ជន​សង្ស័យ​កាប់​ជន​រងគ្រោះ​ជា​ដុំៗ នៅ​កាណាដា ប្រកែក​ថា​គ្មាន​ទោស

ជនជាប់ចោទជនជាតិកាណាដា ដែលបានធ្វើអោយផ្អើល ពេញពិភពលោក ថាបានកាត់ជាដុំៗ នូវសាកសពរបស់ជនរងគ្រោះ ដែលថាជនជាប់ចោទ​បានសំលាប់នោះ បានប្រកែកថាមិនមានទោសកំហុស នៅពេលសាវនាការ បានធ្វើក្នុងជំហ៊ានដំបូងមួយ ប្រមាណជា៣នាទីប៉ុណ្ណោះ កាលពីថ្ងៃអង្គារទី១៩មិថុនាកន្លងទៅ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លុកា រ៉ូកូ ម៉ាញ៉ូតា (Luka Rocco Magnotta) ត្រូវបានសមត្ថកិច្ចរបស់ ប្រទេសកាណាដា ចោទថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មមួយ យ៉ាងសាហាវ ទៅលើនិស្សិត ជនជាតិចិនម្នាក់។ មេធាវីរបស់លោក បានសុំអោយប្រព័ន្ធ​ច្បាប់​ របស់ប្រទេសនេះ ពិនិត្យទៅលើសុខភាពផ្លូវចិត្ត របស់ លោក ជាមុនសិន។


ជនជាប់ចោទ លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដ X មួយរូប។

លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដស្រាត វ័យ២៩ឆ្នាំមួយរូប ដែលនគរបាលរបស់ទីក្រុងម៉ុងរ៉េអាល់ ប្រទេស​កាណាដា បានស្វែងរកចាប់ខ្លួន កាលពីប៉ុន្មានសប្ដាហ៍មុន ហើយបានសុំអោយនគរបាលអន្តរជាតិ (Interpol) អោយជួយបន្តស្វែងរក ខណៈពេលគេដឹងថា ជនជាប់ចោទនេះ  បានចេញពីប្រទេសកាណាដា ហើយ​បាន​ចូលមកស្នាក់នៅ ក្នុងប្រទេសមួយ ចំនួននៅអ៊ឺរ៉ុប។ បទបញ្ជាអោយចាប់ខ្លួន ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របសអ៊ឺរ៉ុប ជាពិសេសក្នុងប្រទេសបារាំង និងអាឡឺម៉ង បានផ្សាយយ៉ាងកងរំពង ដោយ​ភ្ជាប់រួម​ជា​មួយ​នឹង​ឯកសារឧក្រិដ្ឋកម្ម ដែលខាងនគរបាល បានចោទដាក់បន្ទុកលើ លុកា ម៉ាញ៉ូតា នោះផង។ នៅលើប្រព័ន្ធអាងទើណែត ជនជាប់ចោទ ត្រូវបានគេស្គាល់ថា ជាអ្នកដែលចូលចិត្ត ប្រព្រឹត្តអំពើហឹង្សា ឈាម​ស្រស់ ដូចក្នុងរឿងមួយ ដែលបានផ្សាយពីការសម្លាប់ឆ្មាររបស់ខ្លួន ក្នុងខ្សែរវីដេអូជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារទី២៩ឧសភាកន្លងមក ប្រអប់មួយ ដែលមានជើងមនុស្សនៅក្នុងនោះ ត្រូវ​បាន​ផ្ញើរតាម ប្រៃសណីយិ៍ ទៅការិយាល័យកណ្ដាល នៃគណបក្សអភិរក្សនិយមរបស់កាណាដា។ ហើយ​ពេល​ដំណាលគ្នានោះ ការិយាល័យប្រៃសណីយ៍ក៏បានទទួល ប្រអប់ដូចគ្នាមួយទៀតដែលក្នុងនោះ មានដៃ​មួយ​ចំហៀង តំរូវអោយផ្ញើរ ទៅអោយ គណបក្សមួយផ្សេងទៀត ខណៈដងខ្លួនរបស់មនុស្សប្រុស មួយកំណាត់ ដែលកាត់ជាកង់ៗ ត្រូវបានខាងនគរបាលរក ឃើញ ក្នុងហិបមួយលើគំនរសំរាម។ នគរបាលនៃទីក្រុង​ម៉ុងរ៉េអាល គិតថា រាល់ចំរៀកទាំងនេះ ជាផ្នែកនៃដងខ្លួន របស់ជន រងគ្រោះ ដែលជនជាប់ចោទ​បានសម្លាប់​ហើយ​កាត់។

បន្ទាប់មក នៅថ្ងៃអង្គារទី ៥មិថុនា ដៃនិងជើងមួយចំហៀងទៀត ត្រូវបានផ្ញើរទៅដល់សាលារៀនពីរ នៅ​តំបន់ វ់ាន់ខូវើរ (Vancouver)  ដែលអ្នកស៊ើបអង្កេតបានអះអាងបញ្ជាក់ថា ពិតជាផ្នែករូបរាងកាយ នៃ​ជន​រង​គ្រោះ ជន លីន (Jun Lin) ជា ជនជាតិចិននេះ។ អ្នកស៊ើបអង្កេតបានប្រមើលមើលថា ក្បាលរបស់  ជន លីន (Jun Lin)​ អាចនឹងត្រូវឃតករ ផ្ញើរទៅចិន ដែលជាស្រុកកំណើតដើម របស់ជនរងគ្រោះ។


ជន លីន ជានិស្សិតរងគ្រោះជនជាតិចិន ហើយប្រហែលជាមានទំនាក់ទំនងស្នេហា ភេទតែមួយជាមួយនឹង ជនសង្ស័យ។

ឈុតឆាក មានលក្ខណៈអមនុស្សធម៌ពន់ប្រមាណ

ការអង្កេតរបស់នគរបាលបាននាំទៅស្គាល់ នូវបន្ទប់ស្នាក់នៅ ដែលធ្លាប់ជួលដោយ លុកា រ៉ូកូ ម៉ាញ៉ូតា នៅ​ក្នុង​សង្កាត់ដែល ហិបផ្ទុកដងខ្លួនជនរងគ្រោះ ត្រូវបានរកឃើញ។ អ្នកស្នាក់នៅ គ្មានវត្តមាននៅទីនោះទេ តែ​នៅក្នុងផ្ទះ មានសភាពរញ៉េរញ៉ៃ និងគ្មានសណ្ដាប់ធ្នាប់។ អ្នកជិតខាងម្នាក់ បានធ្លោយមាត់ ពីក្លិនចេញពី​បន្ទប់​ស្នាក់នៅនោះ ដែលប្រៀបដូចជាបីសាច អសុរកាយដូច្នេះ។ អ្នកស៊ើបអង្កេត ក៏បានរកឃើញនៅក្នុងផ្ទះ នូវ​ក្លិន​ដ៏ស្អុយអាសោច និងគ្រែពូកដឹតដាមទៅដោយឈាម ហាក់បីដូចជាធ្លាប់ មានសត្វឬមនុស្សស្លាប់នៅ​ទី​នោះ​អញ្ចឹង។

នៅមុនហ្នឹងបន្ដិច គឺនៅថ្ងៃទី ២៥ឧសភា ខ្សែរវីដេអូមួយ ត្រូវបានគេឃើញ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលបាន បង្ហាញរួបភាពគួរអោយរន្ធត់ ពីរបៀបកាត់ជាកំណាត់ៗ ទៅលើរូបរាងកាយរបស់ជនរងគ្រោះ ចុក​មាត់ និងមានក្រណាត់ បិតភ្នែកជិត។ នៅក្នុងវីដេអូ ដែលមានរយះពេល ១០នាទី៤៥នោះ គេឃើញជន​រង​គ្រោះ ត្រូវបានគេចងឆ្កាងដៃជើង ទៅនឹង ជ្រុងទាំង៤ របស់គ្រែ ហើយនៅកំរើកតិចៗនៅឡើយ នៅពេល​ដំបូង។ ជនកំណាចនៅក្នុងវីដេអូ បានយកព្រនង់មកសំពង ជាច្រើនដង ទៅលើជនរងគ្រោះ មុននឹង​ចាប់​ផ្ដើម អារជាចំរៀកៗ ផ្នែកផ្សេងៗនៃរូបរាងកាយ និងអារក។

ខ្សែរវីដេអូទាំងនេះ នៅមិនទាន់បានរាប់ និងមិនទាន់បាននិយាយអំពីខ្សែរវីដេអូផ្សេងទៀត ដែល​និយាយ​ពី​ទំនាក់ទំនងផ្លូវ ភេទ និងការធ្វើទារុណកម្មទៅលើកូនឆ្មារតូច ដែលអ្នកស៊ើបអង្កេតនិយាយថា បានជាប់​ទាក់​ទងនឹងជនសង្ស័យផងទេ។

ដំណើរយាត្រាចររបស់ជនសង្ស័យ បានបញ្ចប់នៅប៊ែលឡាំង

ខណៈដែលប្រអប់ដែលមានផ្ទុក ផ្នែកនៃរូបរាងកាយ របស់ជនរងគ្រោះ កំពុងតែផ្ញើរតាមប្រៃសណីយិ៍ ហើយ​នឹងបានទទួល ជាបន្ដបន្ទាប់ យ៉ាងភ្ញាក់ផ្អើលនោះ ខាងកងកំលាំងនគរបាលឯណេះ ក៏កំពុងតែតាមប្រមាញ់ ដេញតាមរកជនសង្ស័យ មិន​ឈប់ឈរ នៅប្រទេសកាណាដា និងនៅ ១៦០ប្រទេសផ្សេងទៀតក្នុង​ពិភពលោក។

តែគេក៏បានដឹងយ៉ាងច្បាស់ដែរថា ជនសង្ស័យ លុកា រ៉ូកូ ម៉ាញ៉ូតា បានចេញពីប្រទេសកាណា​ តាំងពីថ្ងៃទី​២៦​ឧសភាមកម្លេះ ហើយបានមកស្នាក់  នៅក្នុង និងនៅជុំវិញទីក្រុងប៉ារីស របស់បារាំង មុននឹងជិះរថយន្ដក្រុង នៅថ្ងៃទី១មិថុនា ទៅស្នាក់ នៅបន្ត​នៅទីក្រុងប៊ែកឡាំងរបស់អាឡឺម៉ង់។ គឺនៅថ្ងៃច័ន្ទទី៤មិថុនា បន្ទាប់មក ដែល​ជនសង្ស័យដ៏មានគ្រោះថ្នាក់មួយនេះ ត្រូវបាននគរបាលអាឡឺម៉ង់ ចាប់ខ្លួន ខណៈបានចូលទៅក្នុង ហាងជួលអាំងទើណែតប្រើប្រាស់មួយកន្លែង ហើយម្ចាស់ ហាងបានទូរស័ព្ទប្រាប់នគរបាល។

អ្នកនាំពាក្យរបស់នគរបាលអាឡឺម៉ង់ បាននិយាយបញ្ជាក់អះអាងពីការចាប់ខ្លួននេះ ហើយថា លុកា រ៉ូកូ ម៉ាញ៉ូតា មិនបាន ប្រកែកពីការចាប់បញ្ជូនខ្លួនទៅកាណាដាទេ។ ដើម្បីឆ្លើយតបនឹងសំណើររបស់​អាជ្ញាធរ​កាណាដា ការចាប់បញ្ជូនខ្លួនរបស់ លុកា រ៉ូកូ ម៉ាញ៉ូតា នឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខនេះ។

ចិនប្រតិកម្ម

មុនការចាប់ខ្លួនជនសង្ស័យ របស់នគរបាលអាឡឺម៉ង នៅប៊ែលឡាំង នោះបន្តិច ប្រទេសចិន បានស្នើអោយ​មានការចាប់ ខ្លួន ឃតករដៃដល់ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន បានចេញសេចក្ដី ប្រកាសមួយថា «ជនរងគ្រោះជានិស្សិតជនជាតិចិន [...] ទិដ្ឋភាព និងការទទួលយក ដែលកើតចេញពីឧក្រិដ្ខកម្មនេះ ពិតជាមានសភាពគួរអោយតក់ស្លុតណាស់ ហើយយើងមានការរន្ធត់ចិត្ត​ជា​ទីបំផុត។»


លុកា រ៉ូកូ ម៉ាញ៉ូតា នៅពេលចាប់បញ្ចូនខ្លួន ហើយបានចុះទៅដល់ប្រលានយន្ដហោះទីក្រុងម៉ុងរ៉េអាល់។

តុលាការអាឡឺម៉ង់ បានសំរេច អោយមានការចាប់បញ្ជូនខ្លួនរបស់ លុកា រ៉ូកូ ម៉ាញ៉ូតា នៅថ្ងៃទី១៨មិថុនា តាម​ជើងយន្ដហោះ មួយ ចេញពីប៊ែកឡាំង ដោយមានការអបការពារ ពីសំណាក់នគរបាល់កាណាដាផង។ ពេល​បានមកដល់ប្រទេសកាណាដា សាវនាកាលើកដំបូងមួយ បានរៀបចំបើកធ្វើនៅថ្ងៃទី១៩មិថុនានេះភ្លាម ដើម្បី​ប្រកាសពីការដាក់បន្ទុកទោស ដោយរដ្ឋអាជ្ញា របស់ប្រទេសកាណាដា។ លោករដ្ឋអាជ្ញា ល្វី ប៊ូទីលីយ៉េ (Louis Bouthillier) បានពន្យល់ថា លុកា រ៉ូកូ ម៉ាញ៉ូតា នឹងត្រូវ តុលាការកាត់ទោសពីបទ «ឃតកម្ម​ដ៏​សាហាវ​ជាង​គេ» ហើយមានបន្ទុកបន្ទាប់បន្សំផ្សេងៗទៀត ជាច្រើន៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...