ពីការអនុវត្តន៍ទោសចប់។
សូមរម្លឹកថាបើយោងលើគេហទំព័រពន្ធនាគារ បង្ហាញថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ នេះ ជនជាប់ឃុំសរុបនៅពន្ធនាគារទូទាំងប្រទេស មានចំនួន ១៤.៨៩៤នាក់ ក្នុងនោះទណ្ឌិតជាស្រី មានចំនួន១.១៧២នាក់។
លោក គឺម សារិន ប្រធាននាយកដ្ឋានអប់រំកែប្រែ នៃក្រសួងមហាផ្ទៃបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះថា៖ «ការលើកឡើងរបស់លោករដ្ឋលេខាធិការនៅពេលនេះ គឺគ្រាន់តែជាព្រួយបារម្ភ និងផ្តាំផ្ញើរតែប៉ុនណ្ណោះ»។ ប្រធាននាយកដ្ឋានអប់រំកែប្រែរូបនេះពន្យល់ថា ករណីធ្វើទារុណ្ឌកម្មលើអ្នកទោស គឺបានកើតឡើងតិចតួច និងវាជារឿងរវាងបុគ្គល និងបុគ្គល ហើយវាបានកន្លងហួសច្រើនឆ្នាំមកហើយ។ លោកបន្តថា ចំពោះស្ថានភាពបច្ចុប្បន្នក្នុងពន្ធនាគារ មិនមានការធ្វើទារុណកម្មនោះទេ។
កន្លងមកអង្គការសង្គមស៊ិវិល ដែលធ្វើការទាក់ទងនឹងវិស័យពន្ធនាគារ បានអះអាងថាពន្ធនាគារនៅកម្ពុជា មិនទាន់មានលក្ខខណ្ឌល្អប្រសើរនៅឡើយទេ។ ពួកគេពន្យល់ថាពន្ធនាគារ មានលក្ខណៈតូចចង្អៀត គ្នានអនាម័យ និងលក្ខខណ្ឌផ្សេងៗទៀត បង្ករការលំបាកដល់ការរស់នៅ របស់ទណ្ឌិតជាស្រ្តីដែលមានកូនតូចៗ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានអះអាងថា លោកសារទរចំពោះគោលជំហររបស់ក្រសួងមហាផ្ទៃ ដែលមានចំណាត់ការលើមន្រ្តីពន្ធនាគារ ក្នុងករណីដែលពួកគេធ្វើទង្វើខុសច្បាប់។ តែ លោកមានការព្រួយបារម្ភចំពោះសុវត្ថិភាពជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងឃុំខ្លួនដោយសមត្ថកិច្ចនៅកន្លែងឃុំខ្លួនបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូរូបនេះ បានបញ្ចាក់បន្ថែមថា៖ «កន្លងមកយើងធ្លាប់ទទួលរបាយការណ៍មកថា មានការធ្វើទារុណកម្មជនសង្ស័យ ក្នុងកំឡុងពេលឃុំខ្លួនបណ្តោះអាសន្ធ»។ លោកសំណូមពរដល់ក្រសួងមហាផ្ទៃ ត្រូវរឹងបន្តឹងច្បាប់ទាំងផ្នែកពន្ធនាគារ និងនិងទាំងផ្នែកនគរបាលយុត្តិធម៌។
តែបើទោះជាមានរបាយការណ៍ ដូចការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សយ៉ាងដូច្នេះក៏ដោយ តែរហូតមកដល់ថ្ងៃនេះ មិនមានមន្ត្រីពន្ធនាគារណាម្នាក់ ត្រូវបានក្រសួងមហាផ្ទៃចាប់ឲ្យមកទទួលទណ្ឌកម្មនោះនៅឡើយ៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ