បើករថយន្ដបុកកម្លាំងទាហាននៅជាយប៉ារីស របួស៦នាក់
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៧ និង៥៥នាទីព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ទាហាន៦នាក់ មកពីកងវរសេនាធំទី៣៥ «Infanterie de Belfort» ដែលត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹងសន្ដិសុខ នៅក្នុងក្រុង «Levallois-Perret» បានរងរបួស បន្ទាប់ពីរថយន្ដមួយគ្រឿង ត្រូវបានបើកបំបុក សំដៅពួកគេ នៅលើទីលាន «Verdun» កណ្ដាលក្រុងមួយនេះ ដែលស្ថិតនៅភាគពាយ័ព្យ ជាប់រដ្ឋធានីប៉ារីស។ ទាហាន៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាហាន «Bégin» ដែលស្ថិតនៅមួយចំហៀងទៀត (ភាគអាគ្នេយ៍) នៃរដ្ឋធានីរបស់ប្រទេសបារាំង។
បើតាមរូបភាព ដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រថយន្ដប្រភេទ «BMW» ពណ៌ខ្មៅមួយគ្រឿង ដែលចតនៅក្នុងផ្លូវមួយក្បែរនោះ ទំនងជាត្រូវបានម្ចាស់របស់វា កាន់ចង្កូតត្រៀមរួចជាស្រេច ក្នុងការបើកចេញពីទីនោះ សំដៅទៅរកក្រុមយោធា។ មិនខុសទេ ព្រោះរូបភាពបានបង្ហាញបន្តទៀតថា រថយន្ដនេះ ត្រូវបានបើកក្នុងល្បឿនយឺតៗ [...]