ជាប់ឃុំមួយយប់ទទេ ព្រោះចង់ទូទាត់ទំនិញ ដោយក្រដាសប្រាក់៥០០អ៊ឺរ៉ូ ពិតមួយសន្លឹក
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 02, 2014
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហាងលក់ទំនិញមួយ នៅផ្នែកខាងជើងនៃប្រទេសបារាំង បានអះអាងថា ខ្លួនអនុវត្តទៅតាមតែច្បាប់ទម្លាប់ ដែលបានកំណត់មកឲ្យតែប៉ុណ្ណោះ។ បន្ទាប់ពីបានពិនិត្យក្រដាសប្រាក់ ៥០០អ៊ឺរ៉ូ របស់ប្ដីប្រពន្ធមួយគូរ នៅកន្លែងទូទាត់ទំនិញរួចមក ហាងលក់ទំនិញដ៏ធំនេះ បានរាយការណ៍ទៅប្រាប់នគរបាល ថាក្រដាសប្រាក់នោះក្លែងក្លាយ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទទី២៩ ខែកញ្ញាកន្លងមកនេះ ក្នុងក្រុង ឌូអេ (Douai) នៃតំបន់ ន័រប៉ាឌឺកាឡេ (Nord-Pas-de-Calais)។
ហាងនោះនិយាយថា មនុស្សតែងមានកំហុស ...
ទឹកប្រាក់ចំនួន៥០០អ៊ឺរ៉ូ ជាចំនួនដ៏ធំជាងគេ របស់ក្រដាសប្រាក់នៅអ៊ឺរ៉ុប ហើយចំនួននេះបើគិតជាប្រាក់រៀលខ្មែរ ស្មើនឹង២លាន ៧សែន ៥ម៉ឺនរៀល។ ដូច្នេះហើយ ទើបហាងលក់ទំនិញនោះ បានគិតថា «ទូទាត់ទំនិញប្រចាំថ្ងៃ ដោយក្រដាសប្រាក់៥០០អ៊ឺរ៉ូ ជារឿងដ៏កម្រ។ យើងមានសម្ភារៈសម្រាប់មើលក្រដាសប្រាក់ក្លែងក្លាយ តែសម្ភារៈនេះមិនប្រាកដថា មានប្រសិទ្ធិភាព១០០%នោះទេ។»
ជាអកុសលសម្រាប់ពីរនាក់ប្ដីប្រពន្ធ ដែលមានដើមកំណើតពីប្រទេសហ្គីណេ ត្រូវបានដាក់ក្នុងការឃុំខ្លួនជាបណ្ដោះអាសន្ន និងបានគេងនៅទីនោះមួយយប់ ដើម្បីទុកពេលឲ្យនគរបាល អាចសុំការបញ្ជាក់ពីខាងធនាគារ នៅព្រឹកស្អែកឡើង។ ដើម្បីបញ្ជៀសនូវការចោទប្រកាន់ ពីសំណាក់ប្ដីប្រពន្ធ ក្នុងករណីដែលហាងលក់ទំនិញនោះ រាយការណ៍ទៅកាន់នគរបាល ព្រោះការប្រកាន់ពូជសាសន៍នោះ អ្នកគ្រប់គ្រងហាងបានចេញមកបកស្រាយថា៖ «យើងសង្ស័យពីក្រដាសប្រាក់ មិនមែនសង្ស័យលើអតិថិជនឡើយ។ (...) យើងបានទុកចិត្តទៅលើអ្នកធ្វើការ ដែលសុទ្ធតែជាមនុស្ស។ ដូច្នេះបើអញ្ចឹង មនុស្សវាតែងមានកំហុសហើយ។»