សេចក្តី​ស្នើ​វិសោធ​កម្ម​ច្បាប់​តុលាការ​ទាំង​បី អាច​ទៅ​រួច​ឬ​ទេ?

ច្បាប់ពាក់ព័ន្ធ នឹងកិច្ចដំណើរការ របស់តុលាការចំនួនបី ដែលទើបនឹងប្រកាស ឲ្យប្រើប្រាស់ នាពេលថ្មីៗនេះ ត្រូវ​បាន​អនុ​ប្រធាន​ទី​មួយ នៃរដ្ឋសភា ប្រកាសថា នឹងស្នើឲ្យមាន«វិសោធកម្ម» ដើម្បីឲ្យស្ថាប័នតុលាការ «ឯករាជ្យ»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣១ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់ទាំងបី ដែលស្ថិតក្នុងគម្រោង នៃការស្នើឲ្យធ្វើវិសោធនកម្ម ដោយអនុប្រធានទីមួយ នៃរដ្ឋសភា លោក កឹម សុខា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិនោះ រួមមាន ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅ នៃឧត្ដមក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម, ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា, និងច្បាប់ស្តីពីការរៀបចំ អង្គការតុលាការ។ ច្បាប់ទាំងបីនេះ ត្រូវ​បានរដ្ឋសភាតាក់តែងភ្លាមៗ បន្ទាប់ពីមានតំណាងរាស្រ្ត ចំនួន៦៨រូប មកពីគណបក្សប្រជាជន ចូលកាន់តំណែង​តំណាង​រាស្រ្ត​ក្នុងរដ្ឋសភា ក្រោយការបោះឆ្នោត និងការធ្វើពហិការ របស់តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ទាំង​៥៥​រូប មិន​ចូល​រដ្ឋសភា កាលពីចុង ខែឧសភា ឆ្នាំ២០១៤។

គួររំលឹកដែរថា ច្បាប់ទាំងបីខាងលើនេះ មុននឹងត្រូវបានប្រកាស  ឲ្យក្លាយជាច្បាប់ និងស្ថិតក្នុងតំណាក់កាល នៃការ​ជជែក​ពិក្សា ដេញដោលគ្នានោះ បានរងនូវការរិះគន់ ជាច្រើនពី សាធារណៈមតិមួយចំនួន និងពីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធ នឹងផ្នែកនេះ ស្នើឲ្យមានការកែសម្រួល តែត្រូវបានបដិសេធចោល ដោយរដ្ឋសភានាពេលនោះ។

ច្បាប់ទាំងបីរ ដែលបង្កើតឡើង ដោយឯកបក្សនេះ ក៏ត្រូវបានសង្គមស៊ីវិល ចាត់ទុកថាជា«ច្បាប់បី» ដែលកំពុងដាក់​ស្ថាប័នតុលាការ ឲ្យស្ថិតក្រោមអំណាច នៃអង្គនីតិប្រតិបត្តិ តាមរយៈក្រសួងយុត្តិធម៌។ ការដាក់បុគ្គលចៅក្រម និង​ព្រះ​រាជអាជ្ញា ឲ្យស្ថិតក្រោមអំណាចបក្ស តាមរយៈការចូលរួម សកម្មភាពនយោបាយ របស់គណបក្សជាដើម។ តាមការ​បង្ហាញរបស់សង្គមស៊ីវិល បានលើកឡើងថា ទាំងស្ថាប័នតុលាការ ទាំងបុគ្គលចៅក្រម ព្រះរាជអាជ្ញា នឹងមិនមាន​ភាព​ឯករាជ្យ ហើយបុគ្គលទាំងនោះ នឹងប្រើអាជីពផ្លូវច្បាប់របស់ខ្លួន ទៅបំរើគណបក្សនយោបាយ ស្វែងរកប្រយោជន៍​ផ្ទាល់​បុគ្គល បក្សពួកនិយម លែងយល់ពីយុត្តិធម៌ សម្រាប់រាស្រ្ត និងសង្គមជាតិ។

ថ្លែងក្នុងពិធីរំលឹក នៃការបោកគ្រាប់បែក នៅមុខអតីតរដ្ឋសភា ខួបលើកទី១៨ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ម្សិល​ម៉ិញ​នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបាន រិះគន់ច្បាប់តុលាការទាំងបី នាបច្ចុប្បន្នថា មិនទាន់​ឯករាជ្យ មិនអាចផ្តល់យុត្តិធម៌ជូនរាស្រ្ត និងសង្គមឡើយ។ ហើយលោក នឹងគ្រោងស្នើសុំ ឲ្យមានការធ្វើវិសោធនកម្ម ច្បាប់ចំនួនបី ពាក់ព័ន្ធនឹងតុលាការ។ លោកបានអះអាងដូថ្នេះថា «ច្បាប់ទាំងបី ដែលទើបតែអនុម័តថ្មីៗនេះ មិនអាចឲ្យ​តុលាការឯករាជ្យបានទេ។ (…) យើងជជែកគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកែទម្រង់ (ច្បាប់ទាំងបី)។ ច្បាប់​ទាំង​បីនោះ ជាគ្រឹះដែលអាចបង្ហាញថា តើតុលាការកំពុងឈាន ទៅរកភាពឯករាជ្យ ឬមិនឯករាជ្យ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង សុំប្រតិកម្ម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេ នាព្រឹកថ្ងៃទី៣១ ខែមីនា​នេះ ជុំវិញការស្នើឡើង ឲ្យមានវិសោធកម្ម លើច្បាប់ទាំងបី របស់តុលាការ ពីអនុប្រធានទីមួយ នៃរដ្ឋសភា មកពីខាង​គណបក្ស​ប្រឆាំង។

យ៉ាងណាក៏ដោយ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់គោលកំពូល របស់ប្រទេសកម្ពុជា បានថែង ពីសិទ្ធិរបស់​អ្នក​តំណាងរាស្រ្ត ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់។ តាមមាត្រា៩១ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា «តំណាងរាស្ត្រ មានសិទ្ធិ​ស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះ មិនអាចទទួលយកបានទេ បើវិសោធនកម្មនោះ សំដៅ​បន្ថយប្រាក់​ចំណូល​សាធារណៈ ឬ​បន្ថែម​បន្ទុកលើប្រជាពលរដ្ឋ។»

មាត្រា ៩២ថ្មី នៃច្បាប់ដដែលបានបន្តថា៖ «ការអនុម័តទាំងឡាយ របស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍ រក្សា​ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឲ្យប៉ះពាល់ ដល់ឯកភាព​នយោបាយ ឬការគ្រប់គ្រងរដ្ឋបាល របស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអង្គការ​តែមួយគត់ ដែលមានសមត្ថកិច្ចសម្រេច ពីមោឃភាពនេះ។»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង កាលពីថ្មីៗនេះ ក្នុងកិច្ចសម្ភាស ជា​មួយ​ទស្សនាវដ្តី បានលើកឡើងថា ច្បាប់ទាំងបី ដែលពាក់ព័ន្ធនឹងតុលាការ ត្រូវតែធ្វើវិសោធកម្មឡើងវិញ នូវចំណុច​មួយ​ចំនួន ដែលមិនបំរើឲ្យភាពឯករាជ្យ របស់តុលាការ។ ពិសេសត្រូវដាក់មន្រ្តី នៃអង្គការតុលាការឲ្យនៅឯករាជ្យ និង​ដាច់ពីគណបក្សនយោបាយ។ «តាមច្បាប់រដ្ឋធម្មនុញ តំណាងរាស្រ្តមានសិទ្ធិគ្រប់គ្រាន់ ក្នុងការស្នើវិសោធនកម្ម ច្បាប់​នានា ដែលបំរើប្រយោជន៍រាស្ត្រ សង្គម និងជាតិ។»

កាលពីថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រុមសម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត (ERA) និងក្រុមអង្គការសង្គមស៊ីវិល បានធ្វើការ​ថ្កោល​ទោសផងដែរ ចំពោះការដាក់បញ្ចូល បុគ្គល ឬមន្រ្តីរបស់តុលាការ មន្រ្តីកងកម្លាំងប្រដាប់អាវុធ  ទៅក្នុងជួរ​ថ្នាក់​ដឹកនាំ របស់គណបក្សកាន់អំណាច។ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត បានចាត់ទុកថា ការបញ្ចូលនេះ គឺរំលោភ​លើ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...