កម្ពុជា៖ ស្វាគមន៍ការមិនយកពន្ធដី តែត្រូវមាន«ចំណាត់ថ្នាក់ដី»ឲ្យច្បាស់លាស់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការមិនយកពន្ធដីធ្លី របស់ប្រជាកសិករ មានគោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងជំរុញជីវភាព របស់ពួកគាត់ អោយមានភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្មីៗនេះ នៅខេត្តតាកែវ។ ការលើកឡើងនេះ ធ្វើអោយមានការគាំទ្រ ពីអ្នកវិភាគសង្គម និងអ្នកនយោបាយ ប៉ុន្តែអ្នកទាំងនោះយល់ថា ត្រូវមានចំណាត់ថ្នាក់ដី មួយឲ្យបាន ច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ នូវចំណូលថវិកាជាតិ បញ្ហាទំនាស់ដីធ្លី និងទុកដីអោយទំនេរ មិនអភិវឌ្ឍន៍។
ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន
កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ លោក ហ៊ុន សែន បានប្រកាសថា អំឡុងពេលដែលលោកធ្វើ ជានាយករដ្ឋមន្ត្រី ពន្ធដីនឹងមិនត្រូវបានយក ពីប្រជាពលរដ្ឋឡើយ។ ទំនងជាចង់ឆ្លើយតប នឺងមតិមួយចំនួន ដែលចង់ឲ្យរដ្ឋាភិបាលយកពន្ធដី ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនោះ នាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក មិនត្រឹមតែមិនយកពន្ធដីប៉ុណ្ណោះទេ និងថែមទាំងត្រូវជួយ ប្រជាកសិករទាំងអស់ តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការកសាង ប្រព័ន្ធធារាសាស្ត្រថែមទៀតផង។ លោក បានបន្ថែមយ៉ាងដូច្នេះថា «ការយកពន្ធ គឺជាការសង្កត់ និងដាក់ទំងន់លើប្រជាកសិករ»។
ការប្រកាសមិនយកពន្ធដី ដោយលោកហ៊ុន សែន បានទទួលការស្វាគមន៍ ពីសំណាក់អ្នកវិភាគឯករាជ្យជាទូទៅ។ លោក កែម ឡី បានលើកឡើងថា ប្រជាពលរដ្ឋប្រហែល ៤០% មានដីតិចជាងកន្លះហិចតា ហើយធ្វើកសិកម្មមិនសូវបានផលផង មានបម្រែបម្រូល អាកាសធាតុ ជាពិសេសបន្ទុកក្នុងគ្រួសារធំផង បើតម្រូវឲ្យមានការបង់ពន្ធ ទៀតនោះ «គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ មួយកំរិតទៀត» សម្រាប់ពួកគាត់។
ផ្ទុយមកវិញ ការមិនយកពន្ធ លើប្រជាពលរដ្ឋដែលមានដីលើសពី «៥ហិកតា» ឡើងទៅ គឺអាចនាំឲ្យមានការខាតបង់ ដល់សេដ្ឋកិច្ចជាតិដ៏ធំ។ តាមលោក កែម ឡី រដ្ឋាភិបាលត្រូវធ្វើ «ចំណាត់ថ្នាក់ដីឲ្យបានច្បាស់» ថាតើដីទំហំប៉ុន្មាន ដែលមិនជាប់ កាតព្វកិច្ចបង់ពន្ធ។ ការធ្វើដូច្នេះ នឹងចូលរួមចំណែក ឲ្យមានកំណើនសេដ្ឋកិច្ច ផ្នែកកសិឧស្សាហកម្ម និងជំរុញឲ្យពួកគាត់ រៀបចំអភិវឌ្ឍន៍លើដី ដែលទំនេរទាំងនោះ ហើយផ្ដល់ផលបម្រើដល់ប្រជាកសិករ ជាពិសេសបង្កើតការងារ ដល់យុវជននៅតាមស្រុកស្រែចំការ មិនឲ្យធ្វើចំណាកស្រុក។
ការមិនយកពន្ធដីនេះ ក៏ទទួលបានការស្វាគមន៍ ពីលោកស្រី ជា វណ្ណាត អ្នកវិភាគសង្គមមួយរូបទៀតដែរ។ តែលោកស្រីបញ្ជាក់ថា ត្រូវកំណត់ឲ្យបាន ច្បាស់លាស់នូវ ទំហំដីដែលមិនត្រូវបានយកពន្ធនោះ។ នៅលើពិភពលោក ប្រទេសណាក៏មានការយកពន្ធលើដីដែរ ឯប្រទេសកម្ពុជាវិញ ការយកពន្ធ មានតាំងពីសម័យអាណានិគមបារាំងមកម្លេះ។ ដោយឡែក ការយកពន្ធដីនេះមិនឃើញមានទេ នៅក្នុងរបបខ្មែរក្រហម និងរហូតមកដល់បច្ចុប្បន្ន។ លោកស្រីបន្តថា ការប្រមូលពន្ធលើដី ដែលបានកំណត់ជាក់លាក់ និងពន្ធដីនៅក្នុង តំបន់សេដ្ឋកិច្ច ឬតំបន់អភិវឌ្ឍន៍ នឹងទទួលបាននូវចូល ថវិការជាតិជាច្រើន សំរាប់ផ្តល់ប្រាក់ខែ ជូនមន្រ្តីរាជការ ឲ្យបានរិតតែសមរម្យ។
ការមិនយកពន្ធលើដីនេះ ក៏ត្រូវបានមតិមួយចំនួនលើកឡើងថា ជាការស្វែងរកប្រជាប្រិយភាព របស់លោកនាយករដ្ឋមន្ត្រី ខណៈពេលបោះឆ្នោតសកល ឈានជិតចូលមកដល់។ លោកស្រី ជា វណ្ណាត យល់ថា «មិនយកពន្ធដី ពីប្រជាពលរដ្ឋ គឺជាគោលការណ៍មួយ សំខាន់សម្រាប់ ទាក់ទាញទឹកចិត្ត ពីប្រជាពលរដ្ឋបានច្រើន » ហើយគោលការណ៍នេះ មានតាំងពីយូរណាស់មកហើយ។ សម្រាប់លោក កែម ឡី ការ«មិនយកពន្ធដី»នេះ ជានយោបាយមួយ ក្នុងចំណោមនយោបាយទាំងបី៖ ការបិទឡូតិ៍នេសាទ ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងការមិនយកពន្ធលើដី។ ហើយនយោបាយណាក៏ដោយ សុទ្ធតែជាមធ្យោបាយ ដើម្បីទាញប្រជាប្រិយភាពយ៉ាងច្រើនមួយ ពីប្រជាពលរដ្ឋ និងដើម្បី«ទប់លំនឹងនយោបាយ» ដែលរដ្ឋាភិបាលចង់បញ្ជៀស នូវបាតុភាពផ្សេងៗ។
អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាតំណាងរាស្រ្ត មណ្ឌលភ្នំពេញ លោក យឹម សុវណ្ណ បានបកស្រាយមកវិញថា គណបក្សសង្គោះជាតិ ដែលទើបនឹងបង្កើតថ្មី ក៏មិនយកពន្ធលើដីស្រែ ប្រជាកសិករដែរ ហើយនឹងយកដីសង្គមកិច្ច ចែកជូនប្រជាកសិករ ទីទាល់ក្រ ដើម្បីធ្វើស្រែចំការ ចិញ្ចឹមជីវិតវិញ។ លោកបង្ហាញថា ដី៣លានហិកតារ ស្ថិតក្នុងដៃរមនុស្សប្រមាណ ជាង២០០នាក់ប៉ុណ្ណោះ។ ដីភាគច្រើន គ្រប់គ្រង ដោយក្រុមហ៊ុនឯកជន ហើយមួយចំនួនទៀត គេចវេសក្នុងការបង់ពន្ធចូលរដ្ឋ។
លោក យឹម សុវណ្ណ ពន្យល់ថា នឹងមិនយកពន្ធដីលើ «ប្រជាកសិករ» ទេ តែនឹងចាត់វិធានការ លើ«ក្រុមហ៊ុន»ឯកជនណា ដែលមានដីរាប់ម៉ឺនហិកតារ និងមិនបានបង់ពន្ធត្រឹមត្រូវ។ គណបក្សលោក នឹងតម្រូវឲ្យក្រុមហ៊ុនទាំងនោះ បង់ពន្ធចូលរដ្ឋឲ្យបាន «៧០ដុល្លាអាមេរិក ក្នុងមួយហិកតារសម្រាប់មួយឆ្នាំ»។ តែបើគ្មានលទ្ធភាពបង់ទេ ត្រូវប្រមូលដីទាំងនោះចែកជូន ប្រជាពលរដ្ឋវិញ ។
តាមរបាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គ្រួសារចន្លោះពី ១២% ទៅ ១៥% នៃចំនួនគ្រួសារនៅជនបទ គឺគ្មានដីកសិកម្មទេ ហើយអ្នកដែលគ្មានដីធ្លី នឹងកើនឡើង ជារៀងរាល់ឆ្នាំប្រមាណ២%។ តាមការប៉ាន់ស្មាន ដោយក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ទំនាស់ដីធ្លីមានកើនឡើង លើសពី ២០% រៀងរាល់ឆ្នាំ។
ឯរបាយការណ៍ របស់ធនាគារពិភពលោក (World Bank) ក៏ធ្លាប់បានអះអាងថា នៅប្រទេសកម្ពុជា ក្នុងចំណោមអ្នកដែល មានដីច្រើនដល់ ៥០០ហិកតារ គឺ៣១% ជាអ្នកប្រកបអាជីវកម្ម ២៣% ជាមន្ត្រីមានឋានៈខ្ពស់ ដែលមានងារជាឯកឧត្ដម ២៣% ជាឧកញ៉ា ១៥% ជាមន្ត្រីយោធាដែលគេហៅថា ឧត្ដមសេនីយ៍ និង ៨% ជាសមាជិករដ្ឋសភា។ ក្នុងនោះដែរ គ្រួសារជនបទមួយចំនួនធំប្រមាណ ៤៦% មានដីតិចជាងកន្លះហិកតារ និងគ្មានដី។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ