ហ៊ុន សែន ធ្លោយឲ្យគេយល់ពីឥទ្ធិពលខ្លួន លើតុលាការកម្ពុជា
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: January 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសង្ស័យពីឯករាជ្យភាពនៃតុលាការកម្ពុជា ដែលមជ្ឈដ្ឋានទូទៅតែងតែចោទប្រកាន់ថា មានភាពលំអៀង និងគ្រាន់តែជា«ម៉ាស៊ីនកាត់ក្ដី»របស់គណបក្សកាន់អំណាចនោះ ត្រូវបានបង្ហាញឲ្យយល់កាន់តែច្បាស់ឡើង តាមរយៈការថ្លែងជាសាធារណៈដោយពាក្យសម្ដីប៉ុន្មានម៉ាត់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ ការថ្លែងដែលធ្វើឲ្យគេកាន់តែមើលឃើញថា បុរសខ្លាំងរូបនេះ មានឥទ្ធិពលយ៉ាងលើសលប់ ទៅលើស្ថាប័នយុត្តិធម៌នៃព្រះរាជាណាចក្រ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
នយោបាយកម្ពុជា - ថ្លែងជាសាធារណៈនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០១៤ បុរសខ្លាំងដែលក្រុមប្រឆាំងចាត់ទុកជានាយករដ្ឋមន្ត្រីចាំផ្ទះ នៅប្រទេសកម្ពុជា បានបញ្ជាក់តាមពាក្យសម្ដីរបស់លោក ដែលធ្វើឲ្យគេកាន់តែយល់ច្បាស់ខ្លាំងឡើង ពីឥទ្ធិពលរបស់មេដឹកនាំរូបនេះ ទៅលើប្រព័ន្ធតុលាការខ្មែរ។ ក្នុងពិធីសម្ពោធអាគារភូមិ អេសអូអេស លោក ហ៊ុន សែន បានធ្វើការវាយប្រហារដោយពាក្យសម្ដី ទៅលើគូបដិបក្ខនយោបាយរបស់លោក ទាក់ទងនឹងសកម្មភាពធ្វើបាតុកម្មនាពេលកន្លងមក ដោយលោកចាត់ទុកថា នោះបានផុតហួសពីអ្វីដែលច្បាប់បានអនុញ្ញាត។
តែឆ្លងចេញពីពាក្យសម្ដីនោះ គេបានមើលឃើញពីការដាក់កំណត់របស់លោក ទៅលើស្ថាប័នតុលាការ និងបានធ្វើឲ្យស្ថាប័នមួយនេះ ក្លាយជាស្ថាប័នលំអៀង ចាំតែធ្វើតាមបញ្ជា និងមិនមានឆន្ទានុសិទ្ធដោយគតិយុត្តិពិតដូចដែលពលរដ្ឋទូទៅចង់បាននោះឡើយ។
លោក ហ៊ុន សែន បានលើកជាសំនួរ ទាក់ទងនឹងការធ្វើបាតុកម្ម-កូដកម្ម របស់ក្រុមកម្មករកន្លងមកថា «ហើយហិង្សាកន្លងទៅ នរណាជាអ្នកទទួលខុសត្រូវ លើហិង្សា? (...) អ្នកណាបង្កហេតុ?»
នាយករដ្ឋមន្ត្រីចាស់វស្សា ដែលទទួលបានការបោះឆ្នោតទុកចិត្តជាថ្មី ពីរដ្ឋសភាឯកបក្សរូបនេះ បានឆ្លើយដោយខ្លួនឯងថា «មេដឹកនាំ នាំគ្នាទៅបំផុសតាមរោងចក្រ ចូលក្នុងរោងចក្រគេ។ គេមិនចេញមក គម្រាមគេ វ៉ៃទ្វា វ៉ែអីគេ។ អ្នកណាអ្នកទទួលខុសត្រូវ?» ការលើកឡើងពី«មេដឹកនាំ»របស់លោក ហ៊ុន សែន ទំនងជាចង់សំដៅទៅលោក សម រង្ស៊ី និងលោក កឹម សុខា ដែលក្នុងពេលដែលក្រុមសហជីព និងក្រុមកម្មករចេញធ្វើបាតុកម្មជាបន្តបន្ទាប់នោះ មេដឹកនាំគណបក្សប្រឆាំងទាំងពីររូប បានចុះទៅជួបជាមួយក្រុមកម្មករ ដោយផ្ទាល់ ដូចជានៅតំបន់ឧស្សាហកម្មពិសេស នៅក្រុងបាវិត ជាប់ព្រំដែនវៀតណាម និងនៅតាមរោងចក្រនៅខេត្តកំពង់ចាមជាដើម។
ច្បាប់ដែលស្ថិតនៅពីក្រោយការយោគយល់របស់បុរសខ្លាំង !
បន្ទាប់មកលោក ហ៊ុន សែន ចាប់ផ្ដើមថ្លែងទាក់ទងនឹងប្រព័ន្ធតុលាការយ៉ាងដូច្នេះថា «អញ្ចឹងត្រូវហៅចូលតុលាការ។ បន្ធូរដៃហើយ ប៉ុណ្ណឹងនោះ។ (...) បើនិយាយឲ្យត្រឹមត្រូវតាមច្បាប់ (...) ត្រូវចាប់ខ្លួនភ្លាម ព្រោះនេះជាបទល្មើសជាក់ស្ដែង។» ដែលធ្វើឲ្យគេយល់បានថា លោក ហ៊ុន សែន មិនបានប្រើប្រាស់វិធានការផ្លូវច្បាប់ពិតប្រាកដ ប្រឆាំងមេដឹកនាំប្រឆាំងនោះទេ តែជាវិធានការ«បន្ធូរដៃ»មួយតាមរបៀបលោក ដោយសារតែលោក ហ៊ុន សែន ចង់បញ្ជាក់ពីការយោគយល់។
តែអ្វីដែលធ្វើឲ្យអ្នកផងកាន់តែយល់ថា តុលាការកម្ពុជារងឥទ្ធិពលនយោបាយ ឬធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន នោះ គឺនៅត្រង់ឃ្លារបស់បុរសខ្លាំងរូបនេះ និយាយថា «ហើយពេលចូលតុលាការហើយ តុលាការក៏មិនបានចេញដីការឃុំខ្លួនទេ។ សូមឲ្យយល់ផង កុំទទឹងទិស។» ពាក្យសម្ដីនេះ មានន័យថា តុលាការមិនមានឆន្ទានុសិទ្ធិផ្ទាល់ខ្លួន ក្នុងការឃុំខ្លួនឬផ្ដល់សេរីភាពទៅក្រុមមេដឹកនាំប្រឆាំងនោះទេ ដោយសារតែលោកហ៊ុន សែន ចង់ឲ្យមានការយោគយល់ ផ្នែកនយោបាយនោះសិន ឬនិយាយបែបផ្សេង តុលាការត្រូវរងចាំការបង្គាប់បញ្ជាពីលោក ហ៊ុន សែន ជាមុន ទើបអាចសម្រេចការឃុំខ្លួន ឬធ្វើការចោទប្រកាន់នរណាម្នាក់។
ភាពលំអៀងរបស់តុលាការកម្ពុជា ដែលអ្នកផងចោទប្រកាន់ថា ជា«ម៉ាស៊ីនកាត់ក្ដី»របស់គណបក្សកាន់អំណាចនេះ មិនមែនជារឿងថ្មីនោះទេ ដោយគ្រាន់តែពេលនេះលោក ហ៊ុន សែន បានធ្លោយមាត់និយាយចេញជាសាធារណៈ ដោយខ្លួនលោក ហើយបានទម្លាយនូវមន្ទិលទាំងឡាយ ដែលមានកន្លងមកតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីចេញពីសាលាដំបូងរាជធានី កាលពីថ្ងៃទី១៤ ខែមករា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានអះអាងដែរ ទាក់ទងនឹងឯករាជ្យភាពរបស់តុលាការនៅពេលនោះថា «ក្នុងសវនាការសាលាដំបូងព្រឹកមិញនេះ ខ្ញុំសង្កេតឃើញទឹកមុខព្រះរាជអាជ្ញា និងក្រឡាបញ្ជីហាក់បីដូចជា មានសំពាធនយោបាយ ពីមេដឹកនាំផ្ដាច់ការគណបក្សប្រជាជនកម្ពុជា»។
យ៉ាងណាក៏ដោយ ការចោទប្រកាន់របស់លោក ហ៊ុន សែន ខាងលើនេះ ធ្លាប់ត្រូវបានក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បកស្រាយរួចហើយថា ពួកលោកគ្រាន់តែជួយឈឺឆ្អាល និងគាំទ្រនូវអ្វីដែលក្រុមសហជីព និងក្រុមកម្មករទាមទារប៉ុណ្ណោះ។៕
-------------------------------------------------
ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤