គណបក្សប្រជាជនថា ការធ្វើបាតុកម្មរបស់បក្សប្រឆាំង «បំពាន»រដ្ឋធម្មនុញ្ញ
បន្ទាប់ពីសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ខែសីហា របស់គណបក្សសង្គ្រោះជាតិ ស្ដីពីការរៀបចំធ្វើបាតុកម្ម នៅថ្ងៃទី០៧ខែកញ្ញាខាងមុខ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនោះ នៅថ្ងៃទី២៩ខែសីហានេះ ជាវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចម្ដង ដែលបានហៅការរៀបចំបាតុកម្មនេះ ថាខុសរដ្ឋធម្មនុញ្ញ និងមានចេតនាបំផ្លាញការបោះឆ្នោតមួយ ដែលសាធារណមតិជាតិ និងអន្តរជាតិវាយតម្លៃថា«ត្រឹមត្រូវ»។
ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO)
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៩ខែសីហានេះ បានចាត់ទុកថា «ភាពមិនប្រក្រតី»នៃការបោះឆ្នោត ដែលជាអំណះអំណាងដែលគណបក្សសង្គ្រោះជាតិ ថ្លែងយោងដើម្បីធ្វើបាតុកម្មនោះ ថាជា«លេស»មួយ។ គណបក្សកាន់អំណាច បានចោទគណបក្សប្រឆាំង ថាការប្រកាសធ្វើបាតុកម្មនេះ បានរំលោភលើមាត្រា ១៣៦ថ្មី ត្រង់ជំពូកទី១២ថ្មី នៃរដ្ឋធម្មនុញ្ញ ដោយមានសរសេរបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះថា «ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិសភា»។
អង្គការជាតិមួយ ដែលធ្វើការសង្កេតការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថា ខុមហ្វ្រែល បានចេញរបាយការណ៍កាលពីថ្ងៃទី២៤ ខែសីហា ថាបានរកឃើញភាពមិនប្រក្រតីជាច្រើន ក្នុងអំឡុង និងនៅក្រោយពេលបោះឆ្នោត។ នាយករបស់អង្គការនោះ លោក គល់ បញ្ញា បានថ្លែងថា៖ «ភាពមិនប្រក្រតីទាំងនេះ អាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត»។
ភាពមិនប្រក្រតីដែលអង្គការ ខុមហ្វ្រែលរកឃើញ រួមមាន ៤៨ ភាគរយក្នុងចំណោម អ្នកដែលអត់បានបោះឆ្នោត បានអះអាងថាពួកគេបានទៅ តែបានជួបឧបស័គ្គមួយចំនួនដូចជា គ្នានឈ្នោះក្នុងបញ្ជីបោះឆ្នោត មានបញ្ហាទាក់ទងនឹងឯកសារបោះឆ្នោត រកទីតាំងបោះឆ្នោតមិនឃើញ ឈ្នោះរបស់ខ្លួនត្រូវបានគេបោះរួចហើយ បញ្ជីប៉ោង មានការដឹកជញ្ជូនមនុស្សឲ្យមកបោះឆ្នោត និងការរកឃើញថាទឹកខ្លៅជ្រលក់ដៃអាចលាងជ្រះជាដើម។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅប្រទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភជុំវិញការរៀបចំធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនេះ តែបាននិយាយថា សិទ្ធិធ្វើបាតុកម្មរបស់ពលរដ្ឋ ក៏ជាសិទ្ធិចេញមតិមានចែង និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញដែរ។ ផ្ទុយទៅវិញរដ្ឋធម្មនុញ្ញមិនបានដាក់កំហិតថា តើត្រូវធ្វើបាតុកម្មនៅពេលណា ឬអាស្រ័យទៅលើបុព្វហេតុអ្វីនោះឡើយ។ លោក ជាង សុខា ប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងតាមទូរស័ព្ទប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅ កាលពីថ្ងៃទី២៨ ខែសីហានេះថា នោះជាសិទ្ធិបាតុកម្ម ដោយស្របច្បាប់។ លោកបានចាត់ទុកការធ្វើមហាបាតុកម្មដោយអហិង្សា វាគ្នានអ្វីចំឡែកទេ សម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ។
ក្រុមអ្នកវិភាគទាំងនោះ បានបន្ថែមថា ការធ្វើបាតុកម្មដោយអហិង្សា ដើម្បីបញ្ចេញនូវមតិយោបល់របស់នរណាម្នាក់ ក្នុងនាមជាពលរដ្ឋ មិនត្រូវបានអាជ្ញាធររារាំងនោះទេ តែផ្ទុយទៅវិញ អាជ្ញាធរត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារបាតុករទាំងនោះ ដើម្បីឲ្យសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ត្រូវបានអនុវត្តន៍ដោយពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ជារឿយៗ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ត្រូវបានអ្នកនយោបាយយកមកបកស្រាយ ដើម្បីបម្រើឲ្យមហិច្ឆតារបស់ក្រុមតែរៀងៗខ្លួន។ ការដែលនិយាយស្ដាប់គ្នាមិនលឺទាំងនេះ ក៏ជាមូលហេតុមួយដែរ ក្នុងការជម្រុញឲ្យមានការចេញមកនិយាយ នៅតាមដងផ្លូវ ឬបាតុកម្ម។ ដូច្នេះដើម្បីជៀសវាង ការជជែកគ្នាតាមបែប«អាតម្លង់ប្រាំពីរសន្តាន»នេះ ក្រុមអ្នកវិភាគបានបន្ថែមថា អ្នកនយោបាយត្រូវតំកល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជៀសជាងផលប្រយោជន៍បក្ស ឬបុគ្គល។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនដដែល បានសរសេរថា គណបក្សប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនជានិច្ចបន្តជួបចរចារ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាដែលនៅសេសសល់ ដោយ«ផ្អែកលើលទ្ធផល»នៃការបោះឆ្នោត។ «លទ្ធផលនៃការបោះឆ្នោត» ដែលគណបក្សសង្គ្រោះជាតិនិយាយថា ជាការរៀបចំឡើងដោយគណបក្សប្រជាជន ដោយមានការចូលរួមឃុបឃិតពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលាងសម្អាតដោយក្រុមប្រឹក្សាធម្មនុញ្ញ៕
--------------------------------------------------------
ដោយៈ ដ. កែវ - ភ្នំពេញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ