ថៃ៖ ចាប់ផ្ដើមប្រកួត យកឯកត្តកម្ម«ខាងថើបគ្នា»បានយូជាងគេ (វីដេអូ)
បណ្ដាជនថៃ ចំនួន៩គូរ បានចាប់តាំងពីថ្ងៃអង្គារទី១២ខែកុម្ភះមក ការប្រកួតប្រលងប្រណាំង យ៉ាងពិសេសមួយ ដែលនឹងអាចដណ្ដើមយក ឯកត្តកម្មពិភពលោក ខាង«ថើបជញ្ជក់គ្នា» បានយូរជាងគេ។ ជាកម្មវិធីមួយ សម្រាប់ចូលរួមជាមួយបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤ខែកុម្ភះ។
កម្មវិធី ដណ្ដើមឯកត្តកម្មពិភពលោក ខាង«ថើបជញ្ជក់គ្នា» បានចាប់ផ្ដើមហើយ។
អ្នកដែលអាចបំបែកឯកត្តកម្មនេះបាន ត្រូវថើបជញ្ជាក់មាត់គ្នាជាប់រហូត យ៉ាងហោចណាស់ដល់ទៅ៥០ម៉ោង២៥នាទី និងមួយវិនាទី ដោយមិនបានដាក់មាត់ចេញពីគ្នា សូម្បីបន្តិចឡើយ។ កាលពីឆ្នាំមុន អ្នកដែលឈ្នះក្នុងការ«ថើបជញ្ជាក់មាត់គ្នា» បានយូរជាងគេនេះ ជាយុវជនស្រឡាញ់ភេទដូចគ្នាពីរនាក់ ហើយបានដាក់តំណែងរបស់ខ្លួន ទៅក្នុងការប្រកួតនេះ ដើម្បីចូលរួមប្រកួតឡើងវិញ ក្នុងការដណ្ដើមយកឯកត្តកម្មនេះ ដែលរៀបចំដោយសារមន្ទីមួយ នៅប៉ាតាយ៉ា (Pattaya) ផ្នែកខាងត្បូងនៃប្រទេសថៃ។
ដៃគូរមួយនោះ បានចូលរួមប្រកួតនេះ ដើម្បីប្រារព្ធខួបប្រាំឆ្នាំ នៃអាពាហ៍ពីពាហ៍របស់ពួកគេ។ តែពួកគេបានបោះបង់ចោល នៅពេលការប្រកួតចាប់ផ្ដើម បានតែមួយម៉ោងប៉ុណ្ណោះ។ អនុប្រធានសារមន្ទីលោក ស៊ុមពន ណាកស៊ូអេត្រង (Somporn Naksuetrong) និយាយប្រាប់អ្នកសារព័ត៌មានថា «ពួកគាត់បានបោះបង់ចោល ការប្រកួត នៅប្រហែលជាមួយម៉ោងក្រោយមក។ ជាលើកទីមួយដែល មានមនុស្សចាស់បែបនេះ មកចូលរួមប្រកួត។» លោកមានសង្ឃឹមថា ក្នុងឆ្នាំនេះ នឹងមានអ្នកដណ្ដើមឯកត្តកម្ម បានទៀតជាពុំខាន។
អ្នកចូលរួម ដែលមានខ្លះចាំបាច់ត្រូវឡើងឈរលើប្រអប់មួយ ដើម្បីអោយមានកំពស់ ស្មើនឹងដៃគូររបស់ខ្លួននោះ មិនមានសិទ្ធិអង្គុយ ហើយត្រូវថើបជញ្ជាក់មាត់គ្នាមិនលែង បើសូម្បីតែជញ្ជាក់ទឹក ឬទឹកដោះគោ ជាមួយនឹងទុយ៉ោបឺតនោះ ក៏មិនបានដែរ។
អ្នកនាំពាក្យម្នាក់ របស់កម្មវិធី បាននិយាយថា «បើចូលបង្គន់ ពួកគាត់ត្រូវតែបន្តថើបគ្នាជាប់រហូត»។ វិញ្ញាសារនេះ ត្រូវបានអ្នករៀបចំបង្ហាញពីមោទនភាព ពីកម្រិតនៃការស្រឡាញ់គ្នាដល់កំពូល របស់គូរស្នេហាទាំងនេះ។ «ពួកគាត់មិនអាចធ្វើយ៉ាងដូច្នេះបានទេ បើពួកគាត់មិនស្រឡាញ់គ្នាដល់កំពូលនោះ។ ការបូជារបស់គាត់ ក្នុងការធ្វើបែបនេះ គឺមានន័យសម្បើមណាស់។»
យើងនឹងតាមដាន រកអ្នកដណ្ដើមឯកត្តកម្មចុងក្រោយ ដែលអាចនឹងឈ្នះពីកម្មវិធីនេះ មកជម្រាបលោកអ្នកក្នុងអត្ថបទក្រោយ៕
សូមអញ្ចើញទស្សនាវីដេអូ ខាងក្រោម៖
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ១៤ ខែកម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ