AirAsia៖ បុរស​ម្នាក់​ព្យាយាម​បើក​ទ្វា​យន្ដហោះ ពេល​កំពុង​ហោះ​ហើរ

បុរសម្នាក់ បានប៉ុនប៉ងបើកទ្វាយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ «AirAsia» ក្នុងពេលដែលយន្ដហោះ ប្រភេទអ៊ែរប៊ូស (AirBus A320) កំពុងហោះហើរនៅឡើយ។ កាយវិការរបស់បុរស បានបង្កឲ្យអ្នកដំណើរ ដែលកំពុងជិះក្នុងយន្ដហោះ ភ័យប្រហោងពោះមិនស្ទើ។
AirAsia៖ បុរស​ម្នាក់​ព្យាយាម​បើក​ទ្វា​យន្ដហោះ ពេល​កំពុង​ហោះ​ហើរ
យន្ដហោះ ធុនអ៊ែរប៊ូស ៣២០-២០០ របស់ក្រុមហ៊ុន អ៊ែរអេសៀ។ (រូបថតក្រុមហ៊ុន)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 12, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដំណើរ ជិះក្នុងយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ «AirAsia» នៃជើងហោះហើរក្នុងប្រទេសឥណ្ឌា ដែលភ្ជាប់រដ្ឋធានី ញូដេលី (New Delhi) ទៅកាន់ក្រុង រ៉ុងឈី (Ranchi - ភាគខាងកើត) បានទទួលការភ័យភិតយ៉ាងខ្លាំង បន្ទាប់ពីការប៉ុនប៉ងរបស់បុរសម្នាក់ ចង់ស្ទុះទៅបើកទ្វាយន្ដហោះ ក្នុងពេលដែលយន្ដហោះ កំពុងហោះហើរ កណ្ដាលវេហាស៍នៅឡើយ។ នេះ បើតាមរបាយការណ៍មួយ ចេញផ្សាយកាលពីម្សិលម៉ិញ របស់សារព័ត៌មាន «Times of India» ក្នុងប្រទេសឥណ្ឌា។

សារព័ត៌មានបានរៀបរាប់ថា ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ វេលាម៉ោងប្រមាណជា ២១ និង៥០នាទី នៅមុនពេលយន្ដហោះអ៊ែរប៊ូស (AirBus A320) ចាប់ផ្ដើមបន្ទាបខ្លួន ដើម្បីចុះចតនៅព្រលានយន្ដហោះ ក្រុង រ៉ង់ឈី។ នៅពេលនោះ បុរសអ្នកដំណើរម្នាក់ ដែលគេស្គាល់ឈ្មោះ «Aftab Ahmed» បានងើបចេញពីកៅអីខ្លួន ហើយស្ទុះទៅកាន់ទ្វាយន្ដហោះ ដែលបង្កា​ទុកសម្រាប់បើក តែពេល​មានគ្រោះអាសន្ន។

នៅចំពោះការប៉ុនប៉ងបើកទ្វាយន្ដហោះ ពីសំណាក់បុរសខាងលើ អ្នកដំណើរនៅជិតនោះ រួមនឹងបុគ្គលិកបម្រើការ លើយន្ដហោះផង បានស្ទុះព្រមគ្នា ដើម្បីឃាត់សកម្មភាពរបស់បុរស។ នេះ បើតាមការអះអាងរបស់អ្នកទទួលខុសត្រូវ របស់អាជ្ញាធរនគរបាលតំបន់ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានដដែល។ អ្នកទទួលខុសត្រូវរូបនោះ បានអះអាងថា ការប្រទាញប្រទង់គ្នា ក្នុងយន្ដហោះ បានបង្កឲ្យពួកគេមួយចំនួន រងរបួស។ 

យ៉ាងណាក៏ដោយ ក៏យន្ដហោះបានចុះចត នៅឯព្រលានយន្ដហោះក្រុង រ៉ង់ឈី ដោយគ្មានហេតុភេទអ្វីផ្សេង កើតឡើងឡើយ។ បុរសខាងលើ ដែលមានអាយុ៣២ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន នៅពេលចុះចេញពីយន្ដហោះ។ ក្រុមហ៊ុនអាកាសចរណ៍ «AirAsia» ដែលផ្ដល់សេវាកម្ម លក់សំបុត្រថោក មិនបានសំដែងប្រតិកម្មអ្វីទេ មកដល់ម៉ោងនេះ។

សារព័ត៌មាន «Times of India» បានបញ្ជាក់បន្ថែមថា ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា នឹងផ្សាយឲ្យដឹង នៅក្នុងខែកក្កដានេះ នូវបញ្ជីឈ្មោះ នៃអ្នកដំណើរមួយចំនួន ដែលគ្មានវិន័យ ហើយត្រូវបានហាមឃាត់ មិនឲ្យជាន់ជើង ចូលក្នុងយន្ដហោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...