យន្ដហោះបាត់ខ្លួន៖ រលកសម្លេងខ្មោច តម្រូវឲ្យរុករកផ្ដើមពីសូន្យមកវិញ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ មីនា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលបានបាត់ខ្លួនតាំងពីដើមខែមីនាមកនោះ មិនបានហោះទៅធ្លាក់នៅតំបន់ ដែលគេបានរកឃើញរលកសម្លេង ក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះឡើយ។ រលកសម្លេង ដែលបានធ្វើឲ្យគេគិតថា ជាសម្លេងផ្ដល់ដោយប្រអប់ខ្មៅនៃយន្ដហោះ នៅទីបំផុតត្រូវបានអ្នកស៊ើបអង្កេត រកឃើញនៅពេលនេះ ថាមិនមែនជារលកសម្លេង ចេញពីយន្ដហោះនោះឡើយ។ របកគំហើញថ្មី ដែលតម្រូងឲ្យការរុករក ចាំបាច់ត្រូវចាប់ផ្ដើមធ្វើ ពីចំណុចសូន្យមកវិញ។
តំបន់នៃការរុករក ត្រូវបានពង្រីកនៅជុំវិញចំណុច ដែលយន្ដហោះបានបាត់ពីកញ្ចក់រ៉ាដា។
បាត់យន្ដហោះ - អាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង ដូចជាមានទំហំកាន់តែធំទៅៗ។ មជ្ឈមណ្ឌលដឹកនាំការរុករកយន្ដហោះនេះ (JACC) មានទីតាំងនៅប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា «គ្មានស្លាកស្នាម នៃបំណែកណាមួយរបស់យន្ដហោះ ត្រូវបានរកឃើញ ដោយយានជ្រមុជក្រោមទឹក នោះឡើយ»។ មជ្ឈមណ្ឌល បានស្រង់សេចក្ដីសន្និដ្ឋាន របស់ទីភ្នាក់ងាសុវត្ថិភាពគមនាគមន៍អូស្ត្រាលី មកបញ្ជាក់ទៀតថា៖ «តំបន់នោះលែងត្រូវបានគិតថា ជាកន្លែងដែលយន្ដហោះបានធ្លាក់នោះទៀតហើយ»។
នាវារុករករបស់អូស្ត្រាលី អូសេន សៀហ្វ (Ocean Shield) ដែលមានផ្ទុកយានជ្រមុជទឹក របស់អាមេរិក ប្លូហ្វីន ២១ (Bluefin-21) បានចាកចេញពីតំបន់នោះហើយ បន្ទាប់ពីបានរុករាវនៅលើផ្ទៃក្រឡាប្រមាណជា ៨៥០គីឡូម៉ែត្រការ៉េ ក្នុងលំហសមុទ្រដ៏ធំល្វឹងល្វើយនោះរួចមក។
រលកសញ្ញា ផ្ដល់ដោយនាវា
សេចក្ដីប្រកាសនេះ បានអះអាងដូចទៅនឹងការថ្លែងឲ្យដឹង របស់នាយករងខាងការស៊ើបអង្កេតនាវាចរណ៍ របស់កងទ័ពជើងទឹកអាមេរិកាំង លោក ម៉ៃឃើល ឌីន (Michael Dean) ដូច្នេះដែរ។ លោកបាននិយាយថា រលកសម្លេងដែលត្រូវបានចាប់បាន កាលពីដើមខែមេសា ទំនងមិនមកពីប្រអប់ខ្មៅ របស់យន្ដហោះប៊ូអីងនោះទេ។
លោក ម៉ៃឃើល ឌីន ធ្លាប់បានបញ្ជាក់ប្រាប់បណ្ដាលទូរទស្សន៍ ស៊ីអីនអីន ថា «យើងឈានមកដល់គំនិតមួយ ដែលគិតថា រលកសម្លេងដែលទទួលបាននោះ អាចត្រូវបានផ្ដល់ដោយនាវា ដែលនាំយានជ្រមុជទឹក ឬដោយប្រព័ន្ធអេឡិចត្រូនិក នៃឧបករណ៍រុករក»។ លោកបានសម្ដែងក្ដីបារម្ភទៀតថា នៅពេលយើងជ្រមុជ សម្ភារៈអេឡិចត្រូវនិក ចូលទៅក្នុងទឹក គឺទឹកនេះហើយ ដែលបានជ្រាបចូលទៅក្នុងប្រព័ន្ធទាំងនោះ ហើយបង្កើតជារលកសម្លេងនេះឡើង។
តែលោក ឌីន មិនបានបដិសេធទាំងស្រុងថា រលកសម្លេង មិនបានចេញពីប្រអប់ខ្មៅនោះទេ។ យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ គ្មានអ្វីដែលបានបញ្ជាក់ឲ្យច្បាស់ ពីរលកសម្លេងនេះឡើយ។
ហើយអ្វីដែលគេគិតថា រលកសម្លេងទាំងនេះ មិនមែនជារលកសម្លេង ចេញពីប្រអប់ខ្មៅនោះទៀត ដោយសារតែរហូតមកដល់ពេលនេះ នាវារុករក នៅតែទទួលបាននូវរលកសម្លេង ដែលដូចគ្នាទៅនឹងរលកសម្លេងមុនៗ ខណៈពេលដែលអាគុយភ្លើងរបស់ប្រអប់ខ្មៅ បានស្លាប់ទៅហើយ។ អាគុយភ្លើងរបស់ប្រអប់ខ្មៅ មានអាយុត្រឹមតែ១ខែប៉ុណ្ណោះ បន្ទាប់ពីប្រអប់ខ្មៅបានធ្លាក់ចូលក្នុងទឹក ហើយរលកសម្លេងបញ្ជាក់ពីវត្តមានរបស់ប្រអប់ខ្មៅ ក៏ផុតរលត់ទៅជាមួយអាគុយនោះដែរ។
គ្មានអ្វី ដែលត្រូវបានរកឃើញទាល់តែសោះ
យុទ្ធនាការរុករក ពីពេលនេះទៅ នឹងចូលដំណាក់កាលថ្មីទៀត ជាមួយនឹងការរិភាគយ៉ាងម៉ត់ចត់បន្ថែម ពីទិន្នន័យទាំងឡាយ ដើម្បីកំណត់ពីតំបន់រុករក ដែលមានផ្ទៃក្រឡារហូងទៅដល់ទៅ ៦០ ពាន់គីឡូម៉ែត្រការ៉េ។ ដំណាក់កាលថ្មីនេះ នឹងចាប់ផ្ដើមពីខែសីហាខាងមុខនេះទៀត ជាមួយនឹងយានជ្រមុជទឹកស្វ័យប្រវត្តិ ដែលមានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រខ្លាំងក្លាជាងមុន របស់ក្រុមហ៊ុនមួយ ជំនាញខាងគូរផែនទីនៅបាតសមុទ្រ។
ប៉ុន្តែនៅពេលនេះ នាវាមួយរបស់ប្រទេសចិន ហ្សូ កេសេន (Zhu Kezhen) ទំនងជាបានចាប់ផ្ដើមការងារនេះខ្លះ ជាមុនរួចទៅហើយ នៅក្នុងតំបន់សង្ស័យដ៏ទូលាយ ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនេះ៕