សម រង្សី៖ «យើងត្រូវដាស់តឿន គ្នាទៅវិញទៅមក»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 18, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងធានាអះអាងថា គណបក្សរបស់លោកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួម កសាងប្រទេសជាតិ ក្រោយកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ កិច្ចព្រមព្រៀងដ៏ទាន់ហន់មួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបកំពូល ហ៊ុន សែន-សម រង្ស៊ី នៅថ្ងៃនោះ។ លោក សម រង្ស៊ី បានបន្តថា ការចូលរួមនេះ មានការគាំទ្រច្រើនពីបណ្តាប្រជាពលរដ្ឋខ្មែរ និងបរទេស ពិសេសប្រជាពលរដ្ឋខ្មែរក្រៅប្រទេស ដែលមានជំនឿមុតមាំ ទៅលើដំណើរការការងារ របស់គណបក្សសង្គ្រោះជាតិ ដែលអាចអនុវត្តទៅបាន ដោយមានប្រសិទ្ធិភាព និងអាចជួយប្រជាពលរដ្ឋងាយរងគ្រោះ។
ប្រធានគណបក្សដ៏ល្បីឈ្មោះ បានថ្លែងបញ្ជាក់ដូច្នេះថា «ពីមុនយើងគ្មានលទ្ធភាពជួយ តែឥឡូវយើងមានលទ្ធភាពជួយ។ ហើយលទ្ធផលឃើញមាន ជាវិជ្ជមានបណ្តើរៗហើយ។»
ការលើកឡើងខាងលើរបស់លោក សម រង្ស៊ី បានធ្វើនៅចំពោះមុខអ្នកសារព័ត៌មាន នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីលោកបានវិលមកពីក្រៅប្រទេសវិញ។ លោកបានបន្ថែមទៀតថា សហគមន៍អន្តរជាតិ បានលើកទឹកចិត្តដល់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីបានចូលអង្គុយក្នុងរដ្ឋសភា ដែលអាចមានលទ្ធភាពរកដំណោះស្រាយដោយសន្តិវិធី ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកំពុងតែប្រឈមនឹងបញ្ហាជាច្រើននោះ។
ទាក់ទងនឹងសំនួរ ដែលអ្នកសារព័ត៌មានបានសួរថា តើគណបក្សសង្គ្រោះជាតិនឹងធ្វើយ៉ាងណា ចំពោះការគំរាមបោះឆ្នោតទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីតំណែងជាអនុប្រធាននៃរដ្ឋសភា ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះ? លោក សម រង្ស៊ី បានឆ្លើយទាំងទើសទាល់ មិនត្រូវសំនួរ និងយ៉ាងប្រញ៉ាប់ប្រញ៉ាល មុននឹងឡើងរថយន្ដថា៖ «អ្វីដែលត្រឹមត្រូវគឺយើងជំរុញឲ្យបន្ត អ្វីដែលមិនត្រឹមត្រូវ គឺយើងត្រូវដាស់តឿន គ្នាទៅវិញទៅមក»។
សំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងលើកឡើង របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីបើកការដ្ឋាន ស្ពានអាកាសទី៤ (សាលាតិចណូ) កាលពីថ្ងៃទី៩ ខែកញ្ញា ដោយបានព្រមាន លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ ថានឹងប្រមូលតំណាងរាស្ត្រ ពីគណបក្សប្រជាជនកម្ពុជា ឲ្យបោះឆ្នោតទម្លាក់ អនុប្រធានទីមួយ នៃរដ្ឋសភារូបនេះ ប្រសិនណាជាលោក កឹម សុខា ចង់ប្រើយន្ដការសភា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណា ដែលប្រព្រឹត្តអំពើពុករលួយ៕