ធី សុវណ្ណថា ដាក់​ពាក្យ​ប្ដឹង សាន្ត ប៊ុនធឿន ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ»

នៅទីបំផុត «ចៅតា» បានដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក សាន្ត ប៊ុនធឿន អ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម។ ពក្យបណ្ដឹងនោះ ប្ដឹងចុងចោទ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ធី សុវណ្ណថា ដាក់​ពាក្យ​ប្ដឹង សាន្ត ប៊ុនធឿន ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងកញ្ញា ធី សុវណ្ណថា អ្នកគាំទ្ររបស់លោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 26, 2017
  • ប្រធានបទ: យុត្តិធម៌-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ ក៏ពាក្យបណ្ដឹងនេះ មិនបានប្ដឹងលោក សាន្ដ ប៊ុនធឿន ក្រោមបទ«មនុស្សឃាត» ដូចកញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានលើកឡើង កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងទេ។ ពាក្យបណ្ដឹង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃទី ២៦ ខែមិថុនានេះ ត្រូវបានកញ្ញា ធី សុវណ្ណថា ដែលគេឲ្យរហស្សនាមថ្មី ហៅ«ចៅតា» ដាក់ចូលទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្នុងវេលារសៀលថ្ងៃដដែល។

ក្នុងពាក្យបណ្តឹងនោះ កញ្ញា ធី សុវណ្ណថា បានចោទប្រកាន់លោក សាន្ត ប៊ុនធឿន ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបានកើតឡើង តាមរយៈវីដេអូមួយ ដែលអ្នកសារព័ត៌មានរូបនេះ បានធ្វើការនិយាយផ្សាយផ្ទាល់ កាលពីពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើលើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក។ កញ្ញា «ចៅតា» បានស្រង់សំដីនៅក្នុងវីដេអូ របស់លោក សាន្ដ ប៊ុនធឿន ដែលមើលទំនងដូចជា ស្រវឹងជោគផងនោះ មកសរសេរក្នុងពាក្យបណ្ដឹងថា៖ «ចុះបើដឹងថា វាក្បត់ជាតិហើយ ម៉េចមិនចាត់ការវាទៅ? មី ធី សុវណ្ណថា នាំវាទៅ! វាបើកឡានទៅណា? Lexus 570 ព័ទ្ធវាឲ្យជាប់ទៅ! ធ្វើទៅ! ឲ្យវាបោកដល់ណាទៀត? ឲ្យវាជិះ ៥៧០ ដោយស្រួលហេស?»។ 

អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលល្បីខ្លាំង ក្នុងអំឡុងពេលបោះឆ្នោត ឆ្នាំ២០១៣ បានពន្យល់​ក្នុងពាក្យបណ្ដឹង​នោះទៀតថា ការលើកឡើងខាងលើ របស់លោក សាន្ដ ប៊ុនធឿន ជាការញុះញង់ ឲ្យប្រព្រឹត្តិអំពី ដែលបង្កឲ្យមាន«ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ហើយជាការច្រណែន ឈ្នានីស លាបពណ៌ និងព្យាបាទ«ចង់សម្លាប់»នាង។ ធី សុវណ្ណថា «ចៅតា» បានបន្តថា នៅក្រោយការលើកឡើង របស់អ្នកសារព័ត៌មាន ប្រមាណជា២ទៅ៣ថ្ងៃ មានជនមិនស្គាល់មុខ បានគប់ដុំថ្ម ទៅលើរថយន្ដរបស់នាង បណ្ដាលឲ្យមានការខូតខាត ដោយអន្លើ។ នាងថា ជាភ័ពសំណាង ដែលនាងមិនមានវត្តមាន នៅក្នុងរថយន្ដនោះ ឬបើមិនអញ្ចឹងទេ នាង«នឹងមានបញ្ហា ដូចដែលឈ្មោះ សាន្ដ ប៊ុនធឿន ញុះញង់[នោះ]ជាមិនខាន»។

កញ្ញា ធី សុវណ្ណថា បានស្នើសុំឲ្យតុលាការអនុវត្តការផ្ដន្ទាទោស តាមមាត្រា ៤៩៥ និង៤៩៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដើម្បីចាត់ការទៅលើលោក សាន្ដ ប៊ុនធឿន និងដឹើម្បីអ្វីមួយ ដែលអ្នកគាំទ្រគណបក្សកាន់អំណាចវ័យក្មេងរូបនេះ និយាយថា ជាការស្ដារកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់នាង។

ជាប្រតិកម្មតបវិញ លោក សាន្ដ ប៊ុនធឿន គ្រាន់តែអះអាងថា លោកត្រៀមប្រឈមមុខ ទោះបីត្រូវជាប់គុក ឬត្រូវសងជម្ងឺចិត្តបែបណាក្ដី។ អ្នកសារព័ត៌មានរូបនេះ បាននិយាយ ដោយមានជំនឿចិត្តថា កញ្ញា ធី សុវណ្ណថា នឹងមិនអាចឈ្នះក្ដី ទល់នឹងរូបលោកបានឡើយ ប្រសិនជាគ្មានអ្នកនយោបាយ នៅពីក្រោយពាក្យបណ្ដឹង របស់«ចៅតា»ម្នាក់នេះទេនោះ។

ពិន័យជាប្រាក់លាន...

បើតាមមាត្រាទាំងពីរខាងលើ នៃក្រមព្រហ្មទណ្ឌ លោក សាន្ដ ប៊ុនធឿន អាចនឹងត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារពី ៦ខែ ទៅដល់២ឆ្នាំ និងពិន័យជាប្រាក់ ពី១លាន ទៅដល់៤លានរៀល។ ទោសនេះ ប្រហែលជាស្រាល ជាងការគំរាមបែប​បញ្ឆិតបញ្ឆៀង របស់កញ្ញា ធី សុវណ្ណថា ដែលបានសរសេរ នៅលើទំព័រហ្វេសប៊ុក ឲ្យលោក សាន្ដ ប៊ុនធឿន ស្រាប់ចម្រៀងមួយបទ ដែលមានចំណងជើងថា «ម្ភៃឆ្នាំក្នុងគុក» កាលពីម្សិលម្ងៃ៕

» ខាងក្រោមនេះ ជាបណ្តឹងរបស់កញ្ញា ធី សុណ្ណថា ទាំងស្រុង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...