ចន្នី ដេប បានបែកពី វ៉ានេស្សា ប៉ារ៉ាឌី ហើយ
ទីភ្នាក់ងារសារពត៌មាន រ៉័យទ័របានចេញផ្សាយអោយដឹងថា តារាភាពយន្ដអាមេរិកាំង របស់ហូលីវូដ ចន្នី ដេប (Johnny Depp) បានលែងលះគ្នា ជាមួយនឹងគូរកំណាន់ គឺនាង វ៉ានេស្សា ប៉ារ៉ាឌី តាមរយះការសំរុះសំរួលគ្នាមួយ។ អ្នកដែលបានផ្សាយ រឿងលែងលះនេះចេញជាផ្លូវការ គឺលោក រ៉ូបាំង ប៊ូម (Robin Baum) ដែលជា ភ្នាក់ងារ ចាត់ចែងផ្ទាល់ របស់តារាភាពយន្ត ចន្នី ដេប។
លោក ចន្នី ដេប និងនាង វ៉ានេស្សា ប៉ារ៉ាឌី
ចន្នី ដេប (Johnny Depp) បច្ចុប្បន្នអាយុ ៤៩ឆ្នាំ គឺជាកំពូលតារាភាពយន្ដមួយរូប របស់ហូលីរូដ ដែលបានសំដែងក្នុងខ្សែរ ភាពយន្ដជាច្រើន ហើយរឿងដែលល្បីជាងគេ និងត្រូវបានគេស្គាល់ជាងគេ គឺរឿង «មហាចោរនៅសមុទ្រការ៉ាអ៊ីប»។ ហើយនាង វ៉ានេស្សា ប៉ារ៉ាឌី បច្ចុប្បន្នអាយុ ៣៩ឆ្នាំ ជាតារាចំរៀងដ៏ល្បីរបស់បារាំង ដែលនៅកម្ពុជា គេស្គាល់នាងតាមរយះ បទ ហ្សូ លើ តាស៊ី (Joe le Taxi) ដែលបានចាក់ផ្សាយ តាមទូរទស្សន៍បារាំង ក្នុងអំឡុងឆ្នាំ ៩០។ អ្នកទាំងពីរបាន ជួបគ្នា ហើយចាប់ចិត្តប្រតិព័ទ្ធ លើគ្នា ដោយបានរួមរស់ជាមួយគ្នា តាំងតែពី ឆ្នាំ១៩៩៨មកម្លេះ រហូតមានបុត្រ២នាក់ ទៀតផង។ កូនស្រីច្បងឈ្មោះ លីលី រូស អាយុ១៣ឆ្នាំ និងកូនប្អូន ឈ្មោះ ច្ចាក អាយុ ៩ឆ្នាំ។
ការលែងលះគ្នារវាងតារាពិភពលោកទាំងពីរ បានប្រកាសដោយ លោក រ៉ូបាំង ប៊ូម កាលពីថ្ងៃអង្គារទី១៩មិថុនាម្សិលមិញ។ លោក រ៉ូបាំង ប៊ូម មិនបានបញ្ជាក់ពីមូលហេតុនៃការលែងលះ នេះទេ ដោយគ្រាន់តែសសេរយ៉ាងខ្លី នៅក្នុងសេចក្ដីប្រកាស មួយ ដូច្នេះថា «ចន្នី ដេប និង វ៉ានេស្សា ប៉ារ៉ាឌី បានលែងលះគ្នាដោយការសំរុះសំរួលគ្នា។ សូមមេត្តាយោគយល់ គោរព ទៅជីរិតឯកជនរបស់ អ្នកទាំងពីរ ហើយអ្វីដែលសំខាន់បំផុត ហើយជីវិតឯកជនរបស់កូនៗ របស់អ្នកទាំងពីរ។»
មានដំណឹងលេចលឺ តាំងពីច្រើនខែមកហើយ ពីការបែកបាក់របស់ តារាទាំងពីរ តែនាង វ៉ានេស្សា ប៉ារ៉ាឌី បានឆ្លើយបដិសេធ នៅក្នុងកិច្ចសម្ភាស របស់ស្ថានីយទូរទស្សន៍បារាំងថា ពាក្យចចាមអារាមទាំងនេះ មិនមានភាពពិតប្រាកដទេ។ រួមរស់ជា មួយគ្នា តាំងតែពីជាង ១៤ឆ្នាំមកហើយ ចន្នី ដេប និងនាង វ៉ានេស្សា ប៉ារ៉ាឌី បានលាក់យ៉ាងជិតជាទីបំផុត អ្វីៗដែលទាក់ទង នឹងជីវិតឯកជនរបស់អ្នកទាំងពីរ។ ទស្សនាវដ្ដី ឬកាសែតទាំងឡាយ បានចុះផ្សាយពីខ្សែរជីវិតឯកជន របស់អ្នកទាំងពីរ យ៉ាង តិចតួចស្ដួចស្ដើងជាទីបំផុត ឬបើបានជាចុះផ្សាយវិញ គឺសុទ្ធតែជារឿងល្អៗ មិនសូវមានរឿងអាស្រូវ ឬក៏ជំលោះទាស់ទែងអ្វី នោះទេ រហូតគេបានអោយចំណាត់ថ្នាក់ ទៅដៃគូរនេះថា ជាគូរកំណាន់ ដែលរស់នៅជាមួយគ្នា បានសុខស្រួលយូរជាងគេ នៅហូលីរូដ។
ទើ់បតែមួយឆ្នាំចុងក្រោយនេះ ដែលគេបានសង្កេតឃើញ ពីអ្នកទាំងពីរ ដែលមិនបាន ចេញដើរជាមួយគ្នាទៀត សូម្បីតែ នៅក្នុងកម្មវិធី ធំៗសំរាប់ទទួលពួកតារាៗនោះក៏ដោយ។ ថ្ងៃដែលគេឃើញ តារាទាំងពីរ នៅជាមួយគ្នាចុងក្រោយគេបំផុត គឺនៅក្នុងអំឡុង ខែកុម្ភះ ឆ្នាំ២០១១ ដែលកាលនោះ ជាកម្មវិធីសំដែង ចំរៀងរបស់ វ៉ានេស្សា ប៉ារ៉ាឌី៕
---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ