បំផ្ទុះគ្រាប់បែកស្វាគមន៍ខួបបីឆ្នាំ នៃរដ្ឋប្រហារនៅថៃ
ការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី២២ ខែឧសភា នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកកង ប្រទេសថៃ បានធ្វើឲ្យមនុស្ស២៥នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ។ មេបញ្ជាការកងទ័ពថៃ លោក «Chalermchai Sitthisat» បានថ្លែងតាមសារព័ត៌មាន «Bangkok Post» ថា៖ «បើទោះជា នៅក្នុងពេលសង្គ្រាមក៏ដោយ ក៏បណ្ដាមន្ទីរពេទ្យ មិនត្រូវបានយកជាទិសដៅ នៃការវាយប្រហារនោះទេ»។
សារព័ត៌មានដដែល បានសរសេរបន្តថា៖ «ការសង្ស័យពី ហេតុផលនយោបាយ ឬជាប្រតិបត្តិការ នៃក្រុមនិយមបំបែកទឹកដី នៅផ្នែកខាងត្បូង នៃប្រទេសថៃ គឺជាការសង្ស័យដ៏ខ្លាំងជាងគេ របស់ក្រុមអាជ្ញាធរ»។
ការវាយប្រហារនេះ បានធ្វើឡើង ចំថ្ងៃខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាន ដើម្បីទម្លាក់រដ្ឋាភិបាលថៃ ដែលកើតចេញពីការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៤។ [...]