គ.ជ.ប. ទទួលយក​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានលើកឡើងថា មានការពិភាក្សាគ្នាច្រើន លើការបង្កើត គណៈកម្មការជ្រើសរើស គណៈកម្មការបោះឆ្នោតថ្នាក់ ក្រោមមានជាអាទិ៍នៅ ថ្នាក់ខេត្ត ស្រុក ឃុំនិងសង្កាត់ និងការកំណត់ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ លោកបន្តថា «ស្នើឲ្យមានការទទួលពិនិត្យ ក្នុងក្របខ័ណ្ឌច្បាប់» នូវរាល់សំណើរដែលបានដាក់ជូនដោយសង្គមស៊ីវិល។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសង្គមស៊ីវិលចំនួនប្រាំ បានធ្វើសន្និសិទកាសែត ស្តីពីការដាក់បញ្ចូលអនុសាសន៍ របស់សង្គមស៊ីវិល ចំនួន១៦ចំណុច និងអនុសាសន៍ មួយចំនួនរបស់ស្ថាប័នសាធារណៈមួយចំនួនទៀត នារសៀលថ្ងៃទី១៣ ខែកុម្ភៈ។


សន្និសិទកាសែត របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនប្រាំ កាលពីថ្ងៃពុធទី១៣ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បាន​លើកឡើងថា មានការពិភាក្សាគ្នាច្រើន លើការបង្កើត គណៈកម្មការជ្រើសរើស គណៈកម្មការបោះឆ្នោតថ្នាក់ ក្រោមមានជា​អាទិ៍នៅ ថ្នាក់ខេត្ត ស្រុក ឃុំនិងសង្កាត់ និងការកំណត់ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ លោកបន្តថា «ស្នើឲ្យមាន​ការទទួលពិនិត្យ ក្នុងក្របខ័ណ្ឌច្បាប់» នូវរាល់សំណើរដែលបានដាក់ជូនដោយសង្គមស៊ីវិល។

លោក គល់ បញ្ញា បានបញ្ជាក់ថា ចំពោះអនុសាសន៍ទាំងដប់ប្រាំមួយចំណុចនេះ មានការគាំទ្រដោយតំណាងគណៈបក្ស និងអង្គការសង្គមស៊ីវិលចំនួនដប់ពីរ ដើម្បីដាក់ជូនគជបធ្វើការពិនិត្យ និងអនុម័តទទួលយក។ លោកបន្ថែមថា ការបើក​សន្និសិទនេះ ដោយសារកាលពីព្រឹកថ្ងៃទី១៣ នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានជួបពិភាក្សាគ្នា​ជាលើកដំបូងជាមួយ មន្ដ្រីមកពីស្ថាប័នព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ មន្ត្រីនៃក្រសួងមហាផ្ទៃ និង​មកពីអង្គការឃ្លាំមើលការបោះឆ្នោត។ «យើងមានការជជែកគ្នាច្រើន អំពីរឿងកន្លែងសាធារណៈមួយចំនួន ទទួលការ​រើស​អើង។ យើងឲ្យយោបល់ទៅគជបថា នៅក្នុងបទបញ្ជាហ្នឹងគួរតែមានការនិយាយ ឲ្យច្បាស់អំពីបញ្ហាគណបក្សនយោបាយ ចូលរួមធ្វើការឃោសនា។»

លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បញ្ជាក់ថា ចំពោះអនុសាសន៍ទាំងដប់ប្រាំមួយចំណុចនេះ ជា​ចំណុចគន្លឹះ និងសំខាន់ ដែលបញ្ជាក់អំពី ឯករាជ្យភាព នឹងជួយពង្រឹងដល់ស្ថាប័ន គជប ប្រសិនបើស្ថាប័នមួយនេះ​ទទួល​យក។ លោកបន្តថា ទោះបីជាមិនបានកែសម្រួល គជប ថ្នាក់ជាតិក៏ដោយ ក៏អាចធ្វើការកែសម្រួល ថ្នាក់ក្រោមជាតិ​បាន​ដែរ។

«ក្នុងចំណោមអនុសាសន៍ទាំងនោះ រួមមានការបង្កើតគណៈកម្មការជ្រើសរើសនិង ត្រួតពិនិត្យការតែងតាំងសមាជិក​បោះ​ឆ្នោតនៅមូលដ្ឋាន ការរៀបចំយន្តការឃោសនាបោះឆ្នោតតាមទីប្រជុំជននិងទីសាធារណៈ ការប្រើប្រាស់ស្លាកសញ្ញា​គណបក្សនិងឧបករណ៍ឃោសនា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ការពង្រឹងអព្យាក្រិតភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការជាដើម។»

ឆ្លើយតបលើអនុសាសន៍នេះ លោកទេព នីថា អគ្គលេខាធិការគជប បញ្ជាក់ថា ពិតជាបានឯកភាពមែន។ តែការ​ឯកភាព​នេះទៅលើចំណុច នៃការកែសម្រួលលើពាក្យពេចន៍ប៉ុណ្ណោះ រីឯអនុសាសន៍ ដែលមានចរិតលក្ខណៈ​ជា​នយោបាយ និង​មិនស្របតាមគោលការណ៍ច្បាប់ មិនអាចទទួលយកបានឡើយ។ លោកថា «ករណីខ្លះស្នើសុំមក វាមិនត្រឹមត្រូវតាមច្បាប់ គជប មិនអាចធ្វើតាមបានទេ។ ដូចជាឧទាហរណ៍ គាត់ឲ្យបង្កើតគណៈកម្មាធិការជ្រើសរើស គណៈកម្មាធិការ បោះឆ្នោត​នៅថ្នាក់ខេត្ត ដោយមានគណបក្សនយោបាយ ដែលមានអសនៈនៅសភាចូលរួម។ ច្បាប់ឥតមានឲ្យធ្វើអីចឹងទេ។ ច្បាប់​ប្រគល់ការងារហ្នឹង ឲ្យគជប។ គជប ឥតមានសិទ្ធិទៅបង្កើតគណៈកម្មាធិការមួយ ដែលមានគណបក្សនយោបាយអី ទៅ​ជ្រើសរើសនោះទេ វាផ្ទុយនឹងច្បាប់។»

លោកទេព នីថា បន្តថាកិច្ចប្រជុំជាមួយបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នឹងត្រូវលើកទៅធ្វើនៅពេល​ក្រោយ​ជាបន្ត​ទៀត ដោយមិនបានកំណត់ពេលវេលាជាក់លាក់ថានៅពេលណានោះទេ។

កន្លងមក ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ពិសេសអង្គការឃ្លាំមើលការបោះឆ្នោត បានធ្វើការរិះគន់ចំពោះ​វិធានការ រៀបចំការបោះឆ្នោតរបស់ គជប ដែលបានផ្តល់ផលចំណេញដល់គណបក្សកាន់អំណាច ជាងនេះទៅទៀតនោះ ដោយបានបញ្ជូលសមាជិក ក្នុងអង្គរៀបចំការបោះឆ្នោត ចេញមកពីអ្នកដែលគាំទ្រដល់បក្សកាន់អំណាច។

សូមបញ្ជាក់ថា ការបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៥ ឆ្នាំ២០១៣សំរាប់ប្រទេសកម្ពុជា នឹងនឹងប្រព្រេត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...