យ៉ោម បុប្ផា៖ ទោះបីជាត្រូវដាច់ក្បាល ក៏នៅតែបន្តធ្វើការតស៊ូមតិ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រីយ៉ោម បុប្ផា ត្រូវបានអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការដោះលែងនាវេលាម៉ោងជាង៦ល្ងាច បន្ទាប់ពីមានការរសម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយតុលាការកំពូល កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែវិច្ឆិកា ម្សិលម៉ិញនេះ។ ជាមួយគ្នានេះអ្នកគាំទ្រចំពោះអ្នកស្រី យ៉ោម បុប្ផា ថ្វីត្បិតមានការរីករាយ និងអបអរសាទរចំពោះការដោះលែងនេះ តែនៅមានការបារម្មណ៍ចំពោះនីតិវិធី«មិនទៀងទាត់»របស់តុលាការ នាថ្ងៃខាងមុខ។
អ្នកស្រីយ៉ោម បុប្ផា នៅពេលចេញពីពន្ធនាគារ បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ O. Vary)
សេរីភាពមានកំណត់ - អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា (៥៩៨) ចំងាយជិត១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ មានប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រាប់រយនាក់កំពុងត្រៀបត្រារង់ចាំមើលការដោះលែង ជាមួយនឹងការរិះគន់លើភាពយឺតយ៉ាវ នៃការចេញ«ដីកា»ដោះលែង ព្រោះតែរង់ចាំការចុះហត្ថលេខាពីចៅក្រមដែលមានតួនាទីពីរ ក្រៅពីជាចៅក្រមសាលារាជធានីភ្នំពេញ និងក៏ជាចៅក្រមនៃសាលាក្តីខ្មែរក្រហម ដែលជាចំណែកមួយនៃការរំលោភសិទ្ធិមនុស្សដោយប្រយោល។
ម៉ោងជាងប្រាំមួយល្ងាច ក្រោមដំណត់ទឹកភ្លៀង វត្តមានអ្នកស្រី យ៉ោម បុប្ផា នៅមុខអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីការថ្លៃងអំណរគុណចំពោះអ្នកសារព័ត៌មាន អង្គការជាតិ និងអន្តរជាតិ បានប្រកាសពីជំហររបស់អ្នកស្រីក្នុងការតស៊ូ ប្រយុទ្ធប្រឆាំង នឹងការនូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។ សកម្មជនដីធ្លីរូបនេះបានបន្តរថា «តុលាការកំពូល ដែលបង្វិលរឿងនេះទៅសាលាឧទ្ធរណ៍ ដោយមិនកាត់ឲ្យច្បាស់លាស់ថា មានទោស ឬគ្មានទោស ជានោះជាការចង និងជាការបំបាក់ស្មារតី មិនឲ្យចេញតស៊ូ ធ្វើការតវ៉ាមតិដើម្បីភាពយុត្តិធម៌សម្រាប់ពលរដ្ឋសហគមន៍ និងប្រជាពលរដ្ឋទូទៅក្នុងសង្គមខ្មែរ»។
«ទោះបីជាត្រូវដាច់ក្បាល ក៏នៅតែបន្តធ្វើការតស៊ូមតិ...»
ស្ត្រីបឹងកក់រូបនេះបន្តថា ក្រោមកិច្ចនៃការ«អភិវឌ្ឍន៍របស់រដ្ឋាភិបាល» បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន រងទុក្ខដោយការបាត់បង់លំនៅដ្ឋាន ជំរក គ្រួសារដោយការចាប់ខ្លួន ការបាញ់សម្លាប់ និងការវាយដុំរហូតដល់មានការរលូតកូនជាដើម។ អ្នកស្រីសូមធ្វើការផ្ញើរសារដល់រដ្ឋាភិបាល បញ្ឈប់នូវអំពើហឹង្សា ការបណ្តេញចេញ និងការរំលោភបំពានសិទ្ធិគ្រប់រូបភាព។ ទោះយ៉ាងណាក៏ដោយបើរដ្ឋាភិបាល នៅតែមានការរំលោភបំពាន នោះសហគមន៍ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល នឹងនៅតែបន្តរការទាមទារហូតដល់មានដំណោះស្រាយ។ អ្នកស្រីបន្តរថា «ទោះបីជាត្រូវដាច់ក្បាល ក៏នៅតែបន្តធ្វើការតស៊ូមតិ រហូតមានដំណោះស្រាយសម្រាប់សហគមបឹងកក់ ដ៏ដូចជាសហគមន៍ដទៃទៀត នៅទូទាំងប្រទេសដែលរងគ្រោះដោយការបណ្តេញចេញ»។
បន្ថែមលើនេះអ្នកស្រីក៏បានបង្ហាញ នូវករណីខ្លះៗនៃអ្នកទោសមួយចំនួន ក្នុងពន្ធនាគារថា ត្រូវបានគេ«លាប»ពណ៌ឲ្យតាមរយៈនៃការប្រឌិត«រឿង» ដែលជាមូលហេតុចំបងនៃការព្រួយបារម្មណ៍ អំពីការចាប់ខ្លួននៃប្រជាពលរដ្ឋស្លូតត្រង់ និងអ្នកដែលគ្មានទោសកំហុស។ «ខ្ញុំសូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអង្គការ សមាគម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជួយបន្តឃ្លាំមើលនូវបញ្ហាទាំងនេះ ព្រោះថានៅមានប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនទៀត ដែលជាគោលដៅ និងមុខសញ្ញានៃការចាប់ខ្លួន របស់មន្រ្តីរដ្ឋាភិបាល ក៏ដូចជាតុលាការ ចំពោះការទាមទារនូវសិទ្ធិ និងសេរីភាព ពិសេសសិទ្ធិដីធ្លី និងលំនៅដ្ឋានរបស់ពួកគាត់។»
«ឯឪសម្តេច ហ៊ុន សែន ...»
ព្រះតេជគុណ ប៊ុត ប៊ុនតេញ ប្រធានបណ្តាញសង្គមព្រះសង្ឃ(facebook) ដែលតែងតែមានវត្តមាន ក្នុងការទាមទានូវសិទ្ធិ និងសេរីភាពនានារបស់ប្រជាពលរដ្ឋ បានមានសង្ឃដីកាថា «ឪល្អ ជួយចិត្ត ខំជ្រោមជ្រែងកូន បើកូន “ក្រ” ជួយកូនឲ្យ “មាន”។ ឯឪសម្តេច ហ៊ុន សែន ឃើញកូនក្រនៅបូរីកីឡា ក៏ដូចជាបឹងកក់ បែរជា“បណ្តេញ”ចេញពីផ្ទះ ធ្វើឪទៅរួច ចេះតែមានហ្មង!។» ព្រះសង្ឃអង្គនេះមានសង្ឃដីកាបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំប្រទេសទាំងមូល ជាឪពុកម្តាយគេ បែរជាអាចធ្វើវីឡា ផ្ទះល្អធំស្គឹមស្គៃបួនដប់ខ្នងសម្រាប់រស់នៅ ចុះប្រជាពលរដ្ឋដែលជាកូនចៅ មិនត្រូវការនូវសិទ្ធិរស់នៅ សិទ្ធស្នាក់នៅដោយតុត្តិធម៌ឬយ៉ាងណា?
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ