បាញ់សម្លាប់​នៅ​អាមេរិក៖ សម្លាប់​អ្នក​លត់​អគ្គិភ័យ​ពីរ​នាក់ និង​ចង់​ដុត​កំទេច​សង្កាត់​ផ្សេងទៀត

ក្រុមអ្នកលត់អគ្គិភ័យ ត្រូវបានគេហៅអោយទៅលត់អគ្គិភ័យ នៅថ្ងៃទី២៤ខែធ្នូ តែជាការភ្ញាក់ផ្អើលមួយ ដោយនៅពេលទៅដល់ ផ្ទះដែលត្រូវជនសង្ស័យ បានដុតបញ្ឆេះនោះ អ្នកពន្លត់អគ្គិភ័យពីរនាក់ ត្រូវបានជនខ្មាញ់កាំភ្លើងនេះ បាញ់ស្លាប់យ៉ាងអាណោចអាធមជាទីបំផុត។ ជនសង្ស័យ ឈ្មោះ វីលីយ៉ាម ស្ពែនគ្ល័រ (William Spengler) អាយុ៦២ឆ្នាំ បានសម្លាប់ខ្លួន នៅពេលបន្ទាប់មក និងបានទុកលិខិតមួយ កម្រាស់បីទំព័រ សរសេររៀបរាប់ ពីអ្វីដែលជននេះបានគិត និងបានរៀបគម្រោង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលបានបង្ហាញសេចក្ដី នៅក្នុងសំបុត្រ សរសេរទុកដោយ ខ្មាញ់កាំភ្លើង ដែលបានបាញ់សម្លាប់ អ្នកពន្លត់អគ្គិភ័យ​ពីរនាក់ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ​ មុនថ្ងៃបុណ្យណូអែលតែមួយថ្ងៃប៉ុណ្ណោះ។ នគរបាលក៏បានរកឃើញ សាកសពរបស់​បងស្រីរបស់ជននេះ​ នៅក្នុងផ្ទះដែលត្រូវបានដុតឆេះនោះផង។


រូបថតជនសង្ស័យ វីលីយ៉ាម ស្ពែនគ្ល័រ មិនបញ្ជាក់ពីថ្ងៃខែថត ផ្សាយដោយការិយាល័យ
ទទួលបន្ទុកយុត្តិធម៌ប្រចាំរដ្ឋញ៉ូយក។

ក្រុមអ្នកលត់អគ្គិភ័យ ត្រូវបានគេហៅអោយទៅលត់អគ្គិភ័យ នៅថ្ងៃទី២៤ខែធ្នូ តែជាការភ្ញាក់ផ្អើលមួយ ដោយនៅពេល​ទៅដល់ ផ្ទះដែលត្រូវជនសង្ស័យ បានដុតបញ្ឆេះនោះ អ្នកពន្លត់អគ្គិភ័យពីរនាក់ ត្រូវបានជនខ្មាញ់កាំភ្លើងនេះ បាញ់​ស្លាប់​យ៉ាងអាណោចអាធមជាទីបំផុត។ ជនសង្ស័យឈ្មោះ វីលីយ៉ាម ស្ពែនគ្ល័រ (William Spengler) អាយុ៦២ឆ្នាំ បានសម្លាប់ខ្លួន នៅពេលបន្ទាប់មក និងបានទុកលិខិតមួយ កម្រាស់បីទំព័រ សរសេររៀបរាប់ ពីអ្វីដែលជននេះបានគិត និងធ្លាប់បានរៀប​គម្រោង។

នាយនគរបាល នៅតំបន់វេបស្ទ័រ (Webster) ជាយក្រុង រ៉ូឆេស្ទ័រ (Rochester) ជាប់មាត់បឹង អុងតារីយ៉ូ (Ontario) នៃ​រដ្ឋ​ញ៉ូយក គឺលោកហ្សេរ៉ាល ផីកឃើរីង (Gerald Pickering) បានរំលឹកក្នុងសន្និសិតកាសែត កាលពីថ្ងៃអង្គារទី ២៥ធ្នូ ពី​សេចក្ដីក្នុងសំបុត្រនោះថា បំណងរបស់ជនសង្ស័យ គឺ«សម្លាប់មនុស្ស»។ ជនសង្ស័យបានសរសេរថា «ខ្ញុំត្រូវត្រៀម​មើលអោយឃើញថា មានសង្កាត់ប៉ុន្មានទៀត ដែលខ្ញុំនឹងអាចដុតវាអោយឆេះ។ ហើយអ្វីដែលខ្ញុំចូលចិត្តជាងនេះ គឺ​សម្លាប់មនុស្ស។»

ជាប់ទោស១៨ឆ្នាំរួចហើយ ពីបទសម្លាប់ជីដូនរបស់ខ្លួន

នាយនគរបាលរូបនេះ ក៏បាននិយាយបញ្ជាក់ផងដែរ ពីការរកឃើញនូវបំណែកឆ្អឹង នៃដងខ្លួនមនុស្ស ប្រហែលជារបស់​បងស្រីរបស់ជននេះ នៅក្នុងផ្ទះដែលបានឆេះនោះ។ លោកហ្សេរ៉ាល ផីកឃើរីង បានបន្ថែមថា «យើងបានរកឃើញ បំណែកឆ្អឹងនៃដងខ្លួនមនុស្ស ពីគំនរបាក់បែកនៃផ្ទះឆេះ ដែលខ្មាញ់កាំភ្លើងបានរស់នៅ»។ បំណែកដងខ្លួននេះ ត្រូវបាន​នគរបាលសង្ស័យថា ជារាងកាយបងស្រីរបស់ជនសង្ស័យ ឈ្មោះឆេរីល ស្ពែនគ្ល័រ (Cheryl Spengler) អាយុ៦៧ឆ្នាំ ធ្លាប់​រស់នៅជាមួយជនសង្ស័យ តែបានបាត់ខ្លួនតាំងពីថ្ងៃច័ន្ទមក។ នគរបាលមិនអាចនិយាយបានថា បងស្រីដែលរងគ្រោះ​នេះ ត្រូវបានដុតទាំងរស់ ក្នុងពេលឆេះផ្ទះ ឬត្រូវបានសម្លាប់ជាមុននោះទេ​ ដោយគ្រានតែបានបញ្ជាក់ថា បងប្អូនស្រី​ប្រុស​ទាំងពីរ មិនចុះសម្រុងនឹងគ្នាឡើយ។

សូមបញ្ជាក់ថា ជនសង្ស័យនេះ ធ្លាប់ជាប់ទោសម្ដងហើយ ពីបទឃាតកម្ម កាលពីឆ្នាំ១៩៨១។ ជននេះ បានប្រើញញួរ​វាយសម្លាប់ ជីដូនរបស់ខ្លួន នៅឆ្នាំ១៩៨០ ហើយត្រូវជាប់ទោសចំនួន១៨ឆ្នាំ ក្នុងពន្ធនាគារ។ តែតាំងពីពេលនោះមក គ្មាននរណាម្នាក់ នឹកឃើញនិយាយពី អតីតឃាតករនេះទេ រហូតមកដល់ការប្រព្រឹត្តិ ក្នុងពេលនេះទៀតសោធ ក៏​នគរបាលមិនអាចដឹងបាន ពីមូលហេតុដែលជននេះចង់ធ្វើដែរ។

សហរដ្ឋអាមេរិក ប្រឈមនឹងការហាមឃាត់ មិនអោយប្រើប្រាស់អាវុធ

ទាក់ទងនឹងហេតុការណ៍ដ៏រន្ធត់ នៅថ្ងៃច័ន្ទកន្លងមកនេះ នគរបាលបានថ្លែងថា «ជាការត្រៀមបម្រុងទុកមួយយ៉ាងច្បាស់» ដោយបញ្ជាក់ថា ខ្មាញ់កាំភ្លើងបានបំពាក់ដោយអាវុធ សម្រាប់ធ្វើសង្គ្រាម ដើម្បីបាញ់សម្លាប់ជនទូទៅគ្មានកំហុស។ បន្ទាប់ពីបានដុតផ្ទះ និងរថយន្ដរបស់ខ្លួនរួច វីលីយ៉ាម ស្ពែនគ្ល័រ បានរៀបជើងព្រួលរងចាំស្វាគមន៍ ការមកដល់​របស់ក្រុម​អ្នកលត់អគ្គិភ័យ ជាមួយនឹងកាំភ្លើងបីដើម។ ក្រោយពីក្រុមអ្នកលត់អគ្គិភ័យ ទើបនឹងបានធ្វើដំណើរយ៉ាងឆាប់រហ័ស ទៅដល់ទីកន្លែងកើតហេតុនោះ ជននេះបានចាប់ផ្ដើម បើកការវាយប្រហារភ្លាមដែរ ទៅលើក្រុមអ្នកលត់អគ្គិភ័យទាំងនោះ ដែលគ្នាមានបំណងតែមួយគត់ «ជួយសង្គ្រោះជីវិត»។


ផ្ទះចំនួន៧ខ្នង ត្រូវបានជនសង្ស័យ ដុតកម្ទេច។ រូបថត AP/ Jamie Germano។

បន្ទាប់មក នគរបាលម្នាក់ បានទៅដល់ទីនោះដែរ ហើយបានបើកការវាយតបតរវិញ ដោយបានជួយសង្គ្រោះជីវិត​មនុស្ស​ដទៃទៀតជាច្រើន។ តែតុល្យភាពចុងក្រោយ អ្នកលត់អគ្គិភ័យ២នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួសជាទម្ងន់។ រីឯលំនៅដ្ឋានចំនួន៧ រាប់ទាំងលំនៅដ្ឋានរបស់ជនសង្ស័យផង ត្រូវព្រះអគ្គិឆាបឆេះខ្ទេចគ្មានសល់។

ជាហេតុការណ៍បាញ់សម្លាប់ដ៏រន្ធត់មួយទៀត នៅក្រោយតែ១០ថ្ងៃប៉ុណ្ណោះ ពីការបាញ់សម្លាប់យ៉ាងរង្គាល នៅទីក្រុង​ញ៉ូថោន (Newtown) ក្នុងសាលាបឋមសិក្សាសេនឌីហូក (Sandy Hook)  ដែលបានសម្លាប់ កុមារតូចៗ២០នាក់ និង​មនុស្សធំ៦នាក់ ដោយយុវជនម្នាក់អាយុ២០ឆ្នាំ មុននឹងយុវជនសង្ស័យនេះ បានសម្លាប់ខ្លួន។ ហេតុការណ៍ ដែលនឹងធ្វើ​អោយ ការហាមឃាត់ការប្រើប្រាស់ និងចរាចរណ៍កាំភ្លើង ក្នុងសហរដ្ឋអាមេរិក នឹងរឹតតែមានទម្ងន់។

គួររំលឹកឡើងវិញថា ក្រោយពីបានធ្វើវិសោធនកម្មលើកទីពីររួចមក រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានអនុញ្ញាត​អោយពលរដ្ឋ​អាមេរិក មានសិទ្ធកាន់កាំភ្លើង​ ដើម្បីការពារខ្លួន។ ប៉ុន្តែចរចរណ៍កាំភ្លើង ដែលកើតមាននៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស​ប្រមាណជា ៣១ ០០០នាក់ ក្នុងមួយឆ្នាំៗ ឫជាង៣០នាក់ ក្នុងមួយថ្ងៃៗ។ តែអ្វីដែល សង្គ្រាមសម្តី​បានផ្ទុះកើតឡើងក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រវាងអ្នកចង់អោយមានការកាន់អាវុធ និងអ្នកដែលចង់​អោយ​មានការហាមឃាត់ គឺអាវុធបានសម្លាប់ជនស្លូតត្រង់ គ្មានទោសកំហុស ជាច្រើននាក់ដូចគ្នា៕

-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...