ឃ្លាំង ហួត៖ ខ្ញុំ​មិន​ថោក​ទាប​នោះ​ទេ ចំពោះ​វិវាទ​ដី​ធ្លី​នៅ​ព្រែក​លាប

យ៉ាងហោចណាស់អេស្កាវ៉ាទ័រមួយគ្រឿង និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានដុតបំផ្លាញចោល ខណៈផ្លូវជាតិលេខ៦Aត្រូវបានបិទមួយរយៈពេល នៅក្នុងការតវ៉ាទ្រង់ទ្រាយធំមួយពីសំណាក់ពលរដ្ឋរាប់រយនាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ ដែលប្រជាពលរដ្ឋអះអាង​ថា ក្រុមហ៊ុនបានអភិវឌ្ឍន៍នៅតំបន់នេះ ដោយគ្នានការចរចាជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ទីឈាបនដ្ឋាន (កន្លែង​កប់ខ្មោច) នៅតំបន់នោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់អេស្កាវ៉ាទ័រមួយគ្រឿង និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានដុតបំផ្លាញចោល ខណៈផ្លូវជាតិលេខ៦Aត្រូវបានបិទមួយរយៈពេល នៅក្នុងការតវ៉ាទ្រង់ទ្រាយធំមួយពីសំណាក់ពលរដ្ឋរាប់រយនាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ ដែលប្រជាពលរដ្ឋអះអាង​ថា ក្រុមហ៊ុនបានអភិវឌ្ឍន៍នៅតំបន់នេះ ដោយគ្មានការចរចាជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ទីឈាបនដ្ឋាន (កន្លែង​កប់ខ្មោច) នៅតំបន់នោះ។


សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

វិវាទដីធ្លី - បន្ទាប់ពីប្រជាពលរដ្ឋព្រមបើកផ្លូវជាតិលេខ៦A ឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញ តាមការស្មើរបស់សមត្ថកិច្ច​នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ លោក ឃ្លាំង ហួត អភិបាលខ័ណ្ឌឬស្សីកែវ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​ថា វិវាទដីធ្លីនេះប្រាកដជាមិនកើតឡើងនោះទេ ប្រសិនបើមានការពិភាក្សាជាមួយប្រជាពលរដ្ឋជា​មុននោះ ព្រោះ​ប្រជា​ពលរដ្ឋមិនចង់បានអ្វីក្រៅពីការអភិវឌ្ឍន៍ត្រឹមត្រូវ និងទទួលបានផលប្រយោជន៍រួម។

អភិបាលខ័ណ្ឌដដែលនេះបន្តថា វិវាទដីធ្លីនេះមិនពាក់ព័ន្ធនឹងខ័ណ្ឌនោះទេ ព្រោះវាជាការដោះដូរគ្នារវាងក្រសួង​ធម្មការ​ និងសាសនា ក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។ នៅពេលសួរថា ក្នុងនាមខណ្ឌឬស្សីកែវ ដែលជាសេនាធិការរដ្ឋាភិបាល និងជាកន្លែងកើតវិវាទ តើលោកនឹងបន្តដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច ក្នុងពេលខាងមុខនេះ? លោក ឃ្លាំង ហួត ឆ្លើយថា៖ «ខ្ញុំនឹងពិនិត្យឯកសារឡើងវិញ កន្លងមកមិនពាក់ព័ន្ធនឹងខ័ណ្ឌទេ វារឿងរបស់ក្រសួងធម្មការសាសនា ខ្ញុំនឹង​ជួប​ជាមួយប្រជាពលរដ្ឋ រកវិធីដោះស្រាយឲ្យពួកគាត់មានសេចក្តីសុខក្នុងរឿងណ្នឹង (...) វិវាទនេះជាការដោះដូររបស់ក្រុង ទម្លាប់​ពួកយើងមិនធ្វើរឿងថោកទាបអញ្ចឹងទេ»។

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង សាលារាជធានីភ្នំពេញ ក្រសួងធម្មការសាសនា និងភាគី​ក្រុមហ៊ុន ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ តែបើយោងលើលោក ឈូក សៀន ដែលជាប្រជាពលរដ្ឋរស់នៅមូលដ្ឋាន​នោះ​បានអះអាងថា វិវាទដីធ្លីនេះ មានរយៈពេលជាងពីរឆ្នាំហើយ តែក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានយកឯកសារក្លែងក្លាយ​មកប្រើប្រាស់ ភូតកុហក និងមិនដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។

លោក ឈូក សៀន បន្តថា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន បានឃុបឃិតលក់ដីវត្ត ដោយមិនឲ្យប្រជាពលរដ្ឋដឹង និងគ្មាន​ការដោះស្រាយត្រឹមត្រូវ។ ប្រជាពលរដ្ឋដដែលរូបនេះអាះអាងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋដុតបំផ្លាញអេស្កាវាទ័រ និងសម្ភារៈមួយចំនួនទៀតរបស់ក្រុមហ៊ុន និងការបិទផ្លូវជាតិលេខ៦A ព្រោះនៅយប់កើតថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រមកឈូសបំផ្លាញទីឈាបនដ្ឋាន (កន្លែងកប់ខ្មោច)ក្នុងវត្ត ដោយមិនមានការ​ជូនដំណឹង​ជា​មុន៕

រូបភាពមួយចំនួនទៀត ដែលត្រូវបានបង្ហោះផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក៖


---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...