កំណត់ពេលបោះឆ្នោតឡើងវិញ នៅតែជាគន្លឹះរបស់បក្សទាំងពីរ
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលនេះ បើទោះជាការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កំពុងមានការរីកចម្រើន ស្ទើរឈានដល់ការឯកភាពគ្នាទាំងស្រុងក៏ពិតមែន តែចំណុចគន្លឹះ ឬជាចំណុចស្នូល នៃការឯកភាពរវាងគណបក្សទាំងពីរ គឺការកំណត់ពេលបោះឆ្នោតឡើងវិញ នៅតែត្រូវបានគណបក្សទាំងពីរបង្ហាញឥរិយាបថរឹងត្អឹងដាក់គ្នានៅឡើយ។
លោក សម រង្ស៊ី និងលោក កុយ ប៊ុនរឿន នៅក្នុងសន្នីសីទការសែត ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក កុយ ប៊ុនរឿន ក្នុងសន្និសីទសារព័ត៌មាន នាទីស្នាក់ការកណ្តាល របស់គណបក្សនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នេះ បានបង្ហាញសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិអាចនឹងឈានទៅឯកភាពគ្នា ដើម្បីទម្លាយភាពជាប់គាំងនយោបាយ ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការចរចាថ្នាក់បច្ចេកទេស និងកំពូល។
ទន្ទឹមនឹងនេះ ក្នុងសន្និសីទសារព័ត៌មានដដែល លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានសម្តែងការជឿជាក់ដែរថា ភាពជាក់គាំងនយោបាយ នឹងបានដោះស្រាយរួចដោយសន្តិវិធី តាមរយៈការជជែកគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ តែចំណុចសំខាន់ត្រូវផ្តើមពីការកែទម្រង់ការបោះឆ្នោត ដើម្បីធានាការបោះឆ្នោតលើកក្រោយមានភាពត្រឹមត្រូវ។
បើទោះជាគណបក្សសង្រ្គោះជាតិ បានបង្ហាញសញ្ញាវិជ្ជមានអំពីការចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ចំណុចស្នូល គឺការកំណត់ពេលវេលាបោះឆ្នោតឡើងវិញ នៅតែត្រូវបានគេសង្កេតឃើញថា ជាឧបសគ្គចម្បង រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ព្រោះគណបក្សទាំងពីរបានព្រលយឲ្យដឹងពីពេលវេលាបោះឆ្នោតឡើងវិញនេះ ឃើញថាមានភាពខុសគ្នាឆ្ងាយ។
ធ្វើពហិការមិនចូលប្រជុំរដ្ឋសភា រហូតដល់ឆ្នាំ២០១៨តែម្ដងទៅ !
មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីពេលថ្មីៗនេះថា គ្មានការបោះឆ្នោតឡើងវិញនៅអាណត្តិទី៥នេះទេ។ លោក ជាម យៀប បានចំអកឲ្យគណបក្សសង្រ្គោះជាតិថា៖ «បើគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិនចូលប្រជុំរដ្ឋសភា មិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែម្តងទៅ។ ហើយកុំនឹកស្រម័យ នឹកយល់សប្តិថា មានការបោះឆ្នោតកណ្តាលអាណត្តិ។»
រីឯលោកកុយ ប៊ុនរឿន មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ នៅពេលអ្នកសារព័ត៌មានសួរថា បើគណបក្សប្រជាជនកម្ពុជា ព្រមកែទម្រង់ការបោះឆ្នោតរួចរាល់ តើគណបក្សសង្រ្គោះជាតិ នឹងធ្វើអ្វីជាបន្ត មុននឹងសម្រេចចូលប្រជុំសភា? លោកកុយ ប៊ុនរឿន ឆ្លើយថា វានៅតែជាចំណុចពិនិត្សលទ្ធភាពនៅឡើយ ព្រោះគណបក្សសង្រ្គោះជាតិ ទាមទារបោះឆ្នោតឡើងវិញត្រឹមឆ្នាំ២០១៦ រីឯគណបក្សប្រជាជនកម្ពុជា ទទូចពន្យាការបោះឆ្នោតរហូតដល់ឆ្នាំ២០១៨៕