ជម្លោះដីធ្លីនៅកំពង់ស្ពឺ៖ អាជ្ញាធរយក«ដីស្រែ»រាស្ត្រ ធ្វើជាដីព្រៃស្រោង?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីខេត្តកំពង់ស្ពឺ ប្រមាណជាង៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង២៥០ គ្រួសារ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្នើឲ្យសមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ បន្ទាប់ពី«បរាជ័យ»ជំនួនផ្នែកច្បាប់ ពីស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។
សន្និសីទកាសែត នៅទីស្នាក់ការសមាគមអាដហុក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិលំនៅដ្ឋាន - នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី បានមកប្រមូលផ្តុំគ្នា នៅទីស្នាក់ការធំរបស់សមាគមអាដហុកនៅភ្នំពេញជួយអន្តរាគមន៍ករណីទំនាស់ដីធ្លី តាំងពីឆ្នាំ២០០៥ ដែលត្រូវបានក្រុមហ៊ុនម៉ាស្ទើរ (Master) រំលោភយក និងប្រើប្រាស់នូវកម្លាំងសន្តិសុខជាតិ វាយ បាញ់ ដែលបង្កឲ្យមានរបួសធ្ងន់ និងស្រាលជាង៣០នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមអាដហុក ក្នុងរាជធានីភ្នំពេញព្រឹកនេះ តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី បានបង្ហាញនូវ«រូបភាព»ដីស្រែ និង«គល់ជ្រាំង» ដែលច្រូតរួច ក្នុងន័យថា ជា«ដីស្រែ» មិនមែនជា«ព្រៃស្រោង» ដូចដែលអាជ្ញាធរទាំងនោះលើកឡើងឡើយ។
ពួកគាត់បន្តថា ការលើកឡើងថា ដីស្រែទាំងនោះជាដីស្រោង របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាភាគីពាក់ព័ន្ធមួយចំនួនទៀត មានគោលបំណងតែមួយគត់ គឺលួចដីស្រែទាំងនោះ ទៅលក់ឲ្យក្រុបហ៊ុន ព្រោះតែភាពលោភលន់របស់ខ្លួន។
អ្នកមីង សុខ នីម ដែលជាតំណាងប្រជាពលរដ្ឋបានលើកឡើងថា ដំបូងឡើយការឈួសឆាយដីស្រែទាំងយប់នោះ ខាងក្រុមហ៊ុនបានប្រាប់ថា គ្រាន់តែសាកល្បងគ្រឿងចក្រទេ។ «ប្រជាពលរដ្ឋបានកាន់កាប់តាំងពីឆ្នាំ១៩៨៥ តរៀងមក ហើយក៏បានស្ទួងស្រូវតាំងពីដើមមកដែរ ដែលមានរូបថតស្រាប់។ អ្វីដែលចំឡែកនោះ ក្រុមអាជ្ញាធរបែរជាលើកឡើងថា ដីនោះជាដីព្រៃល្បោះ ឬដីគម្របសត្វព្រៃទៅវិញ។ នេះជាមូលហេតុ ដែលនាំឲ្យប្រជាពលរដ្ឋបាត់បង់ដី។»
លោកតា គង់ សែម សាក្សីរស់ម្នាក់ ដែលបច្ចុប្បន្ននេះមានអាយុ៧៨ឆ្នាំ បានលើកឡើងថា ដីនេះ លោកតារួមនិងអ្នកភូមិភាគច្រើន បានធ្វើ«ស្រែ»តាំងពីជំនាន់លោកតា ជំនាន់លោកយាយ របស់លោកតាមកម្លេះ មិនដែលលក់ ឬត្រូវបាត់បង់ទៅណានោះទេ។ ការលើកឡើងរបស់លោកតានេះ ចង់បង្ហាញឲ្យឃើញថា វាជាដីស្រែពិតប្រាកដ មិនមែនជាដីព្រៃល្បោះ ឬដីគម្របសត្វព្រៃ ដូចការលើកឡើងរបស់ក្រុមជំនាញនៃអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងនោះឡើយ។
ចំណែកប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុកលោក នី ចរិយា ដែលទទួលពាក្កបណ្តឹងរបស់ប្រជាពលរដ្ឋ បានលើកឡើងថា លោករួមទាំងក្រុមការងារ នឹងចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវនូវករណីនេះ ជាមួយនឹងជំនួយផ្នែកច្បាប់ ទៅដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់នោះ។ ហើយលោកនឹងធ្វើការផ្សព្វផ្សាយបន្ត ជាមួយនឹងពាក្យបណ្តឹង ទៅកាន់ស្ថានប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលឲ្យបានដឹងលឺ ពីទំនាស់ដីធ្លីដ៏រាំរ៉ៃនេះ ដើម្បីអន្តរាគម និងដោះស្រាយ។ «យោងតាមឯកសារដែលមាន ប្រជាពលរដ្ឋសុទ្ធតែមានសិទ្ធិទាំងអស់ ក្នុងការកាន់កាប់។ យើងមានភស្តុតាងឯកសារជារូបភាព ទាំងសាក្សីរស់ដូចលោកអុំមានអាយុ ៧៨ឆ្នាំនេះ ដែលធ្លាប់ធ្វ់ស្រែចំការតាំងពីជំនាន់ឪពុករបស់លោកមកម្លេះ មិនក្រោមពី១០០ឆ្នាំទេដែលបានកាន់កាប់។ (...) តាមច្បាប់ភូមិបាល ត្រូវតែឲ្យគាត់ដោយស្វ័យប្រវត្តិ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនង សុំការបំភ្លឺពីលោកមេឃុំតាំងសំរោងបានទេ។ តែតាមការអះអាងរបស់លោក នី ចរិយា បានលើកឡើងថា លោកមេឃុំតាំងសំរោងចាស់ បានបញ្ជាក់ថា ដីដែលមានទំនាស់នោះបាន«លួច»លក់ ទៅឲ្យក្រុមហ៊ុនមិនឲ្យប្រជាពលរដ្ឋដឹង តាំងពីឆ្នាំ២០០៥មកម្លះ។ «មានការធ្វើលិខិតស្នាម លួចលក់តាំងពីឆ្នាំ២០០៥ និង២០០៦មកម្លេះ តែក្រុមហ៊ុនទើបតែធ្វើការឈូសឆាយក្នុងឆ្នាំ២០១០នេះទេ។»
ដោយឡែកក្រុមហ៊ុនម៉ាស្ទើរ ដែលប្រជាពលរដ្ឋចោទប្រកាន់នោះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងបានឡើយក្នងថ្ងៃនេះ។ សេចក្តីជូនដំណឹង ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការវិនិយោគរបស់ក្រុមហ៊ុនម៉ាស្ទើរ ត្រូវបានធ្វើឡើងក្នុងទីតាំងឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំហំដី៩៥០ហិចតា លើគម្រោងដូចជាបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំដើមអាកាស្យា ដើមប្រេងខ្យល់ ដំឡូងមី និងស្វាយចន្ទីជាដើម។
សូមរំលឹកថា ប្រជាពលរដ្ឋជាង២៥០គ្រួសារ មកពីភូមិចំនួនបីក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច បានជួបជុំគ្នានៅទីស្នាក់ការសមាគមអាដហុក ស្នើឲ្យសមាគមនេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីទាមទារយកដីស្រែ ចំនួន៩៥០ហិចតា ដែលក្រុមហ៊ុនម៉ាស្ទើរ អ៊ិនធើនេសិនណលខបភើរេសិនគ្រុប(Master International Corporatoin Group Co,LTD) បាននឹងកំពុងប្រើ គ្រឿងចក្រឈូសឆាយយក។ ការឈូសឆាយនេះចាប់ផ្តើមតាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ ឯប្រជាពលរដ្ឋវិញ ក៏បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ តាមរយៈអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែនៅតែគ្មានដំណោះស្រាយ៕