ព្រឹត្តិការណ៍«យ៉ាងភ្ញាក់ផ្អើល និងស្មានមិនដល់»ទាំង១២ ដែលកើតក្នុងឆ្នាំ២០១២
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: December 30, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
- គេហទំព័រលក់ទំនិញ តាមអាំងធើណែតមួយ របស់បារាំង ឡា រ៉ឺឌូត (La Redoute) បានដាក់រូបថតផ្សាយលក់ខោអាវកូនក្មេង នៅលើគេហទំព័រ តែភ្លេចដករូបបុរស«ស្រាត»ម្នាក់ ចេញពីខាងក្រោយកូនក្មេងទាំងនោះ។ រឿងនេះកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចូលឆ្នាំថ្មីសកល។ បើមើលមួយភ្លែត គេមិនចាប់អារម្មណ៍នឹងរូបថត ដែលមានបុរសស្រាតខ្លួនទទេ ងើបចេញពីទឹក នៅពីក្រោយកូនក្មេងផ្សាយខោអាវ សម្រាប់លក់ក្នុងរដូវក្ដៅនៃឆ្នាំ២០១២នេះទេ។ ជារឿងអាស្រូវមួយ ដែលបានធ្វើអោយផ្ទុះ នូវការជជែកបែកអូរហូរជាស្ទឺង នៅគ្រប់បណ្ដាញផ្សព្វផ្សាយ ជាពិសេសនៅលើបណ្ដាញសង្គម។ ប៉ុន្តែគេហទំព័រ បានបញ្ចប់រឿងអាស្រូវនេះ ដោយបានចេញមកសុំទោស នៅលើទំព័រទ្វីធើរ (Twitter) ជាផ្លូវការរបស់ខ្លួន ហើយបានដករូបថតនេះ ចេញជាបន្ទាន់ ពីគេហទំព័រលក់ទំនិញ។
- ព្រឹត្តិការណ៍ ដ៏គួរអោយខ្លាច របស់«មនុស្សស៊ីមនុស្ស» នៅមីអាមី (Miami) ក្នុងរដ្ឋផ្លរីដ (Floride) សហរដ្ឋអាមេរិក ហើយរហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងថា បញ្ហានឹងមានតែមួយនេះ ឬយ៉ាងណានោះទេ។ នៅថ្ងៃទី២៦ឧសភា «មនុស្សខ្មោច» ដែលជាបុរសម្នាក់ឈ្មោះ រូឌី អឺហ្សែន (Rudy Eugene) អាយុ ៣១ឆ្នាំ ត្រូវបាននគរបាលទីក្រុងនេះបាញ់សម្លាប់ ខណៈពេលដែលជននេះ កំពុងបកស្បែក ហែកសាច់មុខ របស់បុរសគ្មានទីជម្រកម្នាក់ទៀត ឈ្មោះ រ៉ូណាល់ ប៉ូប៉ូ (Ronald Poppo) ដាក់ចូលក្នុងមាត់ទំពារស៊ីជាអារហារ។ ក្នុងសេចក្ដីពន្យល់បឋម បន្ទាប់ពីបានពិនិត្យទៅលើសាកសព របស់ រូឌី អឺហ្សែន បានអោយដឹងថា ដំណើរទៅក្នុងផ្លូវអាក្រក់ (សេពថ្នាំ ...) បានធ្វើអោយបុរសនេះ ហ៊ានប្រព្រឹត្តិនូវអំពើនេះ។ តែនៅក្នុងការពន្យល់មួយទៀត មិនផ្លូវការ បានអោយដឹងថា រូឌី អឺហ្សែន បានរង«អំពើរ»របស់«គ្រូធ្មប់»ណាម្នាក់។ តែសេចក្ដីសន្និដ្ឋាននេះ នៅមិនអាចរកការបញ្ជាក់បាននៅឡើយ។ សូមចុចអានអត្ថបទនេះ ដែលមនោរម្យព័ងអាំងហ្វូ បានធ្វើរបាយការណ៍ជូន តាំងពេលកើតហេតុនោះភ្លាម (អត្ថបទហាមឃាត់ មិនអោយអាន នូវកុមារអាយុក្រោម១៦ឆ្នាំ និងមនុស្សដែលមានអារម្មណ៍ ប៉ះទង្គិចខ្លាំង)។
- រូបព្រះអង្គម្ចាស់ ហារី លែងខ្លួនទទេ ធ្វើអោយផ្អើលពិភពលោក។ រដូវក្ដៅនៅឆ្នាំនេះ បានធ្វើអោយព្រះរាជវង្ស របស់ប្រទេសអង់គ្លេស ក្ដៅក្រហាយមិនតិចទេ។ ខណៈពេលដែល ព្រះអង្គម្ចាស់វីលីយ៉ាម (William) និងមហេសី ឃេដ បានបង្ហាញពីរូបភាពគំរូរបស់ខ្លួន ដល់អ្នកផងទាំងឡាយនោះ ព្រះរាជអនុចរបស់ទ្រង់ ឯណេះវិញ មិនត្រូវបានគេទុកអោយនៅស្ងប់ស្ងៀមទេ។ រូបថតខ្លួនស្រាតននលគោក នៅជិតនឹងស្រីៗស្លៀកខ្លីជាច្រើននាក់ នៅក្នុងសណ្ឋាគារមួយ នៃទីក្រុងឡាស វេហ្គាស ត្រូវបានចេញដាក់ផ្សាយព្រោងព្រាត តាមប្រព័ន្ធផ្សព្វផ្សាយនានាលើពិភពលោក ពេញមួយខែសីហាឆ្នាំនេះ។ គឺជារូបថតដ៏អាស្រូវ ដែលព្រះបុរមរាជវាំង ប៊ែកឃីញហ៊ាម (Buckingham) មិនចង់ធ្វើការបកស្រាយ សូម្បីតែមួយម៉ាត់។
- នៅអាស៊ីអាគ្នេយ៍ ស្វាដែលមានរូបរាងធំ ដែលគេហៅថា អូរ៉ង់ អ៊ូតង់ (orangs-outans) ត្រូវចាប់អោយមកបម្រើផ្លូវភេទ ជាមួយមនុស្ស។ ជារឿងមួយហួសនិស្ស័យ ដែលសឹងតែជឿមិនបាន ដែលមនុស្សបានចាប់ សត្វស្វាញីធំៗទាំងនោះ មកបម្រើតណ្ហាដ៏ហួសប្រមាណរបស់ខ្លួន។ ញត្តិមួយត្រូវបានគេដាក់ នៅលើគេហទំព័រស្វែងរកហត្ថលេខាគាំទ្រ ដើម្បីប្រឆាំងនឹងការធ្វើទារុណកម្ម ទៅលើសត្វបែបនេះ។ នៅក្នុងអត្ថបទដែលភ្ជាប់ជាមួយនឹងញត្តិនោះ បានលើកឡើងជាឧទាហរណ៍ ពីសត្វស្វាញីអាយុ១២ឆ្នាំមួយក្បាល ដែលត្រូវបានគេកោររោមចេញ លាងសម្អាត បាញ់ទឹកអប់ និងថែមទាំងលាបក្រែម នៅលើបបេមាត់ថែមទៀតផងនោះ ត្រូវគេចង់ច្រវាក់ភ្ជាប់ទៅនឹងគ្រែ ដើម្បីទុកអោយភ្ញៀវ ដែលមករកសេវាកម្មនេះ ឡើងស្ថានសួគ៌ជាមួយ។ រឿងនេះត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅលើកោះ ប៊រណេអូ (Bornéo) ប្រទេសឥណ្ឌូនេស៊ី និងកន្លែងខ្លះមួយចំនួនទៀត ក្នុងប្រទេសថៃ។
- តារាភាពយន្ដស្រាត វ័យ២៩ឆ្នាំមួយរូបឈ្មោះ លុកា រ៉ូកូ ម៉ាញ៉ូតា (Luka Rocco Magnotta) ជាជនសង្ស័យ «មានរោគចិត្ត» ជាតិកាណាដា ដែលបានសម្លាប់កូនឆ្មារជាដំបូង និងមិត្តប្រុសរបស់ខ្លួនម្នាក់ទៀត។ គេបានផ្អើល តាមបណ្ដាញអាំងធើណែតរួចម្ដងហើយ ថាជននេះបានសម្លាប់កូនឆ្មារជាច្រើន ជាមួយនឹងថង់ផ្លាស្ទីក។ តែអ្វីដែលគួរអោយរន្ធត់ចិត្តនោះ ជននេះបានសម្លាប់ មិត្តភ័ក្រខ្លួនម្នាក់ ជាជនជាតិចិន ហើយបានកាត់ជាចំរៀកៗ សាកសពរបស់ជនរងគ្រោះ ផ្ញើរតាមប្រៃសណីយ៍ ទៅអោយគណបក្សនយោបាយ និងវិទ្យាល័យក្នុងប្រទេសកាណាដា។ ជនសង្ស័យ ថែមទាំងបានថតជាវីដេអូ នូវរាល់សកម្មភាពរបស់ខ្លួន ហើយដាក់ចែកផ្សាយវីដេអូនេះ នៅលើបណ្ដាញអាំងធើណែតថែមទៀត។ តារាភាពយន្ដ បានរត់គេចចេញពីប្រទេសកាណាដា ហើយបានចូលមករស់នៅ ក្នុងប្រទេសបារាំងមួយរយះ មុននឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៊េរឡាំងប្រទេសអាឡឺម៉ង់ ហើយត្រូវបាននគរបាលនៅទីនោះ ចាប់ខ្លួននៅថ្ងៃទី៤មិថុនា។ បន្ទាប់មក អាជ្ញាធរបានសម្រេច ចាប់បញ្ជូនខ្លួន លុកា ទៅកាន់ប្រទេសកាណាដាវិញ។ សូមអានអត្ថបទរបស់មនោរម្យព័ងអាំងហ្វូ នៅពេលហេតុការណ៍នេះ បានកើតឡើងនាពេលនោះ។
- ពិតជាមានបញ្ហាហើយ ព្រោះ«លិង្គបានរួញតូច»។ ការសិក្សាស្រាវជ្រាវមួយ ដ៏គួរអោយជឿជាក់បាន របស់សកលវិទ្យាល័យវេជ្ជសាស្ត្រ នៃទីក្រុង ប៉ាឌូ (Padoue) ប្រទេសអ៊ីតាលី បានលើកបង្ហាញពីការពិតមួយ ដែលនឹងធ្វើអោយបុរសៗ ក្នុងលោក «ភ័យបុកពោះ» ព្រោះនៅឆ្នាំ២០១២នេះ ប្រដាប់ភេទបុរស (លិង្គ) បានរួមតូចជាទូទៅ ៨មីលីម៉ែត្រ បើប្រៀបទៅនឹងពាក់កណ្ដាលសតវត្សទី២០។ កំហុសធំបំផុត ត្រូវបានគេពន្យល់ថា មកពីកម្រិតជាតិពុល និងភាពធាត់ចុកខ្លាញ់ ដែលមានឥទ្ធិពលខ្លាំងទៅលើ ជាតិបម្រែបម្រូលរាងកាយ នៃជនវ័យជំទង់។ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏បានប្រាប់ផងដែរ ពីការរីកវែងជាងមុន នូវអវយវះផ្សេងៗទៀត។ ដូច្នេះបើគេនិយាយមក អោយស្រួលយល់ មនុស្សប្រុសសម័យនេះ មានដៃជើងវែងៗ និងមានលិង្គតូច។ មើលទៅ បែបមិនស្រួលហើយ លោកប្រុស !
- ហ្វេលីស ប៊ូមហ្គាតន័រ (Félix Baumgartner) ហោះពីលំហអវកាស។ បុរសជនជាតិអូទ្រីសមួយនេះ បានសម្រេចបាននូវឯកទគ្គកម្មពិភពលោក ក្នុងការលោតបង្ហោះខ្លួន ទៅក្នុងអាកាសបានខ្ពស់ជាងគេ។ នៅថ្ងៃទី១៥តុលាកន្លងទៅ គាត់បានព្រលែងខ្លួនពីលើយន្ដមួយ ដែលហោះទៅដល់កំពស់ខ្ពស់ជាង ៣៦ ០០០ម៉ែត្រ ហួសកំរិតទំនាញផែនដី ជាមួយនឹងសម្លៀកបំពាក់អវកាសរបស់គាត់។ គាត់បានមកជាន់ជើង ដល់ផែនដីវិញ បន្ទាប់ពីការទម្លាក់ខ្លួន ដែលមានល្បឿនលឿន និងប្រើរយះពេល ប្រមាណជាជាង ៤នាទី។
- «អវសាននៃពិភពលោក» មិនមានពិតនោះទេ។ តែអ្នកណាដែលបានពង្រីកបន្ថែម នូវជំនឿដែលចេញពីវប្បធម៌នៃជនជាតិម៉ាយ៉ានេះ? បើនិយាយទៅ ប្រហែលនៅឆ្នាំ២០០៩ នៅពេលដែលខ្សែរភាពយន្ដ ហូលិវូដ ចេញបញ្ចាំងរឿង «២០១២» នរណាៗក៏ចាប់ផ្ដើមជឿតាមដែរ ពីព្រឹត្តិការណ៍ ដែលនឹងអាចបង្កើតអោយមាន នូវ«អវសាននៃពិភពលោក» ត្រូវចំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២កន្លងទៅថ្មីៗ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងពិភពលោក ក៏បាននិយាយបំពងបន្ថែមទៀត ពីព្រឹត្តិការណ៍នេះ ជាមួយនឹងបទយកការណ៍ និងខ្លះទៀតផលិតជាភាពយន្តឯកសារ ដែលលើកនិយាយ ពីប្រភពយ៉ាង«ពិតជាក់ស្ដែង» មកបញ្ជាក់ផង។ តែដល់ពេល ថ្ងៃដែល«អវសាននៃពិភពលោក»បានមកដល់ សូម្បីតែខ្យល់ព្យុះអោយរង្គើទឹកកែវ ក៏មិនមានផង ! សូមអានអត្ថបទ របស់មនោរម្យព័ងអាំងហ្វូ ដែលលើកពីបញ្ហានេះ មកសរសេរជូនលោកអ្នកនៅថ្ងៃនោះ។
- វិបត្តិប្រធានបក្សនយោបាយ ក្នុងប្រទេសបារាំង កើតមាននៅក្រោយពេល ការបោះឆ្នោតក្នុងគណបក្ស បានចេញផ្សាយលទ្ធផល។ បើទោះជា«អវសាននៃពិភពលោក» មិនលេចចេញជារូបរាងពិត តែ«ជម្លោះនៃប្រធានបក្ស អ៊ុយអឹមប៉េ (UMP)» មានលក្ខណៈស្រួចស្រាវជាង និងបានធ្វើអោយនរណាៗ ក៏មានការភ្ញាក់ផ្អើលដែរ។ នៅថ្ងៃទី១៨វិច្ឆិការ សមាជិកគណបក្សទាំងអស់ បានត្រូវគេអញ្ជើញអោយទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រធានគណបក្ស។ តែបេក្ខជនម្នាក់ ពីក្នុងចំណោមបេក្ខជនឈរឈ្មោះ គឺលោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) បានប្រកាសជ័យជំនះមុន ខណៈការបោះឆ្នោតនៅតាមមណ្ឌលខ្លះ នៅមិនទាន់ចប់សព្វគ្រប់ផង។ ដើម្បីកុំអោយចាញ់ចិត្ត បេក្ខជនប្រជែង លោក ហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) ក៏បានប្រកាសលទ្ធផល ពីជ័យជំនះរបស់ខ្លួនដែរ។ ជាការប្រយុទ្ធដណ្ដើមកៅអីមេបក្ស ដែលបានអូសបន្លាយយ៉ាងយូរ រហូតមានការបង្កើត ក្រុមមួយបែកពីបក្សរបស់ខ្លួនក្នុងរដ្ឋសភា និងមានការប្រើប្រាស់ចម្រៀងនយោបាយឆ្លើយឆ្លងគ្នា ទៅវិញទៅមក យ៉ាងជក់ចិត្តដឹតអារម្មណ៍ជាទីបំផុត។ មកដល់ថ្ងៃនេះ គូរបដិបក្ខទាំងសងខាង បានយល់ព្រមធ្វើការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០១៣ខាងមុខ។ តែដំណើររឿងនេះ ពិតជានឹងមិនចប់ ដោយងាយស្រួលនោះឡើយ ហើយលោកអ្នកនឹងយល់បន្ថែម ពី«ជម្លោះបារាំងគ្រូខ្មែរ» ដោយចុចអានអត្ថបទនៅទីនេះ។
- តើសត្វចម្លែកនៅជាប់នឹងទន្លេ ខាងកើត (East River) នៃទីក្រុងញ៉ូយក ជាអ្វីអោយប្រាកដ? គេបានសង្ស័យរវាង សត្វជ្រូក កណ្ដុរធំ និងសត្វចម្លែកដែលចេះបែកភាគ។ សាកសពរបស់សត្វ ដែលគេមិនស្គាល់អត្តសញ្ញាណនេះ ត្រូវបានរកឃើញនៅមាត់ច្រាំងនៃទន្លេខាងកើត កាលពីខែកក្កដាកន្លងទៅ ហើយបានធ្វើអោយ លេចចេញនូវសេចក្ដីសន្និដ្ឋានជាច្រើន ដើម្បីរកអោយឃើញថា តើសត្វចម្លែកដ៏ធំនេះ ស្ថិតនៅក្នុងប្រភេទ«សត្វអ្វី»? តាមការស្រាវជ្រាវ និងការអង្កេតរបស់អ្នកជំនាញ គេបាននិយាយថា វាជាសត្វឆ្កែ ...។ អ្នកអាចមើលរូបបន្ថែមទៀត ដោយចុចនៅទីនេះ។
- ព្រឹត្តិការណ៍ខឹងសម្បារ របស់បណ្ដាជនមូស្លីម ប្រឆាំងនឹងភាពយន្តអាមេរិកដ៏អាក្រក់មួយ។ ព្រឹត្តិការណ៍ដ៏អភ័ព មិនគួរអោយវាកើតមានទេ បើគេពិនិត្យអោយបានដឹតដល់ ទៅលើខ្សែរភាពយន្ដមួយ ដែលមានលក្ខណៈបញ្ចេញមតិយោបល់ បែបកំប្លែង បានប្រើប្រាស់ថវិការដ៏តិចតួចជាទីបំផុត និងប្រើប្រាស់តួអង្គសមញ្ញធម្មតាៗនេះ។ តែសម្រាប់បណ្ដាជនអ៊ីស្លាមវិញ គេចាត់ទុកថា ភាពយន្ត «ចរិកស្លូតបូតនៃមូស្លីម (Innocence of Muslims)»នេះ ថាបានប្រមាថទៅដល់និមិត្តរូបដ៏សំខាន់ របស់ពួកគេ។ ពួកគេបានបញ្ចេញកំហឹង យ៉ាងហឹង្សា ដោយបានដើរដុតកម្ទេច និងបំផ្លាញនូវរាល់ផលប្រយោជន៍ របស់បស្ចឹមលោក ជាពិសេសរបស់សហរដ្ឋអាមេរិក។ សឹងតែពេញមួយខែកញ្ញាកន្លងទៅ កូដកម្មបានសម្លាប់ មន្ត្រីការទូតអាមេរិកាំងជាច្រើននាក់ ក្នុងនោះមានឯកអគ្គរដ្ឋទូតម្នាក់ផង ប្រចាំនៅប្រទេសលីប៊ី។
- ជ្រួលច្របល់នឹង ចង្វាក់រាំរបស់អ្នកចម្រៀងកូរ៉េខាងត្បូង ជាមួយនឹងបទចម្រៀង «Gangnam style»។ តើនរណានឹកស្មានដល់ ថាចង្វាក់រាំចម្លែកៗ របស់អ្នកចម្រៀងព្សាយ (Psy) ច្រៀងនិងរាំ យកត្រាប់តាមរបៀបជិះសេះ និងតាមជីវភាពរបស់សង្កាត់អ្នកធូធារមួយ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានក្លាយជាជោគជ័យប្រចាំឆ្នាំយ៉ាងសម្បើម និងរីកសុសសាយពាសពេញ ទាំងពិភពលោកនោះ? ក្នុងពេលនេះ ចម្រៀងនេះ នៅតែជាទីពេញនិយមនៅឡើយ សម្រាប់មនុស្សទូទៅ ដែលចង់ច្រៀង និងរាំតាម។ តែមនុស្សជាច្រើនផ្សេងទៀត ក៏នៅតែយកចម្រៀងនេះ ទៅធ្វើត្រាប់តាម និងខ្លះទៀត បានយកទៅបន្ថែមបន្ថយ ធ្វើសារជាថ្មី ទៅតាមចំណងចំណូលចិត្តរបស់គេរៀងៗខ្លួន។ មកដល់ម៉ោងនេះ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប ចម្រៀងដ៏ល្បីតែមួយគត់លើលោក បានទទួលការចុចចូលទៅមើល ប្រមាណជាជាង «១ ០៥៨ ៧៣២ ៧៤០» ដងហើយ៕
-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ