នៅមុខតុលាការក្រុងភ្នំពេញ ពេលសវនាការលើស្ត្រីតវ៉ាដីធ្លីនៅបុរីកីឡា និងបឹងកក់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 26, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈសាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាកាកាត់ទោស លើស្ត្រីជាសកម្មជនដីធ្លីពីររូប នៅពីមុនសាលាក្ដីវិញ មានប្រជាពលរដ្ឋស្រីប្រុស ក្មេងចាស់ មកពីសហគមន៍បឹងកក់ និងបុរីកីឡា ដោយមានកាន់បដាផ្សេងៗ និងស្រែកទាមទារឲ្យតុលាការធ្វើការដោះលែង ជនជាប់ចោទទាំងពីរ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ។
«ស្ត្រីជាប់ទ្រុង» តំណាងអោយជនជាប់ចោទ ជាសកម្មជនតវ៉ាដីធ្លី ទាំងពីរនាក់។ រូបថត MONOROOM.info/ O.Vary។
តុលាការសាលដំបូងរាជធានីភ្នំពេញ នៅរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២នេះ បើកសវនាការកាត់ក្តី លើស្ត្រីសកម្មជនអ្នកតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី សកម្មជនអ្នកតវ៉ាដីធ្លី នៅបុរីកីឡា ក្រោមបទចោទប្រកាន់ផ្សេងពីគ្នា។
ក្នុងទិដ្ឋភាពនោះ មានកងកំលាំងប៉ូលីស ទាហាន ជាច្រើនសិបនាក់ដោយមានដំបងឆក់ ខែល របាំងដែក បិទឃាំងមិនឲ្យក្រុមប្រជាពលរដ្ឋ ចូលទៅក្បែរអាគារតុលាការបាន។ ផ្លូវនៅជុំវិញត្រូវបានបិទ និងផ្លូវនៅពីមុខសាលាដំបូងរាជធានី ចាប់ពីភ្លើងស្តុបនាងគង្ហីង រហូតដល់ភ្លើងស្តុបអាងទឹក ត្រូវបានដាក់របាំងបិទដូចគ្នា។ នៅក្នុងចំណោមនោះ ក៏មានឃើញ វត្តមានក្រុមអង្គការសង្គមស៊ីវិល និងអ្នកការសែតជាតិ និងអន្តជាតិ ដែលបាននឹងកំពុងឃ្លាំមើល និងតាមប្រម៉ាញ់យកពត៌មានផងដែរ ។
កញ្ញា សេង ធារី អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម បាននលើកពីក្ដីសង្ឈឹមថា នឹងមាន«ការដោះលែង» យុត្តធម៌នឹងកើតឡើង សេរីភាពនឹងមានក្នុងថ្ងៃនេះ ចំពោះជនជាប់ចោទទាំងពីរ។ ក្ចីសង្ឃឹមនេះ កញ្ញាបានភ្ជាប់សុទិត្ថិនិយមយ៉ាងដូច្នេះថា រដ្ឋាភិបាល ក៏មានអ្នកល្អ ខាងប៉ូលីសក៏មានអ្នកល្អ គាត់ស្រលាញ់យុត្តិធម៌ តែគាត់មិនដឹងថាធ្វើរបៀបណា។ កញ្ញាបន្តថា ភាពអយុត្តិធម៌ នឹងមិនអាចមានស្ថិរភាពបានទេ យុត្តិធម៌ និងសេរីភាពនឹងឈ្នះ។ កញ្ញាបានអំពាវនាវ ទៅប្រជាពលរដ្ឋទាំងអស់ កុំអោយអស់សង្ឈឹម ហើយខំរួមកំលាំងគ្នា បន្ទសម្រែកឲ្យបានដឹង អំពីអំពើអយុត្តិធម៌ក្នុងសង្គម និងដាក់សម្ពាធលើរដ្ឋភិបាល ។
ឯលោក កៅ ពឿន ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាវិញ លោកបញ្ចេញចំណាប់អារម្មណ៍ថា បើតុលាការរកមិនឃើញកំហុស ហើយនៅតែមិនដោះលែងទៀតនោះ តុលាការនឹងរងការរិះគន់ពីអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ មិនត្រឹមតែកិតិ្តយសរបស់តុលាការនោះទេ តែដល់កិតិ្តយសរបស់ប្រជាពលរដ្ឋខ្មែរ ទាំង១៤លាននាក់។ លោកបន្តថា មិនគួរយកប្រពន្ធតុលាការ មកគំរាមកំហែងប្រជាពលរដ្ឋនោះទេ ។
គួរំលឹកថាអ្នកស្រី យ៉ោម បុប្ផា ជាអ្នកលេចធ្លោ ក្នុងជម្លោះតវ៉ាដីធ្លីនៅបឹងកក់ ដែលត្រូវបានឃុំខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីបទប្រើអំពើហឹង្សាដោយចេតនា វាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។ ចំណែកឯ អ្នកស្រី ទឹម សាក់មុន្នី ដែលគេដឹងថា ជាអ្នកតវ៉ាបញ្ហាដីធ្លីដ៏សកម្មមួយរូបទៀត នៅបុរីកីឡាដែរនោះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ គឺក្រោយមួយថ្ងៃនៃការឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ។
ជាបន្តបន្ទាប់ក្រោយម អង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបានថ្កោលទោស ប្រឆាំងនឹងការចាប់ខ្លួនស្ត្រីទាំងពីរនាក់នេះ ហើយបានទាមទារឲ្យដោះលែង ស្ត្រីទាំងពីរនាក់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ចំណែកក្រុមអ្នកភូមិបុរីកីឡា និងអ្នកបឹងកក់ ក៏បានប្រមូលផ្តុំតវ៉ា និងដាក់ញត្តិទៅកាន់ស្ថានទូតនានា ព្រមទាំងស្ថាប័នរដ្ឋាភិបាល រដ្ឋសភា ដើម្បីឲ្យអន្តរាគមន៍ដោះលែងស្ត្រីទាំងពីរនាក់ចេញពីពន្ធនាគារព្រៃស ។ ការសុំបទអន្តរាគមន៍ពីប្រមុខការទូត និងប្រធានាធិបតីអាមេរិក សហភាពអឺរ៉ុប ក៏អ្នកភូមិបានដាក់ញត្តិស្នើសុំផងដែរ។
មនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកធ្វើសេចក្ដីរាយការណ៍ ជាបន្តទៀត ជុំវិញសាលក្រមសម្រេចលើជោគវាសនា ស្ត្រីជាប់ចោទទាំងពីរនាក់ ចេញដោយតុលាការសាលាដំបូងរាជធានីភ្នំពេញនេះ ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ