បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់

កម្លាំងយោធា ដែលកំពុងបំពេញភារកិច្ច ចំនួន៦នាក់ បានរងរបួស នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង បើកបំបុក​សំដៅពួកគេ នៅកណ្ដាលក្រុង «Levallois-Perret» ភាគពាយ័ព្យ​ជាប់រដ្ឋធានី ប៉ារីស ប្រទេស​បារាំង។
បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់
រូបភាពជំនួស បង្ហាញពីកងកម្លាំងយោធាបារាំង នៅក្នុងការដាក់ពង្រាយមួយ។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 09, 2017
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៧ និង៥៥នាទីព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ទាហាន​៦នាក់ មកពីកងវរសេនាធំទី៣៥ «Infanterie de Belfort» ដែលត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹង​សន្ដិសុខ នៅ​ក្នុង​ក្រុង «Levallois-Perret» បានរងរបួស បន្ទាប់ពីរថយន្ដមួយគ្រឿង ត្រូវបានបើកបំបុក សំដៅពួកគេ នៅ​លើ​ទីលាន «Verdun» កណ្ដាលក្រុងមួយនេះ ដែលស្ថិតនៅភាគពាយ័ព្យ ជាប់រដ្ឋធានីប៉ារីស។ ទាហាន​៤នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យទាហាន «Bégin» ដែលស្ថិតនៅមួយចំហៀងទៀត (ភាគអាគ្នេយ៍) នៃ​រដ្ឋធានី​របស់ប្រទេសបារាំង។

បើតាមរូបភាព ដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រថយន្ដប្រភេទ «BMW» ពណ៌​ខ្មៅ​មួយគ្រឿង ដែលចតនៅក្នុងផ្លូវមួយក្បែរនោះ ទំនងជា​ត្រូវបានម្ចាស់របស់វា កាន់ចង្កូតត្រៀមរួចជាស្រេច ​ក្នុង​ការ​បើក​ចេញពីទីនោះ សំដៅទៅរកក្រុមយោធា។ មិនខុសទេ ព្រោះរូបភាពបានបង្ហាញបន្តទៀតថា រថយន្ដ​នេះ ត្រូវបាន​បើកក្នុង​ល្បឿនយឺតៗ សំដៅក្រុមទាហាន មុននឹងបន្ថែមល្បឿនដ៏ខ្លាំង ដើម្បីបើកបុក​ពួកគេ​តែ​ម្ដង។

ហេតុការណ៍កើតឡើង នៅមុខអាគារស្នាក់នៅរបស់យោធា...

នៅក្រោយហេតុការណ៍ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន ដើម្បីកោះសួរ ប៉ុន្តែត្រូវបានដោះលែង នៅ​ពេល​បន្តិច​ក្រោយ​មក។ រថយន្ដបង្កហេតុ និងម្ចាស់អ្នកកាន់​ចង្កូត កំពុងត្រូវបាន​អាជ្ញាធរបារាំង ប្រកាស​ស្វែងរក​យ៉ាង​ស្វិត​ស្វាញ។ 

ព័ត៌មានដែល​ទើបនឹងធ្លាក់មកដល់ បានពន្យល់ឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើង នៅក្រោយ​ពេល​ទាហាន​ទាំងនោះ បានចេញពីអាគារស្នាក់នៅរបស់កងទ័ព ដែលស្ថិតនៅត្រង់ចំណុចនោះ។ ទាហាន​៥​នាក់ ពីក្នុងចំណោមទាហាន៦នាក់ បានស្នាក់នៅទីនោះ តាំងពីពីរឆ្នាំមកហើយ។ អាគារនោះ ស្និតនៅ​ក្បែរសាលា​ក្រុង «Levallois-Perret» និងស្ថិតនៅចំងាយប៉ុន្មានរយម៉ែត្រ ពីអាគារនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ​«DGSI» និង​ប្រឆាំង​ភេរវកម្ម «SDAT» នៃក្រសួង​មហាផ្ទៃបារាំង។

ការិយាល័យ​ស៊ើបអង្កេត ប្រឆាំងភេរវកម្ម នៃរដ្ឋធានីប៉ារីស បានប្រកាស​បើកសំនុំរឿងនេះ និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត ពីបទ​ប៉ុនប៉ង​ធ្វើមនុស្សឃាត ទៅលើមន្ត្រី​សាធារណៈ ដែលមានតួនាទី ក្នុងកងកម្លាំង​ប្រដាប់​អាវុធ។ បទ​ចោទ​នៃ​ការ​ស៊ើបអង្កេតនេះ មាន​រាប់បញ្ចូល ពីទំនាក់ទំនង​នៃសកម្មភាព​ខាងលើ ជាមួយនឹងបណ្ដាញ​ភេរវនិយម។ 

«ទង្វើដ៏ងងើល...»

ចៅហ្វាយក្រុង «Levallois-Perret» លោក «Patrick Balkany» និងរដ្ឋមន្ត្រីមហា​ផ្ទៃ​បារាំង លោក «Gérard Collomb» បាន​លើក​ឡើង ពី«ទង្វើដ៏ងងើល» ជុំវិញការបើករថយន្ដ​បំបុក សំដៅកងកម្លាំង​ទាំង​នេះ។ ស្នងការ​ដ្ឋាន​នគរបាល នៃរដ្ឋធានីប៉ារីស ក៏បានអះអាង​ដែរថា ជាទង្វើ​ដែល​បង្ហាញ​​ច្បាស់ ពី​«ចេតនា»​​មួយ។ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា តើ​ហេតុការណ៍​នេះ ជា«ភេរវកម្ម» ឬយ៉ាងណា​​នៅ​ឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក «Christophe Castaner» បានថ្លែងនៅមុននេះថា «គ្រប់​​មធ្យោបាយ​ទាំង​អស់ នឹងត្រូវ​យកមកប្រើ និងអនុវត្ត ដើម្បីស្វែងរកចាប់ខ្លួន​ជន ដែលទទួលខុសត្រូវ ក្នុង​ទង្វើ​វាយ​ប្រហារនេះ»។

ក្នុងប្រតិបត្តិការ «Opération Santinelle» ដើម្បីពង្រឹងសន្តិសុខ ប្រឆាំងភេរវនិយម កងកម្លាំង​យោធា​ប្រមាណ​ជា ៧០០០នាក់ ត្រូវបាន​ដាក់ពង្រាយ នៅពាសពេញទឹកដី នៃប្រទេសបារាំង។ កង​កម្លាំង​ទាំង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ផងទេ ពីទាហានប្រមាណជា ៣០០០នាក់ ដែលត្រូវ​បានដាក់ ឲ្យត្រៀម​បម្រុង​​បន្ថែមទៀត ក្នុង​ករណី​​ចាំបាច់ណាមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...